នៅថ្ងៃទី១ និងទី២ ខែកក្កដា ឆ្នាំ២០២៥ សិស្សថ្នាក់ទី៩ ចំនួនសរុប ៧៤៤នាក់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទាំង១២ សាខានៅរាជធានីភ្នំពេញ និងខេត្ត បានចូលរួមប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦។ ការប្រឡងនេះ រៀបចំឡើងសម្រាប់សិស្សក្នុងប្រព័ន្ធ AIS ប៉ុណ្ណោះ ហើយជាជំហានសំខាន់មួយក្នុងដំណើរការសិក្សា មុនឆ្ពោះទៅកម្រិតបន្ទាប់។

លោក ហ៊ិន គឹមហៀក ចៅហ្វាងមធ្យមសិក្សាបឋមភូមិ ការិយាល័យកណ្តាល បានឱ្យដឹងថា វិញ្ញាសាប្រឡងត្រូវបានរៀបចំយ៉ាងម៉ត់ចត់ និងមានស្តង់ដាខ្ពស់ ដោយគណៈគ្រប់គ្រងសាលារៀន ក្នុងរយៈពេល២ថ្ងៃពេញ។ លោកបន្ថែមថា ឆ្នាំនេះមានការកែលម្អសំខាន់មួយ គឺការប្រើប្រាស់វិញ្ញាសាស្តង់ដាតែមួយសម្រាប់គ្រប់សាខាទាំងអស់ ដើម្បីធានាភាពស្មើភាព និងគុណភាពអប់រំដូចគ្នា។
សម័យប្រឡង នៅថ្ងៃទី១ ខែកក្កដា វេនព្រឹក សិស្សប្រឡងវិញ្ញាសា តែងសេចក្តី គីមីវិទ្យា និងផែនដីនិងបរិស្ថានវិទ្យា ខណៈវេនរសៀល មានវិញ្ញាសា រូបវិទ្យា ភូមិវិទ្យា និងសីលធម៌-ពលរដ្ឋ។ ចំណែកថ្ងៃទី២ វេនព្រឹក ប្រឡងវិញ្ញាសា គណិតវិទ្យា និងការសរសេរតាមអាន ខណៈវេនរសៀល ប្រឡងវិញ្ញាសា ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាអង់គ្លេស។

ដំណើរការប្រឡងត្រូវបានអនុវត្តដោយមានការចូលរួមយ៉ាងសកម្មពីគណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ ក្នុងការរៀបចំ កាត់វិញ្ញាសា និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយគណៈកម្មការ អនុរក្សផងដែរ។ ក្នុងមួយបន្ទប់ប្រឡង មានសិស្សប្រមាណ ២៥នាក់ និងមានអនុរក្សចំនួន ២នាក់ ដើម្បីធានាថាការប្រឡងប្រព្រឹត្តទៅតាមបទប្បញ្ញត្តិ និងស្តង់ដាផ្លូវការ។
លទ្ធផលនៃការប្រឡង គ្រោងនឹងប្រកាសនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គួរបញ្ជាក់ថា ការប្រឡងនេះធ្វើឡើងតែមួយលើកគត់ ហើយមិនមានការប្រឡងសងឡើងវិញនោះឡើយ។
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សូមជូនពរឱ្យសិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ ក្នុងការប្រឡងដ៏សំខាន់នេះ៕
