«ការអប់រំដែលមានគុណភាព ផ្តើមចេញពីគ្រូដែលមានគុណភាព»
សម្រាប់មនុស្សម្នាក់ ការក្លាយជាគ្រូបង្រៀនអាចជាអាជីពមួយ ប៉ុន្តែសម្រាប់អ្នកគ្រូ ពួន សុខកាយ វាគឺជាក្តីស្រឡាញ់ និងជាបំណងប្រាថ្នាមួយ ដែលចង់ឃើញក្មេងៗជំនាន់ក្រោយទទួលបានចំណេះដឹង និងមានសមត្ថភាពកសាងអនាគតរបស់ខ្លួន។

មកពីខេត្តកំពង់ធំ កញ្ញា ពួន សុខកាយ គឺជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់។ ទោះបីជាឪពុកម្តាយប្រកបរបរធ្វើស្រែចម្ការក្តី ប៉ុន្តែអ្វីដែលពួកគាត់បានបណ្តុះក្នុងចិត្តកូនតាំងពីតូច គឺការស្រឡាញ់ការសិក្សា និងការឱ្យតម្លៃដល់ចំណេះដឹង។ ពាក្យទូន្មានដ៏សាមញ្ញពីឪពុកម្តាយ បានក្លាយជាមូលដ្ឋានមួយសម្រាប់កញ្ញាក្នុងការដើរលើផ្លូវអប់រំរហូតមកដល់សព្វថ្ងៃ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យរស្មីសោភ័ណ កញ្ញា ពួន សុខកាយ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការជ្រើសរើសវិស័យអប់រំ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីក្តីស្រឡាញ់ចំពោះការអប់រំ និងក្តីស្រមៃចង់ឃើញក្មេងៗជំនាន់ក្រោយមានចំណេះដឹងទូលំទូលាយ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
បច្ចុប្បន្ន ជាគ្រូបង្គោលថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង AIS ការិយាល័យកណ្តាល អ្នកគ្រូ ពួន សុខកាយ បានបញ្ជាក់ថា ការបង្រៀនមិនមែនមានន័យថា គ្រាន់តែឈរនៅមុខថ្នាក់ និងផ្ទេរចំណេះដឹងទៅសិស្សនោះទេ។ តែវាគឺជាការស្វែងរកវិធីដែលអាចធ្វើឱ្យសិស្សម្នាក់ៗយល់ រៀន និងមានទំនុកចិត្តលើខ្លួនឯង។

ក្នុងថ្នាក់រៀន អ្នកគ្រូតែងប្រើវិធីសាស្រ្តបង្រៀនសិស្សជាក្រុម ការជជែកដេញដោល និងការធ្វើកិច្ចការរួមគ្នា ដើម្បីឱ្យសិស្សចូលរួមដោយផ្ទាល់។ ជាមួយគ្នានេះ អ្នកគ្រូក៏ប្រើសម្ភារឧបទ្ទេស និងឧទាហរណ៍ជាក់ស្តែងដែលនៅជុំវិញសិស្ស ដើម្បីធ្វើឱ្យមេរៀនកាន់តែងាយយល់ និងជៀសវាងការធុញទ្រាន់ក្នុងម៉ោងសិក្សា។
អ្នកគ្រូបានបង្ហាញថា អ្វីដែលធ្វើឱ្យអ្នកគ្រូមានមោទនភាពបំផុត មិនមែនជាវិធីសាស្រ្តបង្រៀនណាមួយឡើយ។ វាគឺជា ការមើលឃើញការផ្លាស់ប្តូររបស់សិស្ស។
អ្នកគ្រូបានរំលឹកថា បទពិសោធដែលមានតម្លៃ និងចងចាំមិនភ្លេច គឺពេលដែលបានឃើញសិស្សដែលធ្លាប់រៀនយឺត ឬខ្វះទំនុកចិត្តលើខ្លួនឯង ចាប់ផ្តើមមានការរីកចម្រើន។ ពីសិស្សដែលរៀនយឺត ក្លាយជាសិស្សដែលរៀនបានមធ្យម ហើយបន្តរីកចម្រើនរហូតអាចរៀនបានល្អបង្គួរ។
មានពេលមួយ ដែលការរីកចម្រើនរបស់សិស្សម្នាក់ បានក្លាយជាអនុស្សាវរីយ៍ដ៏រំជួលចិត្តសម្រាប់អ្នកគ្រូ។ បន្ទាប់ពីឃើញការផ្លាស់ប្តូររបស់កូន មាតាបិតាសិស្សបានមកចាប់ដៃអ្នកគ្រូទាំងទឹកភ្នែកដោយក្តីរំភើប។ សម្រាប់អ្នកគ្រូ ពេលវេលាដ៏ខ្លីនោះ មានន័យធំជាងពាក្យសរសើរណាមួយ ព្រោះវាបង្ហាញថា ការខិតខំរបស់គ្រូ និងការរីកចម្រើនរបស់សិស្ស អាចប៉ះពាល់ដល់បេះដូងមនុស្សម្នាក់បានយ៉ាងជ្រាលជ្រៅ។
ការទទួលបានការគោរព និងភាពទុកចិត្តពីសិស្ស និងមាតាបិតា ក៏មិនមែនកើតឡើងដោយសារតួនាទីជាគ្រូបង្រៀននោះទេ។ អ្នកគ្រូជឿថា វាកើតចេញពីការផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ស្មើៗគ្នាដល់សិស្សគ្រប់រូប មិនថាសិស្សពូកែ ឬសិស្សដែលត្រូវការជំនួយបន្ថែម។ ការទំនាក់ទំនងជាប់លាប់ជាមួយមាតាបិតា ការប្រាប់ពីចំណុចល្អ និងចំណុចដែលត្រូវកែតម្រូវរបស់សិស្សដោយស្មោះត្រង់ ព្រមទាំងការរក្សាក្រមសីលធម៌ អាកប្បកិរិយា និងពាក្យសម្តីសមរម្យ គឺជាអ្វីដែលអ្នកគ្រូចាត់ទុកថាមានសារៈសំខាន់។
ក្នុងយុគសម័យបច្ចេកវិទ្យា អ្នកគ្រូក៏មើលឃើញថា បច្ចេកវិទ្យាបានក្លាយជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ការអប់រំ។ វាជួយឱ្យគ្រូអាចស្រាវជ្រាវ ស្វែងរកព័ត៌មាន និងសិក្សាវិធីសាស្រ្តបង្រៀនថ្មីៗ ដើម្បីធ្វើឱ្យការរៀនកាន់តែងាយយល់ និងមានប្រសិទ្ធភាព។
សម្រាប់ដំណើរទៅមុខ អ្នកគ្រូ ពួន សុខកាយ មានបំណងបន្តសិក្សា និងស្រាវជ្រាវវិធីសាស្រ្តបង្រៀនថ្មីៗ ព្រមទាំងស្វែងយល់ពីបច្ចេកវិទ្យាអប់រំទំនើប ដើម្បីយកមកអនុវត្តក្នុងថ្នាក់រៀន។ ជាមួយគ្នានេះ អ្នកគ្រូក៏ចង់បន្តធ្វើជាគ្រូដែលពោរពេញដោយថាមពល និងចែករំលែកបទពិសោធល្អៗជាមួយសហការី ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ។
ពីកូនកសិករម្នាក់នៅខេត្តកំពង់ធំ ទៅជាគ្រូដែលកំពុងជួយសិស្សស្វែងរកទំនុកចិត្តលើខ្លួនឯង ដំណើររបស់អ្នកគ្រូ ពួន សុខកាយ បានបង្ហាញថា ការអប់រំមិនមែនគ្រាន់តែបង្រៀនឱ្យសិស្សចេះទេ ប៉ុន្តែជាការជួយឱ្យពួកគេជឿថា ពួកគេក៏អាចក្លាយជាមនុស្សដែលមានសមត្ថភាព និងមានអនាគតល្អបានផងដែរ៕