ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS ប្រគល់មេដាយ និងបណ្ណសរសើរ ជូនសិស្សជ័យលាភី ពីការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (AIMO)

បានផ្សាយចេញ | ០៦ មិថុនា ២០២៦ 180

AIS ប្រគល់មេដាយ និងបណ្ណសរសើរ ជូនសិស្សជ័យលាភី ពីការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (AIMO)

គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំពិធីប្រគល់មេដាយ និងបណ្ណសរសើរ ជូនដល់សិស្សានុសិស្ស ដែលបានចូលរួម និងទទួលបានជ័យលាភី ក្នុងការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (Asia International Mathematical Olympiad – AIMO) វគ្គជម្រុះជុំទី១ ឆ្នាំ២០២៦។

ពិធីនេះបានប្រារព្ធឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដោយមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលយ៉ាងច្រើនកុះករ។

ក្នុងចំណោមសិស្សជ័យលាភីសរុប ១៣០នាក់ មានសិស្ស ១៤នាក់ ទទួលបានមេដាយមាស ៣៩នាក់ ទទួលបានមេដាយប្រាក់ និង ៧៧នាក់ ទទួលបានមេដាយសំរឹទ្ធ ខណៈសិស្សចំនួន ១២៧នាក់ទៀត ទទួលបានបណ្ណសរសើរការចូលរួមប្រកួត។

លោក ឡេង សុខអេង នាយកចាងហ្វាង សាខាចោមចៅ បានមានប្រសាសន៍ថា សិស្សដែលទទួលបានមេដាយក្នុងវគ្គជម្រុះជុំទី១ នេះ នឹងមានសិទ្ធិបន្តចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី AIMO ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅដើមខែសីហាខាងមុខ។

ក្នុងឱកាសនោះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាល ដែលបានឆ្លៀតពេលវេលាមានតម្លៃ អញ្ជើញចូលរួម និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្ស។ លោកស្រីបានបញ្ជាក់ថា វត្តមានរបស់លោក លោកស្រី គឺជាកម្លាំងជំរុញដ៏មានអត្ថន័យ ដែលជួយឱ្យសិស្សបន្តខិតខំប្រឹងប្រែងលើផ្លូវសិក្សា ដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត។


លោកស្រីបានបន្ថែមថា នៅក្នុងសតវត្សរ៍ទី២១ ដែលពិភពលោកកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) គណិតវិទ្យាមានតួនាទីសំខាន់ខ្លាំង។ បច្ចេកវិទ្យាទំនើបជាច្រើន ដូចជា AI, Machine Learning, Data Science, Robotics និង Cybersecurity សុទ្ធតែមានមូលដ្ឋានគ្រឹះពីគណិតវិទ្យា។ ដូច្នេះ ការចូលរួមប្រកួត AIMO មិនមែនមានន័យត្រឹមតែការប្រកួតដើម្បីឈ្នះមេដាយប៉ុណ្ណោះទេ ប៉ុន្តែជាការអភិវឌ្ឍការគិតវិភាគ សមត្ថភាពដោះស្រាយបញ្ហា ការគិតមានហេតុផល និងការច្នៃប្រឌិត ដែលជាជំនាញសំខាន់សម្រាប់អនាគត។

លោកស្រីបន្តថា ក្នុងយុគសម័យ AI អ្នកដែលមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា និងមានការគិតប្រកបដោយវិចារណញាណ នឹងមានឱកាសក្លាយជាអ្នកដឹកនាំនាពេលអនាគត។ ហេតុនេះហើយ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែផ្តោតលើការអភិវឌ្ឍសិស្សទាំងផ្នែកចំណេះដឹងមូលដ្ឋាន ជំនាញឌីជីថល ភាសាបរទេស ការគិតបែបសកល អប់រំសុខភាព និងបំណិនជីវិត បន្ថែមលើមុខវិជ្ជាសិក្សាគោល។

ជាមួយគ្នានេះ លោកស្រី រស់ យ៉ាណា ក៏បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ថា ជ័យលាភីដែលប្អូនៗទទួលបាននាពេលនេះ មិនមែនគ្រាន់តែជាមេដាយ ឬបណ្ណសរសើរប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការខិតខំប្រឹងប្រែង ការតស៊ូ និងការមិនបោះបង់ចោលគោលដៅ។

នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយ​សារបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ចំណេះដឹង គំនិតច្នៃប្រឌិត សមត្ថភាពដោះស្រាយបញ្ហា និងការរៀនសូត្រពេញមួយជីវិត គឺជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យ។ សូមប្អូនៗបន្តខិតខំសិក្សា ហ៊ានគិត ហ៊ានសាកល្បង និងហ៊ានប្រកួតប្រជែងលើឆាកជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ។

លោកស្រីបានបន្ថែមថា  «នាងខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងចំណោមប្អូនៗដែលមានវត្តមាននៅទីនេះ នឹងមានអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកស្រាវជ្រាវ អ្នកជំនាញបច្ចេកវិទ្យា អ្នកដឹកនាំ និងធនធានមនុស្សឆ្នើមជាច្រើន ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិនាពេលអនាគត។ សូមបន្តរក្សាក្តីស្រមៃ ឆន្ទៈ និងការតាំងចិត្តរបស់ខ្លួន ព្រោះរាល់ភាពជោគជ័យធំៗ សុទ្ធតែចាប់ផ្តើមពីការខិតខំប្រឹងប្រែងតូចៗនៅថ្ងៃនេះ។»

ជាចុងក្រោយ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង សូមអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ និងជូនពរឱ្យបន្តទទួលបានជោគជ័យបន្ថែមទៀត នៅវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខ៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Take Medicine.jpg

យុទ្ធនាការផ្តល់ថ្នាំបង្ការ ជំងឺគ្រុនស្វិតដៃជើង ជូនកុមារ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Norn.jpg

អ្នកគ្រូការ៉ាតេ AIS ណន សុវណ្ណ ដណ្តើមមេដាយសំរឹទ្ធ២គ្រឿង...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/GradeA Cover.jpg

សាលារៀន អន្តរទ្វីប  អាមេរិកាំង (AIS) ប្រគល់មេដាយ បណ្ណសរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/photo_2026-04-25_12-31-24.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតគណិតវិទ្យាអ...