ក្រៅពីម៉ោងសិក្សា និងការរៀនសូត្រយ៉ាងច្រើនមក សិស្សានុសិស្ស ក៏អាចធ្វើនូវសកម្មភាពក្រៅម៉ោងសិក្សាផ្សេងៗជាច្រើន។ សកម្មភាពទាំងនេះ មានដូចជា ការលេងកីឡា ការលេងឧបករណ៍ភ្លេង និងចូលរៀនភាសាផ្សេងៗជាដើម។ សកម្មភាពទាំងនេះ មិនត្រឹមតែបានផ្ដល់នូវអារម្មណ៍សប្បាយរីករាយ និងរំសាយភាពតានតឹងរបស់សិស្សានុសិស្សនោះទេ យ៉ាងណាមិញ វាក៏អាចផ្ដល់នូវជំនាញថ្មីៗជាច្រើន ព្រមទាំងទទួលបាននូវបទពិសោធ និងចំណេះដឹងថ្មីៗបន្ថែមទៀតផងដែរ។
១. កីឡា
ក.បាល់ទាត់
បាល់ទាត់ គឺជាប្រភេទកីឡាមួយប្រភេទ ដែលអ្នកអាចលេងបាន ពេលទំនេរពីម៉ោងសិក្សា។ ការប្រកួតប្រជែង ភាពស្និទ្ធស្នាលជាមួយមិត្តភក្តិ ការសាមគ្គីគ្នាក្នុងការលេង និងការរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីឱ្យក្រុមរបស់ខ្លួន ទទួលបានភាពជោគជ័យក្នុងពេលប្រកួត បានធ្វើឱ្យបុគ្គលអ្នកលេងទទួលបាននូវជំនាញថ្មីៗបន្ថែមទៀត។ ការលេងកីឡា បានផ្ដល់នូវផលប្រយោជន៍ជាច្រើនដូចជា៖
- មានភាពសកម្មក្នុងការរស់នៅ
- លើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ
- ភាពរហ័សរហួននៃការលេងបាល់ទាត់ ធ្វើឱ្យមានការគិតរហ័សរហួន
- មានសាមគ្គីភាពក្នុងក្រុម
- បាល់ទាត់បានបណ្ដុះនូវស្មារតី និងវិន័យរឹងមាំ
- ការចូលរួមក្នុងការប្រកួតបាល់ទាត់ ក៏បានបង្កើតនូវមិត្តភាពដែលស្ថិតស្ថេរដែរ
- ធ្វើឱ្យរាងកាយមាំមួនល្អ ដូចជាប្រព័ន្ធគ្រោងឆ្អឹង បេះដូង សួត និងសាច់ដុំជាដើម។
២. ការលេងឧបករណ៍ភ្លេង
ការចូលរៀន ឬសិក្សាស្វែងយល់ពីការលេងឧបករណ៍ភ្លេងថ្មីៗ ដូចជា ហ្គីតា ព្យាណូ ខ្លុយ វីយ៉ូឡុង និងឧបករណ៍ភ្លេងផ្សេងៗទៀត បានផ្ដល់នូវភាពសប្បាយរីករាយ បំភ្លេចនូវអារម្មណ៍របស់ខ្លួន ចេញពីការគិតអវិជ្ជមានផ្សេងៗ និងអាចបង្ហាញនូវអារម្មណ៍នៃការលេងតាមសំឡេងភ្លេងបាន។
ការលេងភ្លេង បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង
- បង្កើនមុខងារអង្គចងចាំ
- អភិវឌ្ឍការតស៊ូ
- ធ្វើឱ្យប្រសើរឡើងនូវការផ្ដោតអារម្មណ៍
- បង្កើនជំនាញស្ដាប់
- ការថយចុះនៃកម្រិតអរម៉ូនស្រ្តេស Cortisol ហើយសម្ពាធឈាម និងសម្ពាធបេះដូង ក៏ត្រូវបានកាត់បន្ថយ។
៣. ការរៀនភាសា
ក្រៅពីការសិក្សាភាសាជាតិរបស់ខ្លូន សិស្សានុសិស្ស ក៏អាចឆ្លៀតពេលសិក្សាបន្ថែមនូវភាសាបរទេសផ្សេងៗទៀត ដូចជា ភាសាអង់គ្លេស បារាំង ចិន និងកូរ៉េ ជាដើម ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ការសិក្សារៀនសូត្រនូវភាសាថ្មីមួយ ក្រៅពីភាសាកំណើត អាចមានភាពពិបាកបន្តិចមែន ប៉ុន្តែវានឹងផ្ដល់នូវផលប្រយោជន៍ និងជំនាញថ្មីមួយទៀត ដែលអ្នកអាចយកវាទៅប្រើប្រាស់ក្នុងសង្គមខាងក្រៅផ្សេងៗបាន។
ការរៀនភាសាថ្មីៗ បានផ្ដល់នូវផលប្រយោជន៍ជាច្រើនដូចជា៖
- បង្កើនជំនាញទំនាក់ទំនង
- មានឱកាសការងារច្រើន
- មានឱកាសសិក្សានៅក្រៅប្រទេស
- អាចប្រាស្រ័យទាក់ទងអ្នកដទៃ ពេលធ្វើដំណើរទៅក្រៅប្រទេស
- ផ្ដល់នូវចំណេះដឹងយ៉ាងទូលំទូលាយ
- ចេះអភិវឌ្ឍខ្លួនឯងឱ្យកាន់តែរីកចម្រើន។