ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បទពិសោធរបស់ខ្ញុំ នៅក្នុងក្លឹបនៃសាលារៀន អន្តរទ្វីប អាមេរិកាំង

បានផ្សាយចេញ | ២៨ វិច្ឆិកា ២០២៤ 448

បទពិសោធរបស់ខ្ញុំ នៅក្នុងក្លឹបនៃសាលារៀន អន្តរទ្វីប អាមេរិកាំង

បន្ទាប់ពីការសិក្សា ខ្ញុំយល់ថា ការដែលសិស្សានុសិស្ស អាចចំណាយពេលក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកឱកាស ដើម្បីអភិវឌ្ឍជំនាញបន្ថែម ទាំងជំនាញទន់ និងជំនាញរឹង នោះការចំណាយពេលវេលារបស់គេ នឹងមានប្រយោជន៍ ព្រោះថា វាជាតម្រូវការចាំបាច់សម្រាប់សិស្សានុសិស្សគ្រប់រូប នៅក្នុងសង្គមបច្ចុប្បន្ន។

សម្រាប់ខ្ញុំ ការដែលខ្ញុំរៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង នោះគឺជាការជ្រើសរើស និងបានចំណាយពេលធ្វើជាអ្នកស្ម័គ្រចិត្ត នៅក្នុងកិច្ចការងារក្លឹប ហើយខ្ញុំគិតថា នោះគឺជាជម្រើសមួយដ៏ត្រឹមត្រូវ ព្រោះថា ខ្ញុំទទួលបាននូវបទពិសោធ និងការពង្រឹងសមត្ថភាពដែលកើតពីការចូលរួមក្នុងសកម្មភាពនីមួយៗ របស់ក្លឹប ដែលរួមបញ្ចូលការសហការគ្នា ដើម្បីបង្កើតរបបគំហើញថ្មី ក្នុងការធ្វើការងារនៅក្នុងគម្រោងស្រាវជ្រាវ ការពិភាក្សា ការស្វែងរកបញ្ហា និងការរកដំណោះស្រាយនៃបញ្ហាជាហូរហែ។

ក្នុងនាមជាសមាជិកក្នុងក្លឹប គោលដៅរបស់យើង គឺដើម្បីជួយសម្រួលបន្ទុកដល់សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសមាជិកគ្រប់រូប នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅក្នុងសមិទ្ធផលកន្លងមក ដែលយើងបានសហការគ្នាធ្វើ រួមមានការដឹកនាំរៀបចំកម្មវិធីនៅក្នុងសាលា ការដាក់តាំងស្នាដៃរបស់សមាជិកក្លឹប និងការការរៀបចំទម្រង់បែបបទ ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ និងព័ត៌មានផ្សេងៗរបស់សាលា។

កិច្ចការងារទាំងអស់នោះ បានពង្រីក និងពង្រឹងទាំងចំណេះដឹង ចំណេះធ្វើ និងជំនាញទន់ ដែលជួយបណ្ដុះគំនិតឱ្យសិស្សានុសិស្ស មានភាពក្លាហាន ក្នុងការនិយាយ ការដឹកនាំ និងហ៊ានក្នុងការបញ្ចេញមតិ រួមទាំងឱ្យពួកយើងចេះពីរបៀបនៃការធ្វើការងារជាក្រុម ដើម្បីអាចដោះស្រាយបញ្ហា និងធ្វើឱ្យដំណើរការការងាររបស់ពួកយើងប្រព្រឹត្តិទៅដោយរលូន។


ជាចុងក្រោយ ខ្ញុំចង់បង្ហាញពីភាពសោមនស្សរីករាយ ដែលខ្ញុំបានចូលរួមនៅក្នុងកិច្ចការងារក្លឹបនៃសាលារៀនរបស់ខ្ញុំ ដែលបានធ្វើឱ្យខ្ញុំ អាចបំបែករនាំងនៃភាពភ័យខ្លាច ការផ្លាស់ប្តូរការគិតឱ្យមានភាពទូលំទូលាយជាងមុន រួមទាំងបង្រៀនឱ្យខ្ញុំ មានផែនការ និងអាចបែងចែកពេលវេលាបានច្បាស់លាស់ ព្រមទាំងអភិវឌ្ឍលទ្ធភាពការងារ ដែលធ្វើឱ្យខ្លួនឯងមានភាពក្លាហាន និងមានភាពជឿជាក់ជាងមុន។

ខ្ញុំគិតថា បទពិសោធដែលខ្ញុំបានពីការធ្វើការងារស្ម័គ្រចិត្តជាមួយនឹងក្លឹប គឺជាបទពិសោធដែលមានតម្លៃ និងលេចធ្លោមួយនៅក្នុងប្រវត្តរូបសង្ខេបរបស់ខ្ញុំ ដែលស្របទៅនឹងបរិបទនៃការសិក្សា និងជំនាញក្នុងសតវត្សទី ២១ នេះ។

អត្ថបទសរសេរដោយ៖ បូរី ដានីតា

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Children day.jpg

AIS បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់សិស្ស អបអរសាទរ ទិវ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Photo2.jpg

សិស្ស AIS ១១៧០នាក់ ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Plant22.jpg

ពីថ្នាក់រៀនទៅសួនដំណាំ៖ សិស្សថ្នាក់ទី៥ក រៀនបំណិនជីវិតតាម...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/EYE.jpg

សុខភាពភ្នែក៖ កត្តាប៉ះពាល់ និងវិធីការពារដែលមិនគួរមើលរំលង