ទស្សនាវីដេូ តាមរយៈ Facebook.
ស្នាមញញឹម រូបថតអនុស្សាវរីយ៍ និងការជួបជុំប្រកបដោយភាពស្និទ្ធស្នាល បានក្លាយជាផ្នែកមួយនៃបរិយាកាសអបអរខួប២១ឆ្នាំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ខណៈគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក បានរួមគ្នាឆ្លុះបញ្ចាំងពីដំណើររយៈពេល២១ឆ្នាំ និងអនុស្សាវរីយ៍ដែលបានកើតឡើងជាមួយគ្នា។

ក្នុងឱកាសខួប២១ឆ្នាំ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក បានចូលរួមអបអរខួបតាមរយៈសកម្មភាពផ្សេងៗនៅតាមផ្នែក និងទីតាំងសាសារៀន អន្តរទ្វីប អាមេរិកាំង ទាំង១២ សាខា នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ រយៈពេល២១ឆ្នាំកន្លងមកនេះ AIS បានបន្តពង្រឹងគុណភាពអប់រំ អភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស និងលើកកម្ពស់ស្តង់ដាអប់រំ ដោយផ្តោតលើគុណភាព វិន័យ និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស និងមាតាបិតា អ្នកអាណាព្យាបាល។

ក្នុងបរិយាកាសពោរពេញដោយភាពរីករាយ សមាជិកគ្រួសារ AIS បានចាប់យកពេលវេលាដ៏មានន័យនេះ តាមរយៈការថតរូបជាមួយផ្ទាំងខួប២១ឆ្នាំ ដើម្បីរក្សាទុកជាអនុស្សាវរីយ៍នៃការរួមគ្នាបំពេញការងារ និងចែករំលែកភាពរីករាយជាមួយគ្នា។ ក្រៅពីនេះ សមាជិកគ្រួសារ AIS ក៏បានជួបជុំទទួលទានអាហារជាមួយគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម។ អនុស្សាវរីយ៍ទាំងនេះ មិនត្រឹមតែជារូបភាពដែលត្រូវបានរក្សាទុកប៉ុណ្ណោះទេ ប៉ុន្តែជាកំណត់ត្រាមួយនៃការខិតខំប្រឹងប្រែង និងការរួមចំណែករបស់សមាជិកគ្រួសារ AIS ដែលបានរួមគ្នាកសាង និងអភិវឌ្ឍសាលារៀនអស់រយៈពេល២១ឆ្នាំកន្លងមក។
ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ញើសារថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដែលបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសាលារៀនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាល ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រដល់ AIS ក្នុងការផ្តល់ការអប់រំជូនសិស្សានុសិស្ស។
ខួប២១ឆ្នាំ មិនមែនជាការរំឭកត្រឹមតែរយៈពេលដែលបានកន្លងផុតទៅនោះទេ ប៉ុន្តែជាឱកាសសម្រាប់សមាជិកគ្រួសារ AIS ចងចាំអនុស្សាវរីយ៍ដែលបានបង្កើតឡើងជាមួយគ្នា ថ្លែងអំណរគុណចំពោះការរួមចំណែកពីគ្រប់ភាគី និងបន្តដំណើរទៅមុខជាមួយគ្នា ដោយរក្សាខ្ជាប់នូវគុណភាព វិន័យ និងសេវាកម្ម៕





