សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នឹងរៀបចំពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សចំនួន ៩៨ រូប ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥–២០២៦ ដើម្បីអបអរសាទរ និងលើកទឹកចិត្តចំពោះសមិទ្ធផល ដែលកើតចេញពីការខិតខំប្រឹងប្រែងក្នុងការសិក្សា។
ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០នាទី ដល់ ១១:០០នាទីព្រឹក នៅសាលប្រជុំ ផល គួច ជាន់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដោយមានការចូលរួមពីគណៈគ្រប់គ្រង សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាល។
ការរៀបចំពិធីនេះ គឺជាការបង្ហាញការទទួលស្គាល់ចំពោះសិស្សដែលបានបំពេញការខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងថ្នាក់ជាតិ។ ជាមួយគ្នានេះ ពិធីក៏ជាឱកាសសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងសាលារៀន ចូលរួមអបអរសាទរចំពោះសមិទ្ធផលរបស់សិស្ស និងផ្តល់កម្លាំងចិត្តសម្រាប់ការសិក្សានៅជំហានបន្ទាប់។
សាលារៀន អន្តរទ្វីប អាមេរិកាំង សូមអបអរសាទរចំពោះសិស្សនិទ្ទេស A ទាំង ៩៨ រូប និងសូមជូនពរឱ្យប្អូនៗបន្តរក្សាការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាព និងទទួលបានជោគជ័យក្នុងការសិក្សា និងការអភិវឌ្ឍខ្លួននៅជំហានបន្ទាប់៕
