សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងបច្ចុប្បន្នភាពនេះ គឺកំពុងមានប្រជាប្រិយភាពជាខ្លាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាលារៀននេះ ត្រូវបានគេស្គាល់ថា ជាសាលាចំណេះទូទៅ តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានដឹកនាំដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ចំពោះមូលហេតុដែលនាំឱ្យសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានចិត្តស្រឡាញ់ទៅលើការសិក្សារបស់ខ្លួន នោះគឺមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាសាលារៀន ដែលមានកម្មវិធីសិក្សា ច្បាស់លាល់ និងសម្បូរបែប ដោយចាប់ពីកម្រិតថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថា្នក់វិទ្យាល័យ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា និងមានកម្មវិធីសិក្សាស្របតាមគោលនយោបាយ របស់ក្រសួង ដោយមានកម្មវិធីសិក្សាបន្ថែមពិសេស ដូចជា បំណិនជីវិត និងមុខវិទ្យាជំនាញដ៏សម្បូរបែប ដូចជា គំនូរ របាំ តន្រ្តី កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡាដូចជា ល្បុក្កតោ ការ៉ាតេ បាល់ទាត់ បាល់ទះ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត ដោយកម្មវិធីនេះ គឺសិក្សានៅរៀងរាល់ថ្ងៃសៅរ៍ ដែលជាមូលហេតុធ្វើឱ្យសិស្សានុសិស្ស មានភាពសប្បាយរីករាយក្នុងការជួបជុំមិត្ត និងរីករាយក្នុងការសិក្សារៀនសូត្រផងដែរ។
បន្ថែមពីលើនោះ ក៏មានកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងវគ្គសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗទៀតផងដែរ ដែលកត្តាទាំងនេះ គឺរឹងរឹតតែធ្វើឱ្យសិស្សានុសិស្ស ទទួលបាននូវការសិក្សាពេញលេញល្អ និងពោរពេញដោយ សមត្ថភាពគ្រប់គ្រាន់ និងមានជំនាញច្បាស់លាស់។ ហើយអ្វីដែលកាន់តែពិសេសនោះ សិស្សានុសិស្សដែលទទួលបានការបណ្តុះបណ្តាលពីសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺតែងតែមានសីលធម៌ និងសុជីវធម៌ត្រឹមត្រូវ ទាំងអាកប្បកិរិយាក៏សមរម្យ និងមានរបៀបរៀបរយក្នុងអត្តចរិតរបស់ខ្លួន។
មួយវិញទៀត លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តែងតែមានទំនាក់ទំនងជាប្រចាំ ជាមួយមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ នៃការសិក្សារបស់បុត្រធីតាពួកគាត់។
ហើយដោយព្រោះកត្តាបែបនោះឯង ទើបមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងឡាយ មានទំនុកចិត្តជាខ្លាំង ចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងបាននាំបុត្រធីតារបស់ពួកគាត់ មកចុះឈ្មោះសិក្សា ជារៀងរាល់ឆ្នាំ។
អត្ថបទដោយ៖ ឃី វុទ្ធី