ពីការខំប្រឹងរៀនរាល់ថ្ងៃ កុមារីតូចម្នាក់បានរីកចម្រើនក្លាយជាសិស្សឆ្នើមប្រចាំថ្នាក់។ ប្អូនស្រី វិសាល ស្រីពនិតា សិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី កំពុងបង្ហាញយ៉ាងច្បាស់ថា ការយកចិត្តទុកដាក់ និងការមិនបោះបង់ គឺជាគន្លឹះនាំទៅរកភាពជោគជ័យ និងបើកផ្លូវទៅរកសុបិនធំនាពេលអនាគត។
ថ្ងៃដែលប្អូនត្រូវបានជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ គឺជាថ្ងៃពោរពេញដោយភាពសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង។ លទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាផលនៃការខិតខំប្រឹងប្រែងប្រចាំថ្ងៃ ដែលប្អូនបានបន្តធ្វើដោយភាពអត់ធ្មត់ និងការតស៊ូជានិច្ច។
នៅពីក្រោយភាពជោគជ័យនេះ ក៏មានរឿងរ៉ាវនៃការប្រឈមមុខនឹងបញ្ហាផងដែរ។ មេរៀនបង្គត់ចំនួនមួយធ្លាប់ធ្វើឱ្យប្អូនមានការលំបាក ហើយនៅពេលនោះ ប្អូនមិនទាន់មានភាពក្លាហានក្នុងការសួរគ្រូទេ។ ទោះជាយ៉ាងណា ដោយសារការណែនាំយ៉ាងអំណត់របស់លោកគ្រូ តាមរយៈការពន្យល់បន្ថែម និងការ
ផ្តល់លំហាត់អនុវត្ត បានជួយឱ្យប្អូនយល់ដឹងកាន់តែច្បាស់។ បទពិសោធនេះ បានបង្រៀនឱ្យប្អូនយល់ថា កំហុសមិនមែនជារឿងគួរឱ្យខ្លាចទេ ប៉ុន្តែជាជំហានសំខាន់មួយនៃការរីកចម្រើន។

ប្អូនស្រី វិសាល ស្រីពនិតា ក៏បានចែករំលែកថា គន្លឹះសិក្សាដែលមានប្រសិទ្ធភាពរបស់ប្អូន គឺការផ្ចង់អារម្មណ៍ស្តាប់ពេលគ្រូពន្យល់ កត់ត្រាចំណុចសំខាន់ៗ និងមិនភ័យខ្លាចក្នុងការសួរពេលមានចម្ងល់។ នៅផ្ទះ ប្អូនបន្តអានសៀវភៅ និងបំពេញកិច្ចការដែលគ្រូបានផ្តល់ឱ្យ ដើម្បីពង្រឹងចំណេះដឹង។ ការរៀបចំពេលវេលារវាងការសិក្សា និងជីវិតប្រចាំថ្ងៃ ត្រូវបានធ្វើឡើងយ៉ាងមានតុល្យភាព ដោយប្អូនក៏មិនភ្លេចជួយការងារឪពុកម្តាយ និងចំណាយពេលជាមួយគ្រួសារផងដែរ។
នៅពីក្រោយភាពរីកចម្រើននេះ គឺមានការគាំទ្រដ៏សំខាន់ពីមនុស្សជុំវិញខ្លួន។ លោកឪពុក និងអ្នកម្តាយ ជាអ្នកផ្តល់កម្លាំងចិត្ត និងគាំទ្រផ្នែកផ្សេងៗ ខណៈដែលលោកគ្រូ អ្នកគ្រូ ជាអ្នកណែនាំផ្លូវចំណេះដឹង និងលើកទឹកចិត្ត។ រីឯមិត្តភក្តិវិញ ក៏ជាដៃគូសិក្សាដ៏ល្អ ដែលជួយគ្នាទៅវិញទៅមក និងបង្កើតបរិយាកាសប្រកួតប្រជែងយ៉ាងវិជ្ជមាន។
ប្អូនក៏បានបន្ថែមថា ពាក្យលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន បានក្លាយជាកម្លាំងជំរុញដ៏មានអត្ថន័យក្នុងដំណើររបស់ប្អូន។ ពាក្យដូចជា “កូនត្រូវខំប្រឹងរៀនដើម្បីអនាគតខ្លួនឯង” និង “កុំខ្លាចធ្វើខុស ព្រោះកំហុសជាស្ពានទៅរកភាពជោគជ័យ” តែងតែជំរុញឱ្យប្អូនបន្តខិតខំប្រឹងប្រែងជានិច្ច។
សម្រាប់អនាគត ប្អូនស្រី វិសាល ស្រីពនិតា មានសុបិនធំមួយ គឺចង់ក្លាយជាទាហាន ដើម្បីជួយគ្រួសារ និងចូលរួមការពារ ព្រមទាំងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ សុបិននេះ បង្ហាញពីការយល់ដឹង និងការទទួលខុសត្រូវលើសពីវ័យក្មេងរបស់ប្អូន។

ជាចុងក្រោយ ប្អូនក៏បានផ្ញើសារទៅកាន់មិត្តភក្តិទាំងអស់ថា ការផ្លាស់ប្តូរទម្លាប់តូចៗ ដូចជាការអានសៀវភៅប្រចាំថ្ងៃ ការផ្ចង់អារម្មណ៍ស្តាប់ និងការហ៊ានសួរពេលមិនយល់ អាចជួយឱ្យគ្រប់គ្នាចាប់ផ្តើមស្រឡាញ់ការសិក្សា និងឈានទៅរកភាពជោគជ័យដូចគ្នា។
លោក ច្រៃ វណ្ណនុត គ្រូបន្ទុកថ្នាក់ បានឱ្យដឹងថា ការជ្រើសរើស “សិស្សឆ្នើមប្រចាំថ្នាក់” ត្រូវបានអនុវត្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗ រួមមាន លទ្ធផលសិក្សាល្អ មានពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អប្រចាំខែ និងឆមាស ការគោរពវិន័យ និងការមកសាលាទៀងទាត់ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសិក្សា ការងារក្រុម កីឡា សិល្បៈ និងសកម្មភាពសង្គមផ្សេងៗ។
ជាមួយគ្នានេះដែរ ប្អូនស្រី វិសាល ស្រីពនិតា ក៏មានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់ ដោយមានគោលដៅសិក្សាច្បាស់លាស់ មានការតាំងចិត្តខ្ពស់ មានវិន័យផ្ទាល់ខ្លួន អាចគ្រប់គ្រងខ្លួនឯងបានល្អ មានភាពក្លាហានក្នុងការបញ្ចេញមតិ និងមិនខ្លាចសួរសំណួរ ពេលមិនយល់ ហើយអាចប្រែក្លាយសម្ពាធ ឬភាពបរាជ័យ ទៅជាកម្លាំងជំរុញសម្រាប់ការរីកចម្រើនបន្តទៅមុខ។
កម្មវិធី «សិស្សឆ្នើមប្រចាំថ្នាក់» គឺជាមធ្យោបាយសំខាន់មួយក្នុងការលើកទឹកចិត្ត និងជំរុញសិស្សឱ្យមានមហិច្ឆតាក្នុងការសិក្សា។ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បន្តបេសកកម្មយ៉ាងមុតមាំក្នុងការលើកកម្ពស់គុណភាពអប់រំ ក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាធនធានមនុស្សមានគុណភាពនិងជាអ្នកដឹកនាំដ៏មានសក្តានុពលសម្រាប់សង្គមជាតិ៕
