ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ពីនិទ្ទេស A ទៅក្តីស្រមៃក្លាយជាគ្រូពេទ្យ៖ លី សុជាតា ប្តេជ្ញាយកចំណេះដឹងទៅជួយសង្គម

បានផ្សាយចេញ | ១៥ កញ្ញា ២០២៦ 191

ពីនិទ្ទេស A ទៅក្តីស្រមៃក្លាយជាគ្រូពេទ្យ៖ លី សុជាតា ប្តេជ្ញាយកចំណេះដឹងទៅជួយសង្គម

ការទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប មិនមែនជាចំណុចបញ្ចប់នៃការខិតខំរបស់សិស្ស លី សុជាតា នោះទេ ប៉ុន្តែជាជំហានថ្មីមួយឆ្ពោះទៅរកក្តីស្រមៃដែលប្អូនបានរក្សាទុកតាំងពីកុមារភាព គឺការក្លាយជាគ្រូពេទ្យ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីជួយព្យាបាល និងការពារអាយុជីវិតប្រជាជននៅក្នុងប្រទេស។

នៅពេលដឹងថាខ្លួនទទួលបាននិទ្ទេស A លី សុជាតា មានអារម្មណ៍សប្បាយចិត្ត និងមិនស្តាយក្រោយចំពោះរាល់ការខិតខំប្រឹងប្រែងរៀនសូត្រតាំងពីដើមឆ្នាំមក។ សម្រាប់ប្អូន លទ្ធផលនេះ គឺជាផលតបស្នងពីការព្យាយាម និងការមិនបោះបង់ ទោះបីជួបប្រទះមេរៀនពិបាកយល់យ៉ាងណាក៏ដោយ។



ប្អូនបានចាត់ទុកភាពជោគជ័យនេះថា ជាសមិទ្ធផលដែលគួរចែករំលែកជាមួយឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ ដែលតែងតែផ្តល់ការលើកទឹកចិត្ត និងជួយជំរុញប្អូនឱ្យបន្តខិតខំ។ ជាពិសេស គ្រួសារមិនបានដាក់សម្ពាធលើប្អូនឡើយ ប៉ុន្តែតែងតែឈរនៅពីក្រោយ និងលើកទឹកចិត្តជានិច្ច។ ពាក្យមួយដែលសុជាតាចងចាំជាពិសេសពីឪពុកម្តាយ គឺ «ចេះប៉ុណ្ណាធ្វើប៉ុណ្ណឹង កុំដាក់សម្ពាធលើខ្លួនឯងពេក»។

ក្នុងការត្រៀមប្រឡង សុជាតាមិនបានកំណត់ផែនការសិក្សាដ៏ស្មុគស្មាញនោះទេ ប៉ុន្តែផ្តោតសំខាន់លើការយល់ខ្លឹមសារមេរៀន និងអនុវត្តលំហាត់ដែលលោកគ្រូ អ្នកគ្រូបានផ្តល់ឱ្យ។ ទម្លាប់សំខាន់មួយដែលប្អូនយល់ថាបានជួយឱ្យទទួលបានលទ្ធផលល្អ គឺការមិនបោះបង់ការព្យាយាម។ នៅពេលជួបមេរៀនពិបាក ប្អូនជ្រើសរើសប្រឈមមុខនឹងវា ព្យាយាមឈ្វេងយល់ និងជម្នះរហូតដល់យល់។
ជាមួយគ្នានេះ ការគាំទ្រពីលោកគ្រូ អ្នកគ្រូ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកនិទ្ទេស A របស់សុជាតា។ លោកគ្រូ អ្នកគ្រូបានផ្តល់វិញ្ញាសាអនុវត្តជាច្រើន ដែលស្របតាមស្តង់ដាប្រឡងបាក់ឌុប បកស្រាយរាល់ចម្ងល់ និងតែងតែដាស់តឿនឱ្យប្អូនបន្តខិតខំ។

សុជាតា បានចាត់ទុកការប្រឡងប្រចាំខែនៅ AIS ជាវិធីសាស្ត្រមួយដែលមានប្រយោជន៍សម្រាប់ការសិក្សា ព្រោះអាចឱ្យសិស្សវាស់វែងសមត្ថភាពរបស់ខ្លួន និងតាមដានការរីកចម្រើនជាបន្តបន្ទាប់។ កិច្ចការផ្ទះ ការប្រឡង និងកិច្ចការស្រាវជ្រាវ ក៏ជាបទពិសោធដែលជួយឱ្យប្អូនស្គាល់ពីសមត្ថភាពរបស់ខ្លួន និងកែលម្អចំណុចដែលនៅខ្វះខាត។
លើសពីការរៀនក្នុងថ្នាក់ បរិយាកាសសិក្សាដែលមានការសហការរវាងមិត្តរួមថ្នាក់ ក៏បានជួយជំរុញទឹកចិត្តសុជាតា ផងដែរ។ ការធ្វើការងារជាក្រុម និងការចែករំលែកចំណេះដឹងជាមួយគ្នា បានបង្កើតជាបទពិសោធសិក្សាដែលជួយឱ្យប្អូនកាន់តែមានទំនុកចិត្តលើការរៀនសូត្រ។

ប៉ុន្តែ សម្រាប់សុជាតា និទ្ទេស A មិនមែនជាគោលដៅចុងក្រោយឡើយ។ បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ប្អូនមានគម្រោងបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ ព្រោះវាជាក្តីស្រមៃតាំងពីតូច។ ប្អូនចង់ក្លាយជាគ្រូពេទ្យម្នាក់ដែលអាចប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺ និងចូលរួមការពារអាយុជីវិតប្រជាជននៅកម្ពុជា។
ពីសិស្សម្នាក់ដែលតែងតែព្យាយាមយល់មេរៀន ជម្នះការលំបាក និងមិនបោះបង់ការខិតខំ សុជាតា បានបោះជំហានមួយទៀតទៅកាន់ក្តីស្រមៃរបស់ខ្លួន។ និទ្ទេស A ថ្ងៃនេះ គឺជាសក្ខីភាពនៃការខិតខំកាលពីម្សិលមិញ ខណៈក្តីស្រមៃក្លាយជាគ្រូពេទ្យ គឺជាកម្លាំងចិត្តសម្រាប់ការខិតខំរបស់ប្អូននៅថ្ងៃស្អែក។

ជាមួយសារផ្តាំទៅកាន់សិស្ស AIS ជំនាន់ក្រោយដែលកំពុងត្រៀមប្រឡងបាក់ឌុប សុជាតាបានលើកទឹកចិត្តឱ្យចាប់ផ្តើមខិតខំរៀនតាំងពីដើមឆ្នាំ ជឿជាក់លើសមត្ថភាពខ្លួនឯង និងពុះពាររាល់ការលំបាក ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនប្រាថ្នា៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Poster-01 (2).Jpg

អបអរសាទរ! សិស្ស AIS ចំនួន ៩៨នាក់ ទទួលបាននិទ្ទេស A ក្នុង...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Ms sobronit.jpg

តើអ្វីជាគន្លឹះជួយឱ្យ រម្យ សុប្រណីត ទទួលបាននិទ្ទេស A?

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Posters A.jpg

AIS ត្រៀមប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់ដល់សិស្សនិទ្ទេ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Mr Kavin.jpg

សិស្ស AIS សាខាចាក់អង្រែ សុភ័ក្រ្ត ខេវិន បង្ហើបពីផែនការស...