ក្នុងយុគសម័យដែលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការសិក្សាសិល្បៈគំនូរនៅតែមានតួនាទីសំខាន់ក្នុងការអប់រំ ព្រោះមិនត្រឹមជួយឱ្យសិស្សអភិវឌ្ឍជំនាញសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះការសង្កេត ការគិតពិចារណា ការស្រមើស្រមៃ ភាពច្នៃប្រឌិត ការអត់ធ្មត់ និងសមត្ថភាពបញ្ចេញអារម្មណ៍តាមរយៈស្នាដៃរបស់ខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុង សៅរ៍វីរៈ គ្រូបង្រៀនជំនាញគំនូរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចាក់អង្រែ។

លោក អ៊ុង សៅរ៍វីរៈ បានឱ្យដឹងថា សិល្បៈគំនូរគឺជាមុខវិជ្ជាដែលត្រូវបានបញ្ចូលក្នុងការសិក្សាចាប់ពីកម្រិតមត្តេយ្យ រហូតដល់ថ្នាក់ទី១២ ដោយមានគោលបំណងជួយសិស្សអភិវឌ្ឍសមត្ថភាពជាច្រើនលើសពីការចេះគូររូប។ តាមរយៈសិល្បៈ សិស្សអាចទទួលបានភាពរីករាយ ហ៊ានបញ្ចេញអារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួន ព្រមទាំងរៀនចេះសង្កេត អត់ធ្មត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់លើការងាររបស់ខ្លួន។
លោកគ្រូបានបន្តថា ការសិក្សាគំនូរជួយបើកចំហការគិតរបស់សិស្ស តាមរយៈការសិក្សាពីគំនូសបន្ទាត់ ទម្រង់មូលដ្ឋាន រូបរាង ការលាយពណ៌ ពន្លឺ និងស្រមោល។ ដំណើរការទាំងនេះតម្រូវឱ្យសិស្សចងចាំ អនុវត្តន៍ សង្កេត និងសាកល្បងបង្កើតគំនិតថ្មីៗ ដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍភាពច្នៃប្រឌិត និងការស្រមើស្រមៃ។
លើសពីជំនាញសិល្បៈ សិស្សក៏អាចអភិវឌ្ឍសមត្ថភាពរៀបចំការងារឱ្យមានសណ្តាប់ធ្នាប់ បង្កើនការចងចាំ មានការទទួលខុសត្រូវ ចេះដោះស្រាយបញ្ហា និងមានភាពអត់ធ្មត់ក្នុងការសម្រេចស្នាដៃមួយឱ្យបានល្អ។ ជាពិសេស សកម្មភាពសិល្បៈអាចជួយឱ្យសិស្សមានភាពងាយស្រួលក្នុងការធ្វើការងារជាក្រុម និងរៀនចេះឱ្យតម្លៃចំពោះស្នាដៃ និងគំនិតរបស់អ្នកដទៃ។
លោក អ៊ុង សៅរ៍វីរៈ បានលើកឡើងទៀតថា សិល្បៈគំនូរមិនដាច់ដោយឡែកពីមុខវិជ្ជាផ្សេងៗឡើយ ប៉ុន្តែមានទំនាក់ទំនងជាមួយវិទ្យាសាស្ត្រ គណិតវិទ្យា និងមុខវិជ្ជាជាច្រើនទៀត។ ក្នុងការគូររូប សិស្សអាចរៀនអំពីរាងធរណីមាត្រ សមាមាត្រ ស៊ីមេទ្រី និងទំនាក់ទំនងរវាងរូបរាង ពន្លឺ និងលំហ។ ជាមួយគ្នានេះ គំនូរក៏អាចក្លាយជាមធ្យោបាយមួយសម្រាប់បង្ហាញរឿងរ៉ាវ គំនិត ទស្សនៈ និងមនោសញ្ចេតនា ដែលពេលខ្លះអាចបង្ហាញអត្ថន័យបានលើសពីពាក្យសម្តី។
ជាពិសេស ក្នុងបរិបទបច្ចេកវិទ្យា និង AI កំពុងមានការរីកចម្រើន ការសិក្សាសិល្បៈកាន់តែមានសារៈសំខាន់ ព្រោះទោះបី AI អាចជួយបង្កើតរូបភាពបានយ៉ាងលឿនក៏ដោយ ការអប់រំសិល្បៈនៅតែផ្តល់ឱ្យសិស្សនូវសមត្ថភាពគិត បញ្ចេញអារម្មណ៍ មានមនោសញ្ចេតនា និងបង្កើតគំនិតដោយខ្លួនឯង។ ដូច្នេះ ការសិក្សាសិល្បៈអាចជួយឱ្យសិស្សមានការអភិវឌ្ឍប្រកបដោយតុល្យភាពទាំងផ្នែកចំណេះដឹង ជំនាញ និងអារម្មណ៍ ហើយអាចប្រើប្រាស់បច្ចេកវិទ្យា និង AI ប្រកបដោយការពិចារណា និងការទទួលខុសត្រូវ។
មិនត្រឹមតែជួយដល់ការសិក្សាប៉ុណ្ណោះទេ សិល្បៈគំនូរក៏អាចបើកផ្លូវឱ្យសិស្សស្វែងរកអាជីពនាពេលអនាគតផងដែរ។ សិស្សដែលមានចំណាប់អារម្មណ៍ និងបន្តអភិវឌ្ឍជំនាញសិល្បៈ អាចសិក្សាបន្តទៅកាន់ជំនាញដូចជា ស្ថាបត្យកម្ម គំនូរសារគមនាគមន៍ គំនូរជីវចលសម្រាប់ហ្គេម ការថតរូប ការផលិតវីដេអូ និងភាពយន្តខ្លី សម្រាប់បណ្តាញសង្គម ព្រមទាំងការរចនាម៉ូដសម្លៀកបំពាក់ និងវិស័យច្នៃប្រឌិតជាច្រើន
ទៀត។
ជាចុងក្រោយ លោក អ៊ុង សៅរ៍វីរៈ បានផ្តល់សារដល់មាតាបិតា និងសិស្សានុសិស្សថា មិនគួរព្រួយបារម្ភថា កូន ឬសិស្សមានទេពកោសល្យពីកំណើតឬអត់នោះទេ ព្រោះសិល្បៈគឺជាជំនាញដែលអាចរៀន និងអភិវឌ្ឍតាមរយៈការអនុវត្ត។ ការសិក្សាសិល្បៈគំនូរអាចជួយឱ្យសិស្សហ៊ានគិត ហ៊ានគូរ ហ៊ានបង្ហាញទស្សនៈផ្ទាល់ខ្លួន និងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន។
លោកគ្រូបានបន្ថែមថា លោកគ្រូ អ្នកគ្រូនៅ AIS ទទួលបានការបណ្តុះបណ្តាលទាំងផ្នែកជំនាញឯកទេស និងវិធីសាស្ត្របង្រៀន ដើម្បីជួយឱ្យសិស្សអាចរៀនសិល្បៈតាមសមត្ថភាព និងសក្តានុពលរបស់ខ្លួន។ ដូច្នេះ សិល្បៈគំនូរមិនមែនគ្រាន់តែជាការរៀនគូររូបមួយមុខវិជ្ជានោះទេ ប៉ុន្តែជាដំណើរការអប់រំដែលជួយ
បណ្តុះមនុស្សម្នាក់ឱ្យចេះគិត ចេះបង្កើត ចេះសង្កេត និងហ៊ានបង្ហាញអ្វីដែលខ្លួនគិត។
សូមបញ្ជាក់ផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានបណ្តុះបណ្តាលកម្មវិធីជំនាញថ្ងៃសៅរ៍ មានសិល្បៈគំនូរ របាំ តន្ត្រី គេហកិច្ច ជំនាញគណនាលេខរហ័ស (IAMA) និងកីឡាជាច្រើន ជាជម្រើសសម្រាប់ការសិក្សាបន្ថែម ដូចជា អប់រំកាយ ល្បុក្កតោ ការ៉ាតេ តេក្វាន់ដូ បាល់ទាត់ បាល់បោះ បាល់ទះ វាយកូនឃ្លីលើតុ ហែលទឹក និងកីឡាវាយសី ជាដើម៕