“រៀនដោយយល់ មិនមែនទន្ទេញ” គឺជាគន្លឹះសំខាន់ដែលបានជួយឱ្យកុមារីម្នាក់ក្លាយជាសិស្សឆ្នើមប្រចាំថ្នាក់។
កុមារី ណុំ មុនីវុទ្ធានា សិស្សថ្នាក់ទី២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានបង្ហាញថា ភាពជោគជ័យក្នុងការសិក្សា មិនមែនមកពីការចងចាំតែប៉ុណ្ណោះទេ ប៉ុន្តែមកពីការយល់ដឹងយ៉ាងច្បាស់ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។

សម្រាប់មុនីវុទ្ធានា ការទទួលបានតំណែងជាសិស្សឆ្នើម គឺជាពេលវេលាដែលពោរពេញដោយអារម្មណ៍ ទាំងភ័យអរ រំភើប និងមោទនភាព។ ប្អូនយល់ថា នេះជាលទ្ធផលនៃការខិតខំ និងការលះបង់របស់ខ្លួនដែលត្រូវបានទទួលស្គាល់។ ទន្ទឹមនឹងនេះ ប្អូនក៏មានអារម្មណ៍ថាត្រូវមានទំនួលខុសត្រូវខ្ពស់ជាងមុន ដើម្បីរក្សាសមត្ថភាព និងភាពល្អរបស់ខ្លួនឱ្យបានជាប់លាប់។
ប៉ុន្តែពីក្រោយភាពជោគជ័យ ប្អូនក៏ធ្លាប់ជួបការលំបាកដូចសិស្សដទៃទៀតផងដែរ។ មានពេលខ្លះ ប្អូនរៀនមិនទាន់មិត្តភក្តិ ឬទទួលបានពិន្ទុមិនដូចការរំពឹងទុក ដែលធ្វើឱ្យមានអារម្មណ៍ខ្មាស់។ ទោះយ៉ាងណា ប្អូនមិនបានគេចវេសទេ ប៉ុន្តែជ្រើសរើសដោះស្រាយបញ្ហាដោយសួរគ្រូផ្ទាល់ សិក្សាវិញតាមវីដេអូ និងអនុវត្តលំហាត់ឡើងវិញរហូតយល់ច្បាស់។
វិធីសាស្ត្រសិក្សា សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ កុមារី ណុំ មុនីវុទ្ធានា បានឱ្យដឹងថា ប្អូនរៀនរយៈពេល ២៥ នាទី ហើយសម្រាក ៥ នាទី ដើម្បីកុំឱ្យខួរក្បាលហត់ពេក។ ប្អូនផ្តោតលើការយល់មិនមែនប្រើការទន្ទេញឱ្យចាំនោះទេ ហើយជាញឹកញាប់ ប្អូនពន្យល់មេរៀនឱ្យមិត្តភក្តិ ដើម្បីជួយឱ្យខ្លួនឯងចងចាំបានកាន់តែច្បាស់។
ក្រៅម៉ោងសិក្សា មុនីវុទ្ធានា ក៏ដឹងពីការគ្រប់គ្រងពេលវេលាឱ្យមានតុល្យភាព។ ប្អូនរៀបចំកាលវិភាគប្រចាំថ្ងៃយ៉ាងច្បាស់ បែងចែកពេលសម្រាប់ការសិក្សា ស្វ័យសិក្សា និងពេលកម្សាន្ត។ ច្បាប់តូចមួយដែលប្អូនគោរពជានិច្ចគឺ “ធ្វើកិច្ចការផ្ទះឱ្យរួចរាល់ មុននឹងលេង” ដែលជួយឱ្យប្អូនរក្សាវិន័យក្នុងការសិក្សា។
ជាមួយគ្នានេះដែរ កុមារី ណុំ មុនីវុទ្ធានា ថាភាពជោគជ័យរបស់ប្អូន មិនអាចខ្វះការគាំទ្រពីមនុស្សជុំវិញបានឡើយ។ ឪពុកម្តាយជាអ្នកផ្តល់កម្លាំងចិត្ត និងការលះបង់គ្រប់បែបយ៉ាង។ លោកគ្រូ អ្នកគ្រូជាអ្នកផ្តល់ចំណេះដឹង និងណែនាំផ្លូវត្រឹមត្រូវ។ ខណៈមិត្តភក្តិគឺជាដៃគូសិក្សាដែលតែងតែជួយគ្នាពេលជួបការលំបាក។

ពាក្យលើកទឹកចិត្តពីឪពុកម្តាយ និងគ្រូ ក៏ជាកម្លាំងជំរុញដ៏សំខាន់។ “ទោះលទ្ធផលយ៉ាងណា ប៉ាម៉ាក់មានមោទនភាពចំពោះការខំប្រឹងរបស់កូន” និង “គ្រូជឿថាកូនអាចធ្វើបាន កុំបោះបង់” គឺជាពាក្យដែលប្អូនយកមកជាកម្លាំងចិត្តរៀងរាល់ថ្ងៃ។
សម្រាប់អនាគត មុនីវុទ្ធានា មានគោលដៅបន្តរក្សាតំណែងជាសិស្សឆ្នើម និងខិតខំឱ្យទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ លើសពីនេះ មុនីវុទ្ធានាក៏មានសុបិនចង់ក្លាយជាគ្រូបង្រៀន ដើម្បីយកចំណេះដឹងរបស់ខ្លួន មកអភិវឌ្ឍគ្រួសារ និងរួមចំណែកដល់សង្គមជាតិ។
ជាការចុងក្រោយ មុនីវុទ្ធានា បានផ្ញើសារលើកទឹកចិត្តដល់មិត្តភក្តិទាំងអស់ថា ការសិក្សានឹងកាន់តែងាយស្រួល ប្រសិនបើយើងមានវិន័យ និងការខិតខំ។ “ពេលវេលាមិនចាំយើងទេ សូមប្រើវាឱ្យមានតម្លៃ”
គ្រូបន្ទកថ្នាក់ ណែង សូរីណែត បានបញ្ជាក់ឱ្យដឹងថា ការជ្រើសរើសសិស្សឆ្នើមប្រចាំថ្នាក់ មិនផ្អែកតែទៅលើលទ្ធផលសិក្សាតែមួយមុខនោះទេ ប៉ុន្តែយកចិត្តទុកដាក់លើការអភិវឌ្ឍសិស្សគ្រប់ជ្រុងជ្រោយ។ លក្ខណៈវិនិច្ឆ័យសំខាន់ៗរួមមាន លទ្ធផលសិក្សាដែលទទួលបាននិទ្ទេសល្អជាប្រចាំ វិន័យ និងសីលធម៌ល្អ ព្រមទាំងការចូលរួមសកម្មក្នុងសកម្មភាពថ្នាក់ និងសាលាផងដែរ។
កម្មវិធី «សិស្សឆ្នើមប្រចាំថ្នាក់» គឺជាមធ្យោបាយសំខាន់មួយក្នុងការលើកទឹកចិត្ត និងជំរុញសិស្សឱ្យមានមហិច្ឆតាក្នុងការសិក្សា។ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បន្តបេសកកម្មយ៉ាងមុតមាំក្នុងការលើកកម្ពស់គុណភាពអប់រំ ក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាធនធានមនុស្សមានគុណភាពនិងជាអ្នកដឹកនាំដ៏មានសក្តានុពលសម្រាប់សង្គមជាតិ៕
