ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អនុស្សាវរីយ៍ល្អៗ និងភាពប្រណិតក្នុងពិធីលៀងសាយភោជន “AIS Senior Prom Night 2026”

បានផ្សាយចេញ | ២២ សីហា ២០២៦ 109

អនុស្សាវរីយ៍ល្អៗ និងភាពប្រណិតក្នុងពិធីលៀងសាយភោជន “AIS Senior Prom Night 2026”

ក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីលៀងសាយភោជនសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ “AIS Senior Prom Night 2026” ក្រោមប្រធានបទ “The Modern Gala” ដើម្បីអបអរសាទរការបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ និងបង្កើតអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់សិស្ស មុនឈានទៅជំហានថ្មីនៃការសិក្សា និងជីវិត នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈកម្មការ លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សថ្នាក់ទី១២ ជាច្រើនរូប ក្នុងបរិយាកាសដ៏ស្រស់ស្អាត ប្រណិត និងពោរពេញដោយភាពរីករាយ។



“The Modern Gala” ត្រូវបានរៀបចំឡើងដោយបញ្ចូលគ្នារវាងភាពប្រណិតនៃបែបបទរាជវង្សសម័យទំនើប និងបរិយាកាសនៃកម្មវិធី Gala ដែលផ្តោតលើភាពស្រស់ស្អាត ភាពថ្លៃថ្នូរ និងភាពស៊ីវិល័យទាន់
សម័យ។ អ្នកចូលរួមបានបង្ហាញពីភាពស្រស់ស្អាត និងភាពប្រណិតតាមរយៈការតុបតែងខ្លួន និងសម្លៀកបំពាក់រាត្រីសមោសរ ខណៈបរិយាកាសក្នុងកម្មវិធីត្រូវបានបន្ថែមភាពរស់រវើកដោយតន្ត្រី ការច្រៀង ការរាំ ការថតរូបអនុស្សាវរីយ៍ អាហារប៊ូហ្វេ និងការសម្តែងពិសេសផ្សេងៗ។

ប្រធានក្រុមប្រឹក្សាសិស្ស ជំនាន់ទី៦ យុវសិស្ស ជា វឌ្ឍនា បានឱ្យដឹងថា ការរៀបចំ “AIS Senior Prom Night 2026” មានគោលបំណងសំខាន់ក្នុងការអបអរសាទរការខិតខំប្រឹងប្រែង និងការបញ្ចប់ការសិក្សារបស់សិស្សថ្នាក់ទី១២ ព្រមទាំងបង្កើតឱកាសឱ្យសិស្ស លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់បានជួបជុំគ្នា ពង្រឹងចំណងមិត្តភាព និងបង្កើតអនុស្សាវរីយ៍ដ៏ល្អមួយ មុនពេលសិស្សបន្តដំណើរទៅសិក្សានៅមហាវិទ្យាល័យ ឬជំនាញផ្សេងៗតាមគោលដៅរបស់ខ្លួន។



លោកបានបន្តថា កម្មវិធីនេះក៏មានគោលបំណងប្រមូលថវិកាសម្រាប់ធ្វើជា មូលនិធិសប្បុរសធម៌ ជួយដល់សាលារៀននានានៅតំបន់ជនបទផងដែរ ដែលជាការចូលរួមចំណែករបស់សិស្សក្នុងការផ្តល់ឱកាស និងការគាំទ្រដល់វិស័យអប់រំ។

“AIS Senior Prom Night” ត្រូវបានរៀបចំឡើងជាលើកដំបូងដោយក្រុមប្រឹក្សាសិស្សក្នុងឆ្នាំ២០២២ ក្រោមប្រធានបទ “The Starry Night” ហើយបានក្លាយជាកម្មវិធីប្រចាំឆ្នាំសម្រាប់សិស្សថ្នាក់ទី១២។ ជារៀងរាល់ឆ្នាំ កម្មវិធីនេះមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សថ្នាក់ទី១២ ព្រមទាំងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីជាតារាកិត្តិយសផងដែរ។
ក្នុងឱកាសនោះ លោកស្រី រស់ យ៉ាណា បានអបអរសាទរចំពោះសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា និងបានកសាងសមិទ្ធផលផ្សេងៗក្នុងអំឡុងពេលសិក្សានៅ AIS។ លោកស្រីបានលើកឡើងថា ពិធីនេះមិនត្រឹមតែជាការជួបជុំអបអរសាទរការបញ្ចប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានអត្ថន័យសម្រាប់សិស្សក្នុងការរក្សាចំណងមិត្តភាព និងការចងចាំល្អៗជាមួយមិត្តរួមជំនាន់ លោកគ្រូ អ្នកគ្រូ និងសាលារៀន មុនពេលពួកគេចាប់ផ្តើមជីវិតសិក្សា និងអាជីពនៅដំណាក់កាលថ្មី។

លោកស្រីបានបន្ថែមថា ទោះបីសិស្សម្នាក់ៗនឹងបន្តទៅសិក្សានៅមហាវិទ្យាល័យ ឬជំនាញផ្សេងៗគ្នា និងនៅទីកន្លែងផ្សេងៗគ្នាក៏ដោយ ក៏ចំណងមិត្តភាព និងអនុស្សាវរីយ៍ដែលបានកសាងឡើងក្នុងអំឡុងពេលសិក្សានៅ AIS នៅតែជាផ្នែកមួយដ៏មានតម្លៃក្នុងដំណើរជីវិតរបស់ពួកគេ។

ជាមួយនឹងបរិយាកាសដ៏ស្រស់ស្អាត ភាពប្រណិត និងសកម្មភាពកម្សាន្តជាច្រើន “AIS Senior Prom Night 2026” បានក្លាយជារាត្រីដ៏ពិសេសមួយសម្រាប់សិស្សថ្នាក់ទី១២ ដែលមិនត្រឹមតែអបអរសាទរចំពោះដំណើរមួយដែលបានបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចាប់ផ្តើមនៃដំណើរថ្មី ឆ្ពោះទៅរកក្តីស្រមៃ និងអនាគតរបស់ពួកគេផងដែរ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/SP12.jpg

AIS បិទការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងល...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Sport SR.jpg

បិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Photo22.jpg

AIS ប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យសិក្សា ថ្នា...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/the Irrawaddy (1000 pxx 600 px) Thumbnail.jpg

AIS អបអរសាទរ សិស្សថ្នាក់ទី៩ បញ្ចប់ការសិក្សាឆ្នាំ២០២៥–២០...