ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS សាខាសៀមរាប ប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី៦ និងទី៩ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ

បានផ្សាយចេញ | ០១ សីហា ២០២៦ 100

AIS សាខាសៀមរាប ប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី៦ និងទី៩ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានរៀបចំពិធីប្រគល់ និងទទួលវិញ្ញាបនបត្រ ជូនដល់សិស្សថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី៦ និងទី៩ ដែលបានបញ្ចប់កម្រិតថ្នាក់តាមភូមិសិក្សារបស់ខ្លួនដោយជោគជ័យ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលជាច្រើនកុះករ។

ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលវិញ្ញាបនបត្រដល់សិស្សនាពេលនោះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានមានប្រសាសន៍ អបអរសាទរចំពោះលទ្ធផលសិក្សាដែលកូនៗ បានខិតខំប្រឹងប្រែងរយៈពេលពេញមួយឆ្នាំសិក្សា និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ។ លោកស្រីបន្តថា «នាងខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ‌ឥតឧបមា ដែលបានឃើញកូនៗទាំងអស់គ្នាទទួលបានជោគជ័យក្នុងការសិក្សា ហើយភាពជោគជ័យទាំងអស់នេះមិនមែនបានមកដោយការចៃដន្យនោះទេ តែលទ្ធផលល្អទាំងអស់នេះបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្ររបស់កូនៗទាំងអស់គ្នា។» 

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី ក៏បានថ្លែងអំណរគុណដល់មាតាបិតា អ្នកអាណាព្យាបាលទាំងអស់ដែលបានយកចិត្តទុកដាក់ពិនិត្យតាមដានការសិក្សា និងសហការយ៉ាងស្អិតរមួតក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន តែងតែចូលរួមគ្រប់កម្មវិធីផ្សេងៗរបស់សាលារៀន ក្នុងការលើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់យ៉ាងកក់ក្តៅដល់កូនៗទាំងអស់គ្នា។



ជាមួយគ្នានេះ លោកស្រី រស់ យ៉ាណា ក៏បានរំលេចឱ្យដឹងផងដែរថា ការអប់រំដំបូងដែលមានគុណភាព មិនមែនគ្រាន់តែបង្រៀនអក្សរ ឬលេខប៉ុណ្ណោះទេ ប៉ុន្តែជាការ កសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី កាយ ចិត្ត និងសីលធម៌ ដែលនាំឱ្យកុមាររីកចម្រើន និងជោគជ័យនៅអនាគត។
ហេតុនេះហើយ ការវិនិយោគលើការអប់រំថ្ងៃនេះ គឺជាការកំណត់អនាគតរបស់កូនៗសម្រាប់ថ្ងៃស្អែក។
សាលារៀន អន្តរទ្វីប អាមេរិកាំង ជឿជាក់ថា «គ្រូបង្រៀនល្អ បង្កើតថ្នាក់រៀនល្អ ថ្នាក់រៀនល្អ បង្កើតសិស្សល្អ សិស្សល្អ បង្កើតសង្គមល្អ ហើយសង្គមល្អ បង្កើតអនាគតរឹងមាំសម្រាប់ប្រទេសជាតិ»។



សូមជម្រាបជូនថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៦–២០២៧ សាលានឹងចាប់ផ្តើមបវេសនកាលនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។ មុនឈានចូលឆ្នាំសិក្សាថ្មី សាលាក៏បានរៀបចំកម្មវិធីរៀនត្រៀមដោយឥតគិតថ្លៃ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ សូមមាតាបិតា និងអ្នកអាណាព្យាបាល រួសរាន់ចុះឈ្មោះឱ្យបុត្រធីតាចូលរួម ដើម្បីទទួលបានការត្រៀមខ្លួនដ៏ល្អសម្រាប់ឆ្នាំសិក្សាថ្មី។



សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាសាលាចំណេះដឹងទូទៅ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ តាមបែបខ្មែរ–អាមេរិកាំង ដំបូងគេនៅកម្ពុជា។ សាលាផ្តោតលើគុណភាព វិន័យ និងសេវាកម្ម មានបរិយាកាសសិក្សាផាសុកភាព ថ្នាក់រៀនទាក់ទាញ សម្ភារបង្រៀនគ្រប់គ្រាន់ និងគ្រូបង្រៀនមានជំនាញវិជ្ជាជីវៈ។

AIS មានវត្តមានលើវិស័យអប់រំចាប់តាំងពីឆ្នាំ២០០៥  គិតមកដល់បច្ចុប្បនេះគឺមានអាយុកាលជាង ២
ទស្សវត្សរ៍មកហើយ។ តាមរយៈបទពិសោធ របស់សាលាកន្លងមកនេះ សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពី AIS មានសីលធម៌ល្អ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងចំណេះដឹងគ្រប់សកម្មភាពទាំងក្នុង និងក្រៅប្រទេស និងចូលរួមបម្រើការងារក្នុងក្រសួងស្ថាប័នជាតិក្នុងតួនាទីធំៗ ជាអ្នកដឹកនាំក្រុមហ៊ុន និងបន្តការសិក្សា និងមានការងារនៅក្រៅប្រទេសជាច្រើនទៀតផងដែរ៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/G2.jpg

សិស្សមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/G66.jpg

មោទនភាព AIS! សិស្សថ្នាក់ទី៦ បញ្ចប់ការសិក្សាដោយជោគជ័យ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Sport SR.jpg

បិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/SP12.jpg

AIS បិទការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងល...