សម្រាប់សិស្ស ការទទួលបានលទ្ធផលសិក្សាល្អ មិនមែនអាស្រ័យតែលើការខិតខំរៀនមួយមុខនោះទេ ប៉ុន្តែក៏ត្រូវមានវិធីសាស្ត្រសិក្សាដែលត្រឹមត្រូវ និងការអនុវត្តជាប្រចាំផងដែរ។ គឺ សុភារ៉ា សិស្សថ្នាក់ទី៦ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានចែករំលែកគន្លឹះសិក្សា៤យ៉ាង ដែលរូបប្អូនយល់ថា អាចជួយឱ្យសិស្សកាន់តែយល់មេរៀន និងទទួលបានលទ្ធផលសិក្សាល្អ។

គន្លឹះទី១ អានសៀវភៅឱ្យបានច្រើន។ សុភារ៉ា យល់ថា ការអានសៀវភៅជាប្រចាំ មិនត្រឹមតែជួយឱ្យសិស្សស្គាល់ពាក្យថ្មីៗ និងបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យងាយចងចាំ និងយល់មេរៀនបានកាន់តែប្រសើរ។

គន្លឹះទី២ ធ្វើលំហាត់ឱ្យបានច្រើន។ ការអនុវត្តលំហាត់ជាប្រចាំ ជួយឱ្យសិស្សស្គាល់ និងចេះប្រើវិធីសាស្ត្រដោះស្រាយលំហាត់ផ្សេងៗ។ ជាពិសេស ការធ្វើលំហាត់ជាបន្តបន្ទាប់ អាចជួយឱ្យសិស្សកាន់តែមានទំនុកចិត្តនៅពេលជួបលំហាត់ថ្មីៗ។
គន្លឹះទី៣ យកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀន។ សម្រាប់សុភារ៉ា ការស្តាប់គ្រូដោយយកចិត្តទុកដាក់នៅក្នុងថ្នាក់ គឺជាចំណុចសំខាន់មួយ ព្រោះការពន្យល់របស់គ្រូអាចជួយឱ្យសិស្សយល់ច្បាស់ពីខ្លឹមសារមេរៀន និងកាត់បន្ថយចម្ងល់ដែលអាចកើតមាន។
គន្លឹះទី៤ ហ៊ានសួរគ្រូនៅពេលមិនយល់។ សុភារ៉ា លើកឡើងថា នៅពេលមិនយល់មេរៀន ឬកិច្ចការផ្ទះ សិស្សមិនគួរខ្លាចក្នុងការសួរគ្រូឡើយ ព្រោះការសួរនឹងជួយឱ្យយើងដឹងពីចំណុចដែលខ្លួនមិនទាន់យល់ និងអាចកែតម្រូវការយល់ខុសបានទាន់ពេលវេលា។
សុភារ៉ា ជឿជាក់ថា ប្រសិនបើសិស្សអាចអានសៀវភៅឱ្យបានច្រើន ធ្វើលំហាត់ជាប្រចាំ ស្តាប់គ្រូដោយយកចិត្តទុកដាក់ និងហ៊ានសួរនៅពេលមិនយល់ នោះនឹងជួយបង្កើនប្រសិទ្ធភាពនៃការសិក្សា និងជំរុញឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង៕