ការត្រូវបានជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ មិនមែនជាសំណាងទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងស្មោះត្រង់ និងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។ នេះជារឿងពិតដែលបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈកុមារី លីម ភួយជីង សិស្សថ្នាក់ទី៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដែលទទួលបានកិត្តិយសជាសិស្សឆ្នើមប្រចាំថ្នាក់។

ជាមួយនឹងស្នាមញញឹមពោរពេញដោយភាពជឿជាក់ កុមារី លីម ភួយជីង បានបង្ហាញអារម្មណ៍ថា
«ទទួលបានការជ្រើសរើសនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើប រីករាយ និងមោទនភាពយ៉ាងខ្លាំង។ សម្រាប់ខ្ញុំ នេះមិនត្រឹមតែជាលទ្ធផលនៃការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏សំខាន់ ដែលជំរុញឱ្យបន្តអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។»
លីម ភួយជីង បានឱ្យដឹងទៀតថា ក្នុងដំណើរសិក្សា ប្អូនក៏បានជួបប្រទះមេរៀនដែលមានភាពស្មុគស្មាញជាច្រើនដែរ ប៉ុន្តែប្អូនមិនដែលបោះបង់ឡើយ។ ប្អូនជ្រើសរើសវិធីសាស្ត្រសិក្សាដោយការហ៊ានសួរគ្រូពេលមានសំណួរ ពិភាក្សាជាមួយមិត្តភក្តិ និងបំបែកមេរៀនធំៗឱ្យទៅជាផ្នែកតូចៗ ដើម្បីងាយយល់ និងងាយចងចាំ។ វិធីសាស្ត្រនេះបានជួយឱ្យប្អូនអាចឆ្លងកាត់ឧបសគ្គ និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។

មិនត្រឹមតែមានវិធីសាស្ត្រសិក្សាល្អប៉ុណ្ណោះទេ លីម ភួយជីង ក៏ដឹងពីរបៀបរៀបចំពេលវេលាឱ្យមានតុល្យភាពផងដែរ។ ក្នុងថ្នាក់ ប្អូនផ្តោតអារម្មណ៍លើការស្តាប់ និងកត់ត្រាចំណុចសំខាន់ៗ ដោយប្រើពណ៌ផ្សេងៗ ឬពាក្យគន្លឹះងាយៗ។ ខណៈពេលក្រៅម៉ោងសិក្សា ប្អូនតែងតែរំឭកមេរៀនឡើងវិញជាប្រចាំ និងបែងចែកពេលវេលាឱ្យច្បាស់រវាងការសិក្សា ការជួយការងារផ្ទះ ការលេងកម្សាន្ត និងការសម្រាក។
លីម ភួយជីង បន្តថា «ភាពជោគជ័យរបស់ខ្ញុំ មិនអាចខ្វះការគាំទ្រពីមនុស្សជុំវិញបានឡើយ។ ជាពិសេស លោកឪពុក អ្នកម្តាយជាអ្នកផ្តល់ទាំងកម្លាំងចិត្ត និងការគាំទ្រផ្នែកសម្ភារសិក្សា ខណៈដែលលោកគ្រូ អ្នកគ្រូ ជាអ្នកផ្តល់ចំណេះដឹង និងណែនាំផ្លូវ។ ចំណែកមិត្តភក្តិវិញ ក៏ជាដៃគូសិក្សាដែលជួយគ្នាអភិវឌ្ឍ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។»
ក្នុងចំណោមអ្វីៗទាំងអស់ មានពាក្យណែនាំមួយដែល លីម ភួយជីង មិនដែលភ្លេចនោះគឺ “លទ្ធផលថ្ងៃអនាគត គឺកើតចេញពីសកម្មភាពដែលធ្វើនៅថ្ងៃនេះ”។ ពាក្យនេះបានក្លាយជាកម្លាំងជំរុញដ៏សំខាន់ ដែលជួយឱ្យប្អូនមានស្មារតីរឹងមាំ និងមិនបោះបង់ពេលជួបការលំបាក។
សម្រាប់គោលដៅអនាគត លីម ភួយជីង មានបំណងបន្តធ្វើជាសិស្សល្អ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្ពស់ឡើងរហូតដល់ចប់ការសិក្សា។ លើសពីនេះ ប្អូនក៏មានសុបិនចង់ក្លាយជាអ្នកជំនាញ ឬគ្រូបង្រៀនម្នាក់ ដើម្បីយកចំណេះដឹងមកជួយគ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។
មុនបញ្ចប់ លីម ភួយជីង បានផ្តល់សារលើកទឹកចិត្តដល់មិត្តភក្តិថា ការរៀនមិនមែនជារឿងធុញទ្រាន់ឡើយ ប្រសិនបើយើងរកឃើញហេតុផលនៃការរៀន។ ការចាប់ផ្តើមពីអ្វីដែលខ្លួនចូលចិត្ត ការជួយគ្នាសិក្សា និងការមិនខ្លាចធ្វើខុស គឺជាគន្លឹះសំខាន់ដែលនាំឱ្យការសិក្សាក្លាយជាអ្វីដែលមានអត្ថន័យ និងរីករាយ៕