នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សិស្សានុសិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទាំង១២សាខា បានចូលរួមប្រឡងឆមាសលើកទី២ ដោយប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងគោរពវិន័យយ៉ាងម៉ឺងម៉ាត់។ ការប្រឡងនេះជាដំណាក់កាលសំខាន់មួយក្នុងដំណើរការសិក្សា ដែលបង្ហាញពីការត្រៀមខ្លួន និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សពេញមួយឆ្នាំសិក្សា។
លោកស្រី វ៉ាន់នី និមល ចាងហ្វាងរងកម្រិតក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលសង្កែ បានឱ្យដឹងថា កម្មវិធីប្រឡងនេះត្រូវបានរៀបចំរយៈពេល ៤ថ្ងៃ អាស្រ័យលើកម្រិតថ្នាក់ និងចំនួនមុខវិជ្ជា ដោយមានការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរឹងពីគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលា ដើម្បីធានាថាការប្រឡងប្រព្រឹត្តទៅដោយមានតម្លាភាព និងយុត្តិធម៌។
ជាទូទៅ មុខវិជ្ជាគោលដែលត្រូវបានដាក់ឱ្យប្រឡង រួមមាន អំណាន តែងសេចក្ដី សរសេរតាមអាន គណិតវិទ្យា វិទ្យាសាស្ត្រ សីលធម៌-ពលរដ្ឋវិជ្ជា ភូមិ-ប្រវត្តិ និងអប់រំសុខភាព ដែលជាមូលដ្ឋានសម្រាប់វាស់វែងសមត្ថភាព និងការយល់ដឹងរបស់សិស្សតាមកម្រិតនីមួយៗ។
ការប្រឡងឆមាសទី២ មានគោលបំណងសំខាន់ក្នុងការវាយតម្លៃលទ្ធផលសិក្សាចុងក្រោយនៃឆ្នាំសិក្សា ដើម្បីវាស់ស្ទង់កម្រិតចំណេះដឹង និងសមត្ថភាពពិតប្រាកដរបស់សិស្ស។ លទ្ធផលដែលទទួលបាន នឹងត្រូវយកទៅបូកបញ្ចូលជាមួយពិន្ទុឆមាសទី១ ដើម្បីគណនាពិន្ទុមធ្យមភាគប្រចាំឆ្នាំ សម្រាប់កំណត់លទ្ធផលឡើងថ្នាក់។
ជាមួយគ្នានេះ ការប្រឡងក៏ជួយឱ្យសិស្សានុសិស្សស្វែងយល់ពីសមត្ថភាពរបស់ខ្លួន ងាយស្រួលកំណត់ចំណុចត្រូវពង្រឹងបន្ថែម និងជាកញ្ចក់ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការសិក្សាពេញមួយឆ្នាំ។
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធានាគុណភាពអប់រំ និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សឱ្យមានភាពរឹងមាំសម្រាប់ជំហានសិក្សាបន្ទាប់៕
