ការរៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ ការបែងចែកពេលវេលារវាងការរៀន និងការសម្រាក ការគាំទ្រពីគ្រួសារ ព្រមទាំងការណែនាំពីលោកគ្រូអ្នកគ្រូ និងកម្មវិធីតេស្តសាកល្បងសមត្ថភាពតាមស្តង់ដាបាក់ឌុបរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានក្លាយជាកត្តាសំខាន់ដែលជួយឱ្យ សុភ័ក្រ្ត ខេវិន សិស្សសាខាចាក់អង្រែ សម្រេចបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

សម្រាប់ សុភ័ក្រ្ត ខេវិន លទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាផ្លែផ្កានៃការខិតខំប្រឹងប្រែងអស់រយៈពេល ១២ឆ្នាំ ព្រមទាំងការគាំទ្រពីមនុស្សជុំវិញខ្លួន។ លោកបានរៀបចំកាលវិភាគសិក្សាប្រចាំសប្តាហ៍ ដោយទុកពេលសម្រាប់ទាំងការរៀន និងការសម្រាក ហើយកំណត់គោលដៅឱ្យខ្លួនឯងថា ត្រូវខិតខំសម្រេចបានលទ្ធផលសិក្សាល្អ។
ខេវិន បានរៀបរាប់ថា ពេលដឹងថាខ្លួនទទួលបាននិទ្ទេស A ប្អូនមានអារម្មណ៍រំភើបខ្លាំង ព្រោះការខិតខំប្រឹងប្រែងអស់រយៈពេល ១២ឆ្នាំ ទីបំផុតទទួលបានលទ្ធផលដូចដែលបានប៉ងប្រាថ្នា។
ក្នុងការត្រៀមប្រឡង ខេវិន មិនបានជ្រើសរើសវិធីរៀនរហូតដល់យប់ជ្រៅនោះទេ។ ផ្ទុយទៅវិញ ប្អូនផ្តោតលើការបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការរៀនមានប្រសិទ្ធភាព ខណៈពេលដែលមានពេលសម្រាក និងធ្វើសកម្មភាពដែលខ្លួនចូលចិត្ត។ ខេវិន ចូលគេងពីព្រលប់ និងក្រោកពីព្រលឹម ដើម្បីមើល
មេរៀនបន្ថែម។

ចំណែកការគាំទ្រពីសាលារៀនវិញ ខេវិន បានចាត់ទុកការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការតេស្តសាកល្បងសមត្ថភាពសិស្សតាមស្តង់ដាបាក់ឌុបរៀងរាល់ឆមាស ជាចំណុចសំខាន់មួយសម្រាប់ការត្រៀមខ្លួន។
ខេវិន បានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងទាំងនេះបានជួយឱ្យប្អូន ស្គាល់ពីសមត្ថភាពរបស់ខ្លួន និងត្រៀមលក្ខណៈបានកាន់តែល្អសម្រាប់ការប្រឡងពិតប្រាកដ។ ជាពិសេស វាបានជួយបង្កើតទំនុកចិត្ត និងធ្វើឱ្យប្អូនមានចិត្តស្ងប់នៅពេលចូលប្រឡង ដោយមិនសូវមានការភ័យខ្លាច។
ក្រៅពីការសិក្សា AIS ក៏បានផ្តល់ឱកាសឱ្យ ខេវិន អភិវឌ្ឍជំនាញដឹកនាំ និងការនិយាយជាសាធារណៈ។ ក្នុងអំឡុងពេលសិក្សា ខេវិន ធ្លាប់ធ្វើជាប្រធានក្លឹបក្រុមប្រឹក្សាសិស្សជំនាន់ទី៥ ដែលជាបទពិសោធមួយជួយឱ្យប្អូនស្គាល់ពីតម្លៃនៃការងារ មានភាពក្លាហាន និងបង្កើនទេពកោសល្យក្នុងការនិយាយ។
ជាមួយគ្នានេះ ខេវិន ក៏ទទួលបានឱកាសធ្វើជាពិធីករក្នុងកម្មវិធីផ្សេងៗរបស់សាលា ដែលបានជួយឱ្យប្អូនហ្វឹកហាត់ការនិយាយ និងបង្កើនទំនុកចិត្តលើខ្លួនឯង។ សម្រាប់ខេវិន បទពិសោធទាំងនេះមិនត្រឹមតែជួយក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត។
ខេវិន ក៏បានចែករំលែកថា បរិយាកាសសិក្សាដែលផ្តោតលើគុណភាព និងវិន័យរបស់ AIS បានធ្វើឱ្យរយៈពេលដែលប្អូនសិក្សានៅទីនេះ ក្លាយជាពេលវេលាដែលប្អូនស្រឡាញ់ និងចងចាំ។ ខេវិន យល់ថា សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាផ្នែកមួយដែលបានចូលរួមចំណែកក្នុងការនាំប្អូនមកដល់ភាពជោគជ័យនៅថ្ងៃនេះ។
នៅពីក្រោយភាពជោគជ័យ របស់ ខេវិន ក៏មានការគាំទ្រយ៉ាងសំខាន់ពីគ្រួសារ។ ប្អូនបានលើកឡើងថា ឪពុកម្តាយ បងប្អូន និងសមាជិកគ្រួសារទាំងអស់ បានលះបង់ទាំងកម្លាំងកាយ និងចិត្ត ព្រមទាំងផ្តល់កម្លាំងចិត្តនៅពេលប្អូនជួបការលំបាកក្នុងការសិក្សា។
ពាក្យលើកទឹកចិត្តពីឪពុកម្តាយដែលប្អូនចងចាំជាពិសេស គឺ «ធ្វើអីធ្វើឱ្យអស់ពីចិត្ត បើដាក់ចិត្តហើយត្រូវខំរហូតដល់បាន»។ ពាក្យនេះបានក្លាយជាកម្លាំងចិត្តសម្រាប់ខេវិន នៅពេលមានអារម្មណ៍ថាចង់បោះបង់ ឬគិតថាការប្រឡងគ្រាន់តែឱ្យជាប់ក៏បាន។

បន្ទាប់ពីទទួលបាននិទ្ទេស A ខេវិន គ្រោងបន្តការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងគណនេយ្យ ដែលជាជំនាញប្អូនស្រឡាញ់ និងជាក្តីស្រមៃតាំងពីកុមារភាព។ ខេវិន មានបំណងបើកអាជីវកម្មផ្ទាល់ខ្លួន និងអភិវឌ្ឍខ្លួនទៅជាអ្នកដឹកនាំក្រុមហ៊ុនមួយនៅថ្ងៃអនាគត។
ខេវិន ក៏ចង់យកចំណេះដឹង និងជំនាញដែលទទួលបានទៅប្រើប្រាស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងធ្វើឱ្យប្រទេសមានការរីកចម្រើនកាន់តែខ្លាំង។
រឿងរ៉ាវរបស់ សុភ័ក្រ្ត ខេវិន បង្ហាញថា លទ្ធផលសិក្សាល្អត្រូវការទាំងការខិតខំរបស់សិស្ស ការគាំទ្រពីគ្រួសារ និងការចូលរួមពីសាលារៀន និងលោកគ្រូ អ្នកគ្រូ។ តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព វិន័យ ការត្រៀមខ្លួនតាមរយៈតេស្តសាកល្បង និងឱកាសអភិវឌ្ឍជំនាញក្រៅថ្នាក់ AIS បានបង្កើតបរិយាកាសឱ្យសិស្សអាចអភិវឌ្ឍទាំងចំណេះដឹង សមត្ថភាព និងទំនុកចិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់នៃជីវិត៕
