ឈ្វេងយល់អំពីប្រវត្ដិពិធីបុណ្យវិសាខបូជា
ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា សម្រាប់ឆ្នាំនេះនឹងចូល មកដល់នៅថៃ្ងអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថៃ្ងទី១១ ខែឧសភា ឆ្នាំ២០២៥។
ពិធីបុណ្យវិសាខបូជា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំឭកដល់ ពុទ្ធសមណគោតមបរមគ្រូ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។
លោកស្រីបណ្ឌិត ជា វណ្ណី ប្រធានផ្នែកធម្មសាស្រ្ត ចរិយាសាស្រ្ត នៃវិទ្យាសា្ថន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញឱ្យដឹងថា ប្រពៃណីក្នុងការប្រារព្ធពិធីបុណ្យ វិសាខបូជានេះ ក៏ត្រូវបានរក្សាទុក និងធ្វើតាមជា ទំនៀមមកដល់សព្វថ្ងៃនេះផងដែរ ដោយមានរៀបចំយ៉ាងអធិកអធមជាផ្លូវការរៀងរាល់ឆ្នាំនៅលើកំពូលភ្នំ អដ្ឋរស្ស ឬភ្នំព្រះរាជទ្រព្យ នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល ជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដោយមានទាំងកិច្ចនមស្សការសមាទានសីល កិច្ចសម្ដែងធម្មទេសនា និងពិធីដាក់បាត្រព្រះសង្ឃដែលពេលខ្លះក៏មានការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ សមេ្តចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃនិងពុទ្ឋបរិស័ទទូទៅផងដែរ។ តាមការសង្កេតនៃការប្រារព្ធពិធីជារៀងរាល់ឆ្នាំនៅភ្នំអដ្ឋរស្ស ក៏ដូចជានៅតាមបណ្ដាខេត្តនានា ជាទូទៅនាពេលរសៀល គេមានការរៀបចំធ្វើពិធីក្រុងពាលី និងពិធីផេ្សងៗទៀតតាមបែបព្រះពុទ្ឋសាសនា លុះព្រឹកឡើងគេរៀបចំដង្ហែ ហើយមានប្រគេនចង្អាន់ដល់ព្រះសង្ឃ ឬធ្វើពិធីរាប់បាត្រព្រះសង្ឃទៅតាមចំនួននៃព្រះសង្ឃដែលនិមន្តមកចូលរួម។
ការប្រារឰពិធីបុណ្យវិសាខបូជានេះ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ ថាជាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គលត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
ទ្រង់ប្រសូតចាកឧទរព្រះមាតា៖ ក្នុងសួនលុម្ពិនី ត្រង់ព្រំប្រទល់នៃនគរកបិលពស្ដុ និងនគរទេវទហៈ ក្រោមដើមសាលព្រឹក្សមួយដើម នាថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច ៦២៣ឆ្នាំមុនគ.ស.។
ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ៖ ក្នុងព្រះជន្មាយុ៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា ៥៨៨ឆ្នាំមុនគ.ស. ក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរា ហើយទ្រង់ក៏មានព្រះនាមជា “ព្រះពុទ្ធ” រហូតដល់សព្វថ្ងៃនេះ។
ទ្រង់រំលត់ខន្ធចូលទៅកាន់ព្រះបរិនិព្វាន៖ ក្នុងព្រះជន្មាយុ៨០ព្រះវស្សា នៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ឆ្នាំមុនគ.ស. ក្រោមដើមសាលព្រឹក្សទាំងគូ ខាងលិចក្រុងកុសិនារា គឺកុសិនគរៈ ឬ កស្យិ ដែលស្ថិតនៅចម្ងាយ០៩គីឡូម៉ែត្រពីក្រុងគោរក្ខបូរ នៅប៉ែកឧត្ដរ នៃប្រទេស ឥណ្ឌា។
តាំងពីពេលនោះមក ព្រះពុទ្ធសាសនាត្រូវបានប្រកាសជាផ្លូវការ។
សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និង ចូលបរិនិព្វាន សុទ្ធតែក្នុង ថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់គឺប្លែកតែឆ្នាំប៉ុណ្ណោះ។
តាមការស្រាវជ្រាវឃើញថា ការប្រារឰពិធីបុណ្យវិសាខបូជា នេះពុំមែនធ្វើ ក្រោយព្រះ ពុទ្ធ បរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។ តាមរយៈកំណត់ហេតុរបស់បព្វជិតចិនព្រះនាម ហ្វា ហៀន ដែលបានទៅស្រាវជ្រាវនៅប្រទេសឥណ្ឌា ក្នុងរវាងព.ស.៩៤៣-៩៥៧ អំពីរបៀបធ្វើពិធីនេះដែរ។
ហេតុនេះ ហើយយើងក៏អាចសន្និដ្ឋានបានដែរថា នៅប្រទេសឥណ្ឌា មានទំនៀមទម្លាប់ប្រារឰពិធីនេះតាំងពីយូរណាស់មកហើយដែលមានចែងក្នុងសៀវភៅ “ព្រះរាជពិធីទ្វាទសមាសភាគ២”។
បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ គឺតាំងពីឆ្នាំ២០០០ មកម្ល៉េះ។ ប្រទេសដែលប្រារឰធ្វើពិធីបុណ្យវិសាខបូជានេះមានដូចជា ប្រទេសឥណ្ឌា ស្រីលង្កា ថៃ ភូមា និងប្រទេសកម្ពុជា ជាដើម។
នៅប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ទុំ អ្នកមុខ អ្នកការទាំងឡាយ តំណាលតៗ គ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ដែលគង់នៅក្នុង រាជធានីឧត្ដុង្គ ជាដំបូងព្រោះថាកាលក្នុងពុទ្ធសករាជ២៣៩៧ គ្រិស្ដសករាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់បានសព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ។
ជាប្រពៃណី ពិធីបុណ្យវិសាខបូជា គេតែងនាំគ្នាប្រារឰធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី បានសេចក្ដីថា ខែពេញបូណ៌មី។ ម្យ៉ាងទៀត ការប្រារឰពិធីក្នុងពេលរាត្រីអាស្រ័យដោយលក្ខណៈងាយស្រួលពីរយ៉ាង៖មួយគឺដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលាបូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀតគឺដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុស ទាំងស្រីអាចបំពេញ កុសលកម្មនេះដោយសប្បាយរីករាយ ព្រោះពេលយប់ជាវេលាទំនេរផង។
ពិធីបុណ្យវិសាខបូជា គេចាត់ទុកថាជាបុណ្យដ៏ធំមួយដោយមានមហាជនចាស់ ក្មេង ប្រុស ស្រីនៅជុំគ្នាអ៊ូអរដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជាមានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាតនៅគ្រប់វត្ដអារាម។ រីឯពិធីដែលធ្វើកំណត់ថាត្រឹមត្រូវ គឺត្រូវមានសម្ដែងរឿង ពុទ្ធប្រវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រឿងបណ្ដុះសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធព្រះធម៌ ព្រះសង្ឃឱ្យខ្លាំងក្លាឡើង ហើយជាពិធីដែលប្រជាជនខ្មែរយើងធ្លាប់បានធ្វើដោយចាត់ទុកថាល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ៕