នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង មើលទៅខុសប្លែកពីរាល់ថ្ងៃ ព្រោះមិនត្រឹមតែជាកន្លែងសិក្សាទេ ប៉ុន្តែបានក្លាយជាកន្លែងភ្ជាប់ចិត្តគ្រួសារ ក្នុងកម្មវិធីមួយក្រោមប្រធានបទ “មហាកម្លាំងចិត្តគឺ ពុក” ដែលរៀបចំសម្រាប់សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ជាពិសេសលោកឪពុក។

ក្រោមបរិយាកាសសាមញ្ញ ប៉ុន្តែពោរពេញដោយអារម្មណ៍រំភើបរីករាយ សកម្មភាពនានាត្រូវបានរៀបចំឡើង ដើម្បីបំបែកភាពអៀនខ្មាសដែលជាឧបសគ្គធំបំផុតរវាងឪពុក និងកូនវ័យជំទង់។ ពាក្យដែលធ្លាប់តែស្ងៀមស្ងាត់ក្នុងចិត្ត ក្លាយជាការបង្ហាញអារម្មណ៍ពិតប្រាកដ ខណៈសិស្សខ្លះបានហ៊ាននិយាយអរគុណ និងបង្ហាញក្តីស្រឡាញ់ទៅកាន់ឪពុករបស់ខ្លួន ជាលើកដំបូង។ ពេលវេលាដ៏ខ្លី ប៉ុន្តែមានន័យនេះ បានបំប្លែងចម្ងាយឱ្យកាន់តែជិត និងធ្វើឱ្យការយល់ចិត្តគ្នាកាន់តែច្បាស់។

កម្មវិធីនេះ មិនត្រឹមតែផ្តល់បទពិសោធប៉ុណ្ណោះទេ ប៉ុន្តែបង្កើតតម្លៃជាច្រើនក្នុងពេលតែមួយ ដោយបណ្តុះស្មារតីដឹងគុណ និងកតញ្ញូតាធម៌ ឱ្យសិស្សយល់ពីតួនាទីដ៏សំខាន់របស់លោកឪពុកជាបង្គោលគ្រួសារ។ ជាមួយគ្នានេះ ក៏បានបើកផ្លូវឱ្យមានការសន្ទនាដោយសេរី កាត់បន្ថយគម្លាត និងជម្លោះក្នុងគ្រួសារ ខណៈដែលទំនាក់ទំនងរវាងសាលារៀន និងអ្នកអាណាព្យាបាលក៏ត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំ។

“មហាកម្លាំងចិត្តគឺ ពុក” មិនមែនជាកម្មវិធីមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាសារដ៏មានអត្ថន័យ ដែលបន្តរំឭកជាប់នៅក្នុងចិត្តសិស្សានុសិស្សរាល់ថ្ងៃ។ តាមរយៈការរៀបចំកម្មវិធីបែបនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្ហាញយ៉ាងច្បាស់ថា ការអប់រំគុណតម្លៃជីវិត និងការចងក្រងទំនាក់ទំនងគ្រួសារ គឺជាគន្លឹះសំខាន់មួយក្នុងការបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាព និងចិត្តសម្បទាដ៏ល្អសម្រាប់អនាគត៕
