ភ្នំពេញ៖ កញ្ញា ស្លេះ រ៉យ្យ៉ាន (Sleh Ryan) អតីតសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលគោក ជំនាន់ឆ្នាំ២០២២ បាននាំមកនូវមោទនភាពជូនប្រទេសកម្ពុជា ក្រោយដណ្តើមបានជ័យលាភីជើងឯកក្នុងការប្រកួតដេញដោលមតិ (Debate Competition) នៃសន្និបាតប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦ (JCI ASPAC 2026) ដែលរៀបចំឡើងនៅទីក្រុង Niigata ប្រទេសជប៉ុន។
ការប្រកួតនេះមានការចូលរួមពីក្រុមប្រកួតចំនួន ៨ក្រុម និងអ្នកចូលរួមសរុបជាង ៧,០០០នាក់ ខណៈការប្រកួតបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ តាមរយៈ ៣វគ្គប្រកួត មុនឈានដល់វគ្គផ្តាច់ព្រ័ត្ររវាងក្រុមខ្លាំងចំនួន ២ក្រុម។ ក្រុមជើងឯកកម្ពុជាមានសមាជិកមកពី CamEd Business School និង IU ក្នុងនោះដែលរួមមាន កញ្ញា ស្លេះ រ៉យ្យ៉ាន , លោក សៀង ធានស៊ឹង និងកញ្ញា អ៊ឹង ខេមរា បរមីច័ន្ទ ក៏ជាអតីតសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ ដែលបានដណ្តើមជើងឯកការប្រកួតដេញដោលមតិ ក្នុងសន្និបាតប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦ របស់សភាយុវពាណិជ្ជករអន្តរជាតិ នៅទីក្រុង Niigata ប្រទេសជប៉ុន។
កញ្ញា ស្លេះ រ៉យ្យ៉ាន បានបង្ហាញអារម្មណ៍រំភើបចំពោះសមិទ្ធផលនេះថា៖
«ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែលអាចនាំយកជ័យជម្នះមកជូនប្រទេសកម្ពុជា។ ជ័យជម្នះនេះមិនមែនជាលទ្ធផលនៃការខិតខំរបស់ខ្ញុំតែម្នាក់ឯងនោះទេ ប៉ុន្តែក៏កើតចេញពីការគាំទ្ររបស់លោកគ្រូ អ្នកគ្រូ ក្រុមគ្រួសារ និងមិត្តភក្តិផងដែរ»។
កញ្ញាបានឱ្យដឹងថា ចំណង់ចំណូលចិត្តក្នុងការបញ្ចេញទស្សនៈដោយផ្អែកលើហេតុផល និងភស្តុតាង គឺជាកម្លាំងជំរុញសំខាន់ដែលនាំឱ្យនាងចូលរួមការប្រកួតនេះ។ ទន្ទឹមនឹងនេះ នាងក៏ចង់អភិវឌ្ឍជំនាញគិតវិភាគ ការនិយាយជាសាធារណៈ និងសាកល្បងសមត្ថភាពរបស់ខ្លួនជាមួយយុវជនមកពីប្រទេសផ្សេងៗផងដែរ។
បើតាមកញ្ញា បរិយាកាសប្រកួតមានលក្ខណៈវិជ្ជាជីវៈ និងប្រកួតប្រជែងខ្ពស់ ដោយបេក្ខជននីមួយៗសុទ្ធតែមានការត្រៀមខ្លួនយ៉ាងល្អ និងអាចបង្ហាញទស្សនៈរបស់ខ្លួនប្រកបដោយអំណះអំណាងច្បាស់លាស់។ អ្វីដែលពិសេសនោះ គឺឱកាសក្នុងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់។
សម្រាប់ប្រធានបទដេញដោលវិញ កញ្ញាបានបញ្ជាក់ថា ផ្តោតសំខាន់លើបញ្ហាសង្គមសម័យទំនើប ដូចជា ភាពត្រឹមត្រូវផ្នែកនយោបាយ (Political Correctness) និងការសន្ទនាដោយស្មោះត្រង់ ក៏ដូចជាឥទ្ធិពលរបស់បណ្តាញសង្គមទៅលើភាពជាអ្នកដឹកនាំ និងការយល់ឃើញរបស់សាធារណជនអំពីភាពជោគជ័យ។ ប្រធានបទទាំងនេះទាមទារឱ្យបេក្ខជនធ្វើការវិភាគស៊ីជម្រៅ និងលើកយកឧទាហរណ៍ជាក់ស្តែងមកគាំទ្រទស្សនៈរបស់ខ្លួន។
ទាក់ទងនឹងការត្រៀមខ្លួនមុនការប្រកួត កញ្ញាបានឱ្យដឹងថា ក្រុមបានចំណាយពេលស្រាវជ្រាវលើប្រធានបទជាច្រើន ហ្វឹកហាត់ការនិយាយ ការឆ្លើយសំណួរភ្លាមៗ និងការធ្វើការងារជាក្រុមជាប្រចាំ។ ក្រៅពីនេះ ក៏មានការរៀបចំការដេញដោលសាកល្បងជាច្រើនលើក ដើម្បីបង្កើនទំនុកចិត្ត និងភាពរហ័សរហួនក្នុងការឆ្លើយតប សកម្មភាពទាំងនេះពោលគឺ កញ្ញាទទួលបានមូលដ្ឋានគ្រឹះ កាលរៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ។
សម្រាប់យុវជនកម្ពុជាដែលមានបំណងចូលរួមការប្រកួតលើឆាកអន្តរជាតិ កញ្ញាបានផ្ញើសារលើកទឹកចិត្តថា៖
«ចូរហ៊ានសាកល្បងឱកាសថ្មីៗ កុំខ្លាចការប្រកួតប្រជែង និងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ការខិតខំប្រឹងប្រែង និងការត្រៀមខ្លួនបានល្អ នឹងជួយឱ្យយើងឈានទៅរកភាពជោគជ័យបាន»។
បន្ទាប់ពីទទួលបានជ័យជម្នះនៅប្រទេសជប៉ុន កញ្ញា និងក្រុមការងារមិនមានបំណងឈប់ត្រឹមនេះឡើយ។ ពួកគេគ្រោងបន្តហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួត World Congress នៅប្រទេសហ្វីលីពីន ដែលនឹងប្រមូលផ្តុំបេក្ខជនឆ្នើមមកពីជុំវិញពិភពលោក។
ជាចុងក្រោយ កញ្ញាបានបញ្ជាក់ថា នាងមានបំណងចែករំលែកបទពិសោធ និងជំនាញដែលទទួលបានទៅកាន់យុវជនជំនាន់ក្រោយ តាមរយៈកម្មវិធីអប់រំ ការបណ្តុះបណ្តាល និងសកម្មភាពសង្គមនានា ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕