ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គន្លឹះសំខាន់ៗ ក្នុងការលើកកម្ពស់សមត្ថភាពនៃការត្រិះរិះពិចារណាឱ្យមានប្រសិទ្ធិភាពសម្រាប់សិស្សានុសិស្ស

បានផ្សាយចេញ | ២១ វិច្ឆិកា ២០២៤ 641

គន្លឹះសំខាន់ៗ ក្នុងការលើកកម្ពស់សមត្ថភាពនៃការត្រិះរិះពិចារណាឱ្យមានប្រសិទ្ធិភាពសម្រាប់សិស្សានុសិស្ស

អត្ថបទព័ត៌មានស្ដីពីការអប់រំ

ក្រោមប្រធានបទៈ “គន្លឹះសំខាន់ៗ ក្នុងការលើកកម្ពស់សមត្ថភាពនៃការត្រិះរិះពិចារណាឱ្យមានប្រសិទ្ធិភាពសម្រាប់សិស្សានុសិស្ស"

អត្ថបទដកស្រង់ដោយ :  សេង ម៉ាលីណា

#MJQE#AmericanInterconSchool   

 

សមត្ថភាពត្រិះរិះពិចារណា ឬហៅថា Critical Thinking skills គឺជាសមត្ថភាពក្នុងការគិតបែបរៀបចំ មានផែនការច្បាស់លាស់ និងសមហេតុផល ដែលមនុស្សគ្រប់រូប គួរគប្បីមានវា នៅក្នុងខ្លួន ដើម្បីឱ្យការរៀបចំផែនការអ្វីមួយ មិនថាការរៀនសូត្រ ផែនការការងារ ឬផែនការជីវិតនោះទេ សមត្ថភាពត្រិះរិះពិចារណា នឹងធ្វើឱ្យមនុស្សយើង ដើរទៅមុខបានយ៉ាងរលូន។

ការត្រិះរិះបែបពិចារណានេះ គឺជាការគិតមួយដែលសមហេតុផល មានអំណះអំណាងពិតប្រាកដ ។ ជាការពិតណាស់ ក្នុងទម្រង់បែបនោះ ត្រូបានគេហៅថា ជាការគិតដោយមិនលំអៀង ជាពិសេស គឺការចេះវិភាគទៅលើបញ្ហា ឬស្ថានភាពអ្វីមួយ ដោយមានភស្តុតាងច្បាស់លាស់ និងមានទិន្នន័យត្រឹមត្រូវ។ ទាំងនេះ នឹងធ្វើឱ្យអ្នកក្លាយទៅជាអ្នកគិតដោយមានលក្ខណៈពិសេសមួយរូប និងបានត្រឹមត្រូវ ព្រមដោយមិនមានការលំអៀង។

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ៦ចំណុច ក្នុងការលើកកម្ពស់សមត្ថភាពនៃការត្រិះរិះពិចារណាឱ្យមានប្រសិទ្ធិភាព សម្រាប់សិស្សានុសិស្ស។

ហើយដើម្បីអាចក្លាយខ្លួនជាអ្នកគិត ដែលមានគំនិតទូលំទូលាយ មានទស្សនវិស័យ និងយុទ្ធសាស្ត្រលើបញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងជីវិត សូមអានបន្តនូវខ្លឹមសារអត្ថបទដែលនៅខាងក្រោមនេះ ដូចតទៅ។

១.ការកំណត់លើបញ្ហា

ជំហានដំបូង ក្នុងដំណើរការគិតត្រិះរិះពិចារណា គឺការកំណត់ពីស្ថានភាព បញ្ហា ឬកត្តាដែលមានឥទ្ធិពលផ្សេងៗលើវា។ បន្ទាប់មក នៅពេលដែលអ្នកកំណត់បានបញ្ហាដែលកើតមានហើយ អ្នកត្រូវស្វែងរកនូវដំណោះស្រាយផ្សេងៗ ដែលគិតពីបញ្ហាតូចៗជាមុន។ អ្នកអាចរកឃើញនូវបញ្ហា និងដំណោះស្រាយ ដោយមិនអាចភ្លេចជាមួយនឹងការសួរសំណួរបែប WH questions  និង HOW (Who? What? When? Where? Why? Which? Whose? And How?)។ ការសួរសំណួរ និងរកដំណោះស្រាយតាមវិធីនេះ សំខាន់ណាស់ ហើយសឹងតែគ្រប់វិស័យ ចាំបាច់ត្រូវតែប្រើលើសំណួរនេះ ដើម្បីដោះស្រាយបញ្ហានានា។

២.ការស្រាវជ្រាវ

ក្រោយពីកំណត់បានបញ្ហាហើយ មិនអាចសន្មត់លើរឿងរ៉ាវអ្វីមួយ ដោយគ្មានអំណះអំណាងត្រឹមត្រូវ និងទិន្នន័យច្បាស់លាស់នោះទេ ពោលគឺត្រូវធ្វើការស្រាវជ្រាវ ដើម្បីរកឱ្យបាននូវទិន្នន័យច្បាស់លាស់ គួរជឿទុកចិត្ត ព្រមទាំងអាចយកជាការបាន ជៀសវាងការគិតបែបលំអៀងទៅខាងណាមួយ។

៣.កំណត់ភាពលំអៀង

ជំនាញត្រិះរិះពិចារណា សំខាន់ណាស់ ក្នុងការកំណត់យកភាពលំអៀងឱ្យបានច្បាស់លាស់ ព្រោះសូម្បីតែអ្នកពូកែគិតយ៉ាងណាក៏ដោយ ក៏នៅមានភាពលំអៀងខ្លះ ក្នុងគំនិតរបស់គេ។ ដូច្នេះ អ្នកត្រូវព្យាយាមស្រាវជ្រាវឱ្យអស់ពីសមត្ថភាព ដើម្បីវាយតម្លៃព័ត៌មានតាមទិន្នន័យមួយត្រឹមត្រូវ។ ដើម្បីអាចជៀសវាងភាពលំអៀងបានល្អ អ្នកត្រូវដើរតួខ្លួនឯងនៅក្នុងបញ្ហា មានភាពក្លាហានក្នុងការជជែកវែកញែក កុំប្រើអារម្មណ៍មនោសញ្ចេតនា ព្រោះវាអាចប៉ះពាល់ដល់ដំណើរការដោះស្រាយ។ ការធ្វើបែបនេះ ក៏អាចមើលឃើញពីទស្សនៈផ្សេងគ្នាបានដែរ។

៤.ការសន្និដ្ឋាន

សមត្ថភាពនៃការសន្និដ្ឋាន និងការសន្និដ្ឋានដោយផ្អែកលើព័ត៌មាន គឺពិតជាសំខាន់ណាស់ចំពោះការត្រិះរិះពិចារណា។ ដើម្បីអាចឈានដល់ការសន្និដ្ឋានមួយដែលត្រឹមត្រូវ អ្នកត្រូវក្តោបនូវទិន្នន័យរឿងរ៉ាវទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានដល់ការសន្និដ្ឋានមួយដែលច្បាស់លាស់ និងត្រឹមត្រូវ។ ការសន្និដ្ឋាន គឺជាការទស្សន៍ទាយលើបញ្ហានានាដោយផ្អែកលើហេតុផល និងទិន្នន័យដែលរកបាន។

៥.ការកំណត់លើផ្នែកពាក់ព័ន្ធ

ផ្នែកដ៏ពិបាកបំផុតក្នុងការត្រិះរិះពិចារណា គឺការស្វែងរកព័ត៌មានណាដែលសំខាន់ក្នុងបញ្ហា ពោលគឺពិបាកក្តោបលើគោលដៅ និងអ្វីដែលអ្នកចង់រកជាចម្បង។ ដូច្នេះ វិធីដែលល្អ គឺអ្នកគួរកំណត់ទិសដៅឱ្យបានច្បាស់លាស់ពីអ្វីដែលអ្នកកំពុងដោះស្រាយ ដើម្បីងាយស្រួលវិនិច្ឆ័យ និងរកព័ត៌មានពាក់ព័ន្ធ ឱ្យបានត្រឹមត្រូវនៃបញ្ហា។

៦.ការចង់ដឹងចង់ឃើញ

ភាពចង់ដឹងចង់ឃើញ គឺជាឥរិយាបថតាំងពីកំណើតមករបស់មនុស្សម្នាក់ៗ ប៉ុន្តែ ដើម្បីឱ្យការត្រិះរិះពិចារណារបស់លោកអ្នកមានលទ្ធផលល្អ និងរីកចម្រើន អ្នកត្រូវមានភាពចង់ដឹងចង់ឃើញ​ ឱ្យកាន់តែខ្លាំងក្លាឡើង។ ពោលគឺត្រូវបង្កើតជាសំណួរ ដើម្បីជជីកសួរជាបន្តបន្ទាប់ និងបើកជំហរ រហូតដល់អ្នកអាចរកឃើញនូវអ្វីដែលអ្នកចង់បាន ក្នុងរបៀបនៃការដោះស្រាយនោះ។

សូមជម្រាបថា ផ្នែកសំខាន់នៃការគិតត្រិះរិះពិចារណា (Critical Thinking skills) គឺជាការវិភាគ ការបកស្រាយ ការសន្និដ្ឋាន ការពន្យល់ និងការដោះស្រាយបញ្ហា។ មួយវិញទៀត ដើម្បីអនុវត្តតាមគោលការណ៍នៃរបៀបត្រិះរិះពិចារណាបានត្រឹមត្រូវ អ្នកត្រូវកំណត់យកបញ្ហា ដោយការប្រមូលទិន្នន័យ ធ្វើការវិភាគ និងវាយតម្លៃឱ្យបានល្អ។ យ៉ាងណាក៏ដោយ សូមអ្នកចងចាំថា ដើម្បីក្លាយជាអ្នកត្រិះរិះពិចារណាបានល្អប្រសើរម្នាក់ អ្នកត្រូវអានឱ្យបានច្រើន សួរសំណួរបែបសាមញ្ញៗ ចំពោះខ្លួនឯង ហ៊ានសន្មត់បញ្ហា ជាពិសេស គឺស្គាល់ពីកម្រិតនៃភាពលំអៀងរបស់ខ្លួនឯង៕

 

អត្ថបទដកស្រង់និងកែសម្រួលចេញពីគេហទំព័រ ៖
https://www.kampucheathmey.com/kpt-plus/416844

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Photo2.jpg

សិស្ស AIS ១១៧០នាក់ ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Children day.jpg

AIS បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់សិស្ស អបអរសាទរ ទិវ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Plant22.jpg

ពីថ្នាក់រៀនទៅសួនដំណាំ៖ សិស្សថ្នាក់ទី៥ក រៀនបំណិនជីវិតតាម...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/EYE.jpg

សុខភាពភ្នែក៖ កត្តាប៉ះពាល់ និងវិធីការពារដែលមិនគួរមើលរំលង