សម្រាប់សិស្សម្នាក់ ការក្លាយជាសិស្សឆ្នើមប្រចាំថ្នាក់ មិនមែនគ្រាន់តែជាសមិទ្ធផលដែលគួរឱ្យមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែង វិន័យ និងការមិនបោះបង់ចោលការសិក្សា ទោះបីជាត្រូវជួបការលំបាកយ៉ាងណាក៏ដោយ។ សម្រាប់ ចេង មុនិច ការទទួលបានការជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ គឺជាក្តីរីករាយ និងមោទនភាពមួយដែលកើតចេញពីការខិតខំរបស់ខ្លួន ព្រមទាំងការគាំទ្រពីលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងមិត្តភក្តិ។
មុនិច ជាសិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង បានរៀបរាប់ថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំងនៅពេលទទួលបានការជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ ហើយសមិទ្ធផលនេះកើតឡើងដោយមានការគាំទ្រ និងលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនខ្ញុំ ជាពិសេស លោកឪពុក អ្នកម្តាយ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ។»
ដំណើរនៃការសិក្សាមិនមានភាពងាយស្រួលនោះទេ។ មុនិចក៏ធ្លាប់ជួបការលំបាកនៅពេលមិនយល់មេរៀនមួយចំនួន។ ប៉ុន្តែជំនួសឱ្យការបោះបង់ មុនិចជ្រើសរើសស្វែងរកវិធីដោះស្រាយ ដោយសួរលោកគ្រូ អ្នកគ្រូ ពិភាក្សាជាមួយមិត្តភក្តិ ស្រាវជ្រាវតាម YouTube ស្វែងរកឯកសារនៅបណ្ណាល័យ និងបន្តខិតខំរៀននៅផ្ទះ រហូតអាចយល់មេរៀន និងធ្វើលំហាត់បានល្អ។
អ្វីដែលជួយឱ្យមុនិចរក្សាបាននូវលទ្ធផលសិក្សាល្អ គឺការមានវិន័យ និងទម្លាប់រៀនជាប្រចាំ។ មុនិចតែងរៀនមេរៀនជាមុន មើលមេរៀនឡើងវិញក្រោយពេលរៀន ធ្វើលំហាត់ជាប្រចាំ កត់ចំណាំចំណុចសំខាន់ៗ និងសួរនៅពេលមានចម្ងល់។ សម្រាប់មុនិច ការបែងចែកពេលវេលាក៏មានសារៈសំខាន់ដែរ ដោយយល់ថា «ពេលរៀន គឺរៀន ពេលលេង គឺលេង» ហើយត្រូវផ្តោតលើមុខវិជ្ជាដែលកំពុងសិក្សានៅពេលនោះ ដើម្បីឱ្យការរៀនមានប្រសិទ្ធភាព។
ក្រៅពីការសិក្សា មុនិចក៏យកចិត្តទុកដាក់លើការរៀបចំពេលវេលាសម្រាប់សកម្មភាពផ្សេងៗ ដោយរៀបចំកាលវិភាគប្រចាំថ្ងៃសម្រាប់ការរៀន ការសម្រាក ការហាត់ប្រាណ និងការជួយការងារផ្ទះ។ មុនិចក៏មានទម្លាប់មើលមេរៀនជាមុន ដើម្បីត្រៀមខ្លួនសម្រាប់ការរៀននៅក្នុងថ្នាក់ ហើយទុកពេលសម្រាប់ការលេង និងសម្រាកបន្ទាប់ពីបំពេញការងារសិក្សារួចរាល់។
នៅពីក្រោយការខិតខំរបស់មុនិច មានការគាំទ្រពីលោកឪពុក អ្នកម្តាយ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ។ ក្នុងចំណោមពាក្យលើកទឹកចិត្តទាំងនោះ ពាក្យពីម្តាយថា «ជឿជាក់ កូនដឹងថាបាន A ហើយ» គឺជាពាក្យដែលមានអត្ថន័យពិសេសសម្រាប់មុនិច។ ពាក្យខ្លីមួយនេះបានក្លាយជាកម្លាំងចិត្តជំរុញឱ្យមុនិចកាន់តែខិតខំ ព្រោះមុនិចចង់ឃើញស្នាមញញឹមរបស់ម្តាយ និងមិនចង់ឱ្យម្តាយពិបាកចិត្ត។
សម្រាប់អនាគត មុនិចមានគោលដៅច្បាស់លាស់ក្នុងការបន្តការសិក្សាឱ្យបានខ្ពស់ និងក្លាយជាមនុស្សដែលមានចំណេះដឹង មានសីលធម៌ និងអាចប្រើសមត្ថភាពរបស់ខ្លួនដើម្បីជួយគ្រួសារ និងសង្គម។ ជាពិសេស មុនិចស្រមៃចង់ក្លាយជាមេធាវីដ៏ឆ្នើមមួយរូប ព្រោះមុនិចមិនចង់ឃើញអំពើអយុត្តិធម៌ ហើយចូលចិត្តភាពត្រឹមត្រូវ និងស្មើភាពគ្នា។
ជាសារទៅកាន់មិត្តភក្តិ មុនិចលើកទឹកចិត្តឱ្យសិស្សទាំងអស់ខិតខំរៀនជាប្រចាំ កុំខ្លាចក្នុងការសួរលោកគ្រូ អ្នកគ្រូនៅពេលមិនយល់ និងកុំខ្លាចការបរាជ័យ។ មុនិច ជឿថា ប្រសិនបើយើងមានការព្យាយាម និងការអត់ធ្មត់ យើងនឹងអាចទទួលបានលទ្ធផលល្អ។ ជាពិសេស មុនិចផ្តល់យោបល់ឱ្យសិស្សចូលបណ្ណាល័យ និងស្រាវជ្រាវឱ្យបានច្រើន ដើម្បីពង្រីកចំណេះដឹងលើសពីអ្វីដែលបានរៀននៅក្នុងថ្នាក់។
សមិទ្ធផលល្អមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីការខិតខំ វិន័យ ការស្វែងរកចំណេះដឹង និងការមិនបោះបង់នៅពេលជួបការលំបាក។ ពីសិស្សឆ្នើមប្រចាំថ្នាក់នៅថ្ងៃនេះ មុនិចកំពុងបោះជំហានឆ្ពោះទៅរកក្តីស្រមៃរបស់ខ្លួន ដោយមានគោលដៅច្បាស់លាស់ថា ថ្ងៃណាមួយនឹងក្លាយជាមេធាវីមួយរូបដែលប្រើចំណេះដឹង និងសមត្ថភាពដើម្បីការពារភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងសង្គម៕