ដូចដែលបានគ្រោងទុក ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ពីគណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ទី១២ ប្រចាំឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន និងសម្បូរបែប ក្នុងរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ សិស្សានុសិស្សបានសិក្សា និងឈ្វេងយល់យ៉ាងជ្រាលជ្រៅអំពីបេតិកភណ្ឌវប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រសំខាន់ៗរបស់កម្ពុជា ដែលជាការផ្សារភ្ជាប់ចំណេះដឹងក្នុងថ្នាក់ទៅនឹងបទពិសោធជាក់ស្តែង។ ដំណើរជាក្រុមក៏បានជួយបណ្តុះឱ្យសិស្សមានភាពជិតស្និទ្ធ បង្កើនការសហការល្អ និងកសាងមិត្តភាពរឹងមាំរវាងគ្នានិងគ្នា។
លោក ប៉ាំង លាងស៊ីម នាយកចាងហ្វាង សាខាចំការដូង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយផ្តោតលើគោលបំណងសំខាន់ៗមួយចំនួន ដូចជា ការបង្កើនចំណេះដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ព្រមទាំងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងវិភាគរបស់សិស្សផងដែរ។

លោកបានបន្ថែមថា កម្មវិធីនេះក៏បានបណ្តុះស្មារតីស្រឡាញ់ និងថែរក្សាបេតិកភណ្ឌជាតិ ជាមួយនឹងការពង្រឹងការសហការជាក្រុម និងផ្តល់បទពិសោធសិក្សាក្រៅថ្នាក់ដ៏មានតម្លៃ។ សិស្សានុសិស្សទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការទទួលបទពិសោធផ្ទាល់ ការពង្រីកចក្ខុវិស័យអំពីសង្គម និងវប្បធម៌កម្ពុជា ការជំរុញការគិតវិភាគ និងជំនាញដោះស្រាយបញ្ហា ព្រមទាំងការបង្កើនភាពជឿជាក់លើខ្លួនឯង និងសមត្ថភាពភាពជាអ្នកដឹកនាំ។

តាមរយៈដំណើរនេះ សិស្សានុសិស្សអាចផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងជីវិតពិត បង្កើនជំនាញសង្កេត ស្រាវជ្រាវ និងវិភាគព័ត៌មាន និងឈ្វេងយល់អំពីតម្លៃបេតិកភណ្ឌជាតិ ព្រមទាំងជីវភាពរស់នៅក្នុងតំបន់ផ្សេងៗ។ ជាមួយគ្នានេះ សិស្សក៏បានអភិវឌ្ឍជំនាញទំនាក់ទំនង ការងារជាក្រុម ការគ្រប់គ្រងពេលវេលា និងការទទួលខុសត្រូវផ្ទាល់ខ្លួន ខណៈរស់នៅក្នុងបរិយាកាសថ្មីជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ។
ជារួម ទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាបនេះ មិនត្រឹមតែជាដំណើរកម្សាន្តទេ ប៉ុន្តែជាឱកាសអប់រំដ៏មានតម្លៃ ដែលជួយឱ្យសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ពង្រីកចំណេះដឹង អភិវឌ្ឍជំនាញសំខាន់ៗ និងត្រៀមខ្លួនឱ្យបានរឹងមាំសម្រាប់ការសិក្សាបន្ត និងអនាគត៕
