ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

លោកគ្រូ ខេង លន់៖ ពីកូនកសិករ ទៅជាគ្រូបណ្តុះចំណេះដឹង និងគុណធម៌ដល់សិស្សជំនាន់ក្រោយ

បានផ្សាយចេញ | ០៨ កក្កដា ២០២៦ 43

លោកគ្រូ ខេង លន់៖ ពីកូនកសិករ ទៅជាគ្រូបណ្តុះចំណេះដឹង និងគុណធម៌ដល់សិស្សជំនាន់ក្រោយ

«ការអប់រំដែលមានគុណភាព ផ្តើមចេញពីគ្រូដែលមានគុណភាព»

ពីក្មេងប្រុសម្នាក់កើតក្នុងគ្រួសារកសិករ នៅភូមិព្រែកជ្រៅ ខេត្តព្រៃវែង បានក្លាយជាគ្រូបង្រៀនដែលអាចផ្លាស់ប្តូរជីវិតសិស្សជាច្រើន លោក ខេង លន់ បានដើរតាមផ្លូវមួយដែលពោរពេញដោយការខិតខំ និងការលះបង់។

ជាមួយបទពិសោធជាង ១៦ ឆ្នាំក្នុងវិស័យអប់រំ និងជីវិតព្រះសង្ឃ ១៧ ឆ្នាំ លោកមិនត្រឹមតែបង្រៀនមេរៀនទេ ប៉ុន្តែបានបង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវិតសិស្ស ដោយជំរុញឱ្យពួកគេក្លាយជាមនុស្សមានទំនុកចិត្ត មានគុណធម៌ និងមានអនាគតភ្លឺស្វាង។



កើតក្នុងគ្រួសារមានបងប្អូនចំនួន ៦ នាក់ និងឪពុកម្តាយជាកសិករ លោកគ្រូបានចាប់ផ្តើមអប់រំតាំងពីសាលាបឋមសិក្សាក្នុងភូមិកំណើត។ ជីវិតកុមារភាពដែលមិនសូវសម្បូរបែបធនធាន បានបណ្តាលឱ្យលោកយល់ពីតម្លៃនៃការសិក្សា និងការខិតខំ។ នៅឆ្នាំ ១៩៩៨ លោកបានសម្រេចបួសជាព្រះសង្ឃ ហើយបន្តសិក្សាពុទ្ធិកសិក្សារហូតដល់បញ្ចប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មុនបន្តទៅសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ជីវិតក្នុងព្រះសង្ឃបានបង្រៀនលោកអំពីវិន័យ ការអត់ធ្មត់ និងគុណធម៌ ដែលក្លាយជាមូលដ្ឋានរឹងមាំសម្រាប់អាជីពអប់រំនៅពេលក្រោយ។

ក្នុងឆ្នាំ ២០១១ លោកបានចាប់ផ្តើមបង្រៀនភាសាបាលី និងភាសាខ្មែរ នៅពុទ្ធិកបឋមសិក្សា ហើយក្រោយមកនៅឆ្នាំ ២០១៤ បានលាចាកពីព្រះសង្ឃ ដើម្បីបន្តបម្រើវិស័យអប់រំផ្នែកអាណាចក្រ។ ចាប់ពីពេលនោះមក អាជីពគ្រូបង្រៀនរបស់លោកបានបន្តរីកចម្រើនជាបន្តបន្ទាប់ ដោយផ្អែកលើចក្ខុវិស័យថា ការអប់រំគឺជាគន្លងសំខាន់បំផុតសម្រាប់ការកសាងមនុស្ស និងសង្គម។

បច្ចុប្បន្ន លោក ខេង លន់ ជាគ្រូបឋមសិក្សាថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង។

លោក ខេង លន់ បានមានប្រសាសន៍ថា ក្នុងអាជីពជាគ្រូបង្រៀននេះ  អ្វីដែលធ្វើឱ្យលោកគ្រូមានមោទនភាពខ្លាំងបំផុត គឺពេលឃើញសិស្សដែលធ្លាប់មានការលំបាកក្នុងការសិក្សា ក្លាយជាមនុស្សមានទំនុកចិត្ត និងសម្រេចបានជោគជ័យ។ សម្រាប់លោកគ្រូ ជោគជ័យមិនមែនស្ថិតនៅលើពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការផ្លាស់ប្តូរឥរិយាបថ និងការរីកចម្រើនជាមនុស្សល្អក្នុងសង្គម។ ការទទួលបានការគោរព និងស្រឡាញ់ពីសិស្ស ក៏ដូចជាការជឿទុកចិត្តពីមាតាបិតា គឺជាកម្លាំងចិត្តដ៏សំខាន់ដែលជំរុញឱ្យលោកបន្តបេសកកម្មមួយនេះ។

ក្នុងយុគសម័យបច្ចេកវិទ្យា លោកគ្រូបានលាយបញ្ចូលការបង្រៀនជាក្រុមធំ និងក្រុមតូច ដើម្បីបង្កើនប្រសិទ្ធភាពសិក្សា។ ក្រុមធំជួយផ្តល់មូលដ្ឋានចំណេះដឹង និងគោលគំនិតទូទៅ ខណៈក្រុមតូចជួយអភិវឌ្ឍជំនាញអនុវត្ត ការគិតបែបស៊ីជម្រៅនិងការសហការគ្នា។ បច្ចេកវិទ្យាទំនើបដូចជា កម្មវិធីអនឡាញ និងឧបករណ៍ឌីជីថល ត្រូវបានយកមកប្រើ ដើម្បីធ្វើឱ្យការសិក្សាមានភាពបត់បែន ទាន់សម័យ និងទាក់ទាញសិស្សជំនាន់ថ្មី។


ទោះបីជាមានបញ្ហាប្រឈមដូចជា ភាពខុសគ្នានៃសមត្ថភាពសិស្ស និងការគ្រប់គ្រងថ្នាក់រៀនក៏ដោយ លោកគ្រូនៅតែអនុវត្តតួនាទីជាអ្នកណែនាំ និងលើកទឹកចិត្ត។ ការគោរពវិន័យ ចំណេះដឹងជ្រៅជ្រះ និងការយល់ដឹងអំពីចិត្តសាស្ត្រសិស្ស បានធ្វើឱ្យលោកក្លាយជាគ្រូដែលទទួលបានការគោរព និងទុកចិត្តយ៉ាងខ្លាំង។

សម្រាប់អនាគត លោកគ្រូ ខេង លន់ មានបំណងបន្តអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីបង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាលសិស្សឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាព និងគុណធម៌។ សម្រាប់លោកគ្រូ ការបង្រៀនមិនមែនជាការងារធម្មតា ប៉ុន្តែជាបេសកកម្មដ៏មានន័យក្នុងការកសាងអនាគតជាតិ តាមរយៈការបំផុសគំនិត និងបង្កើតជំនាន់ថ្មីដែលមានគុណភាព៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Techer Vanna.jpg

លោក សាំង វណ្ណា គ្រូបង្រៀននៅ AIS សាខាសៀមរាប ប្តេជ្ញាបង្រ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/study learn to groth flower.jpg

លោកស្រី វង្ស តារាសុភី៖ គ្រូមត្តេយ្យសិក្សាបង្រៀនសិស្សដោយ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Mr vanry.jpg

អ្នកគ្រូ ធី វណ្ណរី និងការចូលរួមលើកកម្ពស់គុណភាពអប់រំនៅសា...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mr KunThy.jpg

លោក តាន់ គន្ធី គ្រូគណិតវិទ្យាប្រើពេល២០ឆ្នាំផ្ដល់ការអប់រ...