សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីទិវាកីឡា ដោយបង្កើតបានបរិយាកាសសប្បាយរីករាយ និងពោរពេញដោយស្មារតីសាមគ្គីភាព។
លោកស្រី វ៉ាន់នី និមល ចាងហ្វាងរងកម្រិតក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលសង្កែ បានឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍកុមារពីវ័យដំបូង ដោយផ្តោតលើការបណ្តុះទម្លាប់ស្រឡាញ់កីឡា បង្កើតបរិយាកាសសិក្សាក្រៅថ្នាក់ដែលរីករាយ និងបង្រៀនឱ្យកុមារយល់ដឹងអំពីការងារជាក្រុម ព្រមទាំងបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិទាំងក្នុង និងក្រៅថ្នាក់។
ក្នុងឱកាសនេះ លោកគ្រូ អ្នកគ្រូបានដឹកនាំសិស្សចូលរួមលេងសកម្មភាពកីឡាជាច្រើន ដូចជា ការកម្ដៅសាច់ដុំជាមួយចលនាមូលដ្ឋាន ការរត់ប្រណាំងចម្ងាយខ្លី ការដើរលើបន្ទាត់ត្រង់ ការរើសបាល់ដាក់កន្ត្រក ការបញ្ជូនវត្ថុបន្តគ្នា និងការរត់ជៀសឧបសគ្គតូចៗ ដែលជួយបង្កើនការសម្របសម្រួលរវាងភ្នែក និងចលនាដៃជើង។

តាមការបញ្ជាក់ ការចូលរួមក្នុងសកម្មភាពកីឡាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍទាំងផ្នែករាងកាយ និងផ្នែកសង្គមរបស់កុមារ។ ផ្នែករាងកាយ កុមារមានការលូតលាស់សាច់ដុំធំ និងសាច់ដុំតូចបានល្អ មានលំនឹងរាងកាយរឹងមាំ និងមានភាពរហ័សរហួន ខណៈផ្នែកសង្គមវិញ កុមារចេះអត់ធ្មត់រង់ចាំវេន ចេះចែករំលែក ជួយលើកទឹកចិត្តមិត្តភក្តិ និងទទួលយកលទ្ធផលឈ្នះ-ចាញ់ដោយស្នាមញញឹម។
លើសពីនេះ សកម្មភាពកាយវិការនានាក៏ជួយជំរុញដល់ការអភិវឌ្ឍខួរក្បាល ធ្វើឱ្យកុមារមានភាពឆ្លាតវៃ និងចងចាំបានល្អ។ ការចូលរួមលេងល្បែងទោះជាលទ្ធផលឈ្នះ ឬចាញ់ ក៏ជួយបង្កើនភាពក្លាហាន និងជំនឿលើសមត្ថភាពខ្លួនឯងផងដែរ។

តាមរយៈកម្មវិធីនេះ សិស្សានុសិស្សទទួលបានទាំងភាពសប្បាយរីករាយ សុខភាពល្អ និងស្មារតីស្រស់ថ្លា ព្រមទាំងបានបង្កើតអនុស្សាវរីយ៍ល្អៗក្នុងវ័យកុមារ និងបង្កើនភាពស្និទ្ធស្នាលជាមួយលោកគ្រូអ្នកគ្រូ និងមិត្តរួមសាលា។
«ក្នុងសារទៅកាន់មាតាបិតា និងសិស្សានុសិស្ស គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងពីមាតាបិតា និងអ្នកអាណាព្យាបាល ដែលតែងជំរុញកូនៗឱ្យចូលរួមសកម្មភាពកីឡា។ ការលេងកីឡាមិនត្រឹមតែធ្វើឱ្យរាងកាយមាំមួននោះទេ ប៉ុន្តែវាជាគ្រឹះដ៏សំខាន់ក្នុងការកសាងបុគ្គលិកលក្ខណៈ ក្លាហាន និងវិន័យសម្រាប់កុមារ។ ទន្ទឹមនឹងនេះដែរ កូនៗសិស្សានុសិស្សទាំងអស់ ពិតជាធ្វើបានល្អណាស់នៅថ្ងៃនេះ! សូមបន្តរក្សាស្មារតីកីឡា ភាពរីករាយ និងការស្រឡាញ់សុខភាពបែបនេះជារៀងរហូតតទៅ។ »
 (5).png)