សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រលើកទី៥០ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួនប្រមាណជា ១,២០០នាក់ និងជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ដែលបង្ហាញពីការបញ្ចប់ដំណាក់កាលសិក្សាថ្នាក់វិទ្យាល័យ និងជាចំណុចចាប់ផ្តើមនៃដំណាក់កាលសិក្សាថ្មីមួយទៀត ឆ្ពោះទៅអនាគតរបស់ពួកគេ។
ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើនកុះករ។

ថ្លែងក្នុងឱកាសនេះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអបអរសាទរចំពោះសមិទ្ធផល និងភាពជោគជ័យរបស់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលពេញមួយឆ្នាំសិក្សា រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ លោកស្រីមានប្រសាសន៍ថា «នាងខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយឥតឧបមា ដែលបានឃើញប្អូនៗទាំងអស់គ្នាទទួលបានជោគជ័យក្នុងការសិក្សា។ ភាពជោគជ័យទាំងអស់នេះមិនមែនបានមកដោយការចៃដន្យនោះទេ តែលទ្ធផលល្អទាំងអស់នេះបានមកពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់រៀនសូត្ររបស់ប្អូនៗទាំងអស់គ្នា»។

លោកស្រី រស់ យ៉ាណា ក៏បានថ្លែងអំណរគុណដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលបានយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយសាលារៀន ក្នុងការលើកទឹកចិត្ត ផ្តល់ការគាំទ្រ និងក្តីស្រឡាញ់ដល់កូនៗជាបន្តបន្ទាប់។

ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានមានប្រសាសន៍ថា ការបញ្ចប់ការសិក្សាថ្នាក់
វិទ្យាល័យមិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយទៀតក្នុងជីវិត។ អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តការសិក្សានៅសាកលវិទ្យាល័យ ដើម្បីពង្រឹងចំណេះដឹង និងជំនាញ ដែលអាចជួយឱ្យពួកគេមានសមត្ថភាពកាន់តែប្រសើរក្នុងការស្វែងរកការងារ ឬបង្កើតអាជីវកម្មដោយខ្លួនឯងនាពេលអនាគត។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់បន្ថែមថា «សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ តែងតែឈរលេខរៀងទី១ ទូទាំងប្រទេស ដែលយើងអាចនិយាយដោយមោទនភាពថា ពិតជាសាលារៀនដ៏អស្ចារ្យ និងពិតជាមជ្ឈមណ្ឌលភាសាដ៏ល្អ»។ អ្នកឧកញ៉ា បានបន្ថែមថា AIS មិនត្រឹមតែផ្តោតលើការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្សចូលរួមក្នុងសកម្មភាពកីឡា សិល្បៈ បច្ចេកវិទ្យា ការប្រកួតប្រជែងអន្តរជាតិ និងទទួលបានឱកាសសិក្សាតាម រយៈកិច្ចសហការជាដៃគូជាមួយសាកលវិទ្យាល័យនៅប្រទេសចិន ជប៉ុន និងបណ្តាប្រទេសផ្សេងៗ
ទៀត។»

សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់ជូននូវថ្នាក់សិក្សាចំណេះដឹងទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង ២ទស្សវត្សរ៍ ហើយ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលអាចឱ្យសិស្សានុសិស្សជ្រើសរើស ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគេ។
លើសពីកម្មវិធីសិក្សាក្នុងថ្នាក់ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ផ្តល់ឱកាសឱ្យសិស្សចូលរួមក្នុងសកម្មភាព និងមុខវិជ្ជាជំនាញជម្រើសជាច្រើន ដូចជា គំនូរ របាំ តន្ត្រី កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡា រួមមាន ការ៉ាតេ បាល់បោះ បាល់ទះ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។

ជាមួយនឹងកម្មវិធីសិក្សាចម្រុះ សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់នូវបរិយាកាសសិក្សាដែលមានផាសុកភាព និងបរិក្ខារសិក្សាសមស្រប រួមមាន បន្ទប់សិក្សា បន្ទប់ស្រាវជ្រាវ និងបន្ទប់ពិសោធន៍ ដែលបំពាក់ដោយឧបករណ៍ចាំបាច់សម្រាប់ការសិក្សា។ លោកគ្រូ អ្នកគ្រូ មានក្រមសីលធម៌វិជ្ជាជីវៈ ជំនាញគរុកោសល្យ និងបទពិសោធខ្ពស់ ដោយផ្សារភ្ជាប់ការបង្រៀនជាមួយបទពិសោធជាក់ស្តែងទាំងក្នុង និងក្រៅថ្នាក់រៀន ដើម្បីជួយឱ្យសិស្សងាយយល់ និងអាចអនុវត្តន៍ចំណេះដឹងបានប្រកបដោយប្រសិទ្ធភាព។
ការប្រគល់វិញ្ញាបនបត្រលើកទី៥០ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ គឺជាសក្ខីកម្មមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងការរៀបចំសិស្សឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាពត្រៀមខ្លួនសម្រាប់ការសិក្សាបន្ត និងជីវិតនាពេលអនាគត៕
