នៅក្នុងបរិវេណសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង សិស្សថ្នាក់ទី៥ក មិនត្រឹមតែរៀនមេរៀនក្នុងសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចុះអនុវត្តន៍ផ្ទាល់ក្នុងសកម្មភាពបំណិនជីវិតស្តីពី «ការដាំល្ហុង» ក្រោមការដឹកនាំរបស់លោកគ្រូ ខេង លន់ ដើម្បីឈ្វេងយល់ពីតម្លៃនៃការងារ និងជំនាញដែលអាចយកទៅប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃ។
សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យសិស្សនូវចំណេះដឹង និងជំនាញជាក់ស្តែងលើការដាំដំណាំ ជាពិសេសការដាំល្ហុង ព្រមទាំងបណ្តុះស្មារតីស្រឡាញ់ការងារ ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងសន្តិសុខស្បៀងក្នុងគ្រួសារ។
លោកគ្រូ ខេង លន់ បានលើកឡើងថា មូលហេតុដែលជ្រើសរើស «ការដាំល្ហុង» ជាប្រធានបទសម្រាប់សិស្សថ្នាក់ទី៥ក គឺដោយសារល្ហុងជាដំណាំដែលងាយដាំ ងាយថែទាំ ចំណាយដើមទុនតិច និងសមស្របនឹងបរិបទរស់នៅរបស់សិស្សភាគច្រើន។ ចំណេះដឹងដែលទទួលបានពីកម្មវិធីនេះ ក៏អាចយកទៅអនុវត្តនៅតាមគេហដ្ឋាន និងជួយគ្រួសារបានផងដែរ។
ក្នុងដំណើរការអនុវត្ត សិស្សត្រូវបានណែនាំអំពីសារៈសំខាន់ និងបច្ចេកទេសនៃការដាំល្ហុង ចាប់ពីការរៀបចំដី ការជ្រើសរើសពូជ ការដាំគ្រាប់ពូជ ឬកូនល្ហុង រហូតដល់ការស្រោចទឹក ដាក់ជី និងថែទាំជាប្រចាំ។ បន្ទាប់ពីទទួលបានការណែនាំ សិស្សបានចូលរួមអនុវត្តជាក្រុម ដោយសហការគ្នាក្នុងការដាំ និងថែទាំដំណាំរបស់ខ្លួន។
តាមរយៈសកម្មភាពនេះ សិស្សមិនត្រឹមតែបានសិក្សាពីវិធីដាំ និងថែទាំល្ហុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអភិវឌ្ឍជំនាញសំខាន់ៗជាច្រើន ដូចជា ការសង្កេត ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងការអនុវត្តការងារជាក់ស្តែង។ លើសពីនេះ ពួកគេក៏បានរៀនអំពីការទទួលខុសត្រូវ ការអត់ធ្មត់ ការរៀបចំផែនការ និងការគ្រប់គ្រងពេលវេលា ដែលជាបំណិនចាំបាច់សម្រាប់ជីវិតនាពេលអនាគត។
លោកគ្រូ ខេង លន់ បានបញ្ជាក់ថា ការរៀនបំណិនជីវិតមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះជាចំណេះដឹងដែលអាចយកទៅប្រើប្រាស់បានដោយផ្ទាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកក៏បានលើកទឹកចិត្តឱ្យអ្នកអាណាព្យាបាល និងសិស្សបន្តគាំទ្រ និងចូលរួមក្នុងសកម្មភាពបែបនេះ ដើម្បីជួយឱ្យកុមារមានទាំងចំណេះដឹង ជំនាញ និងគុណតម្លៃល្អៗ សម្រាប់ក្លាយជាពលរដ្ឋល្អក្នុងសង្គមនាពេលអនាគត។
តាមរយៈសួនល្ហុងតូចមួយនៅក្នុងសាលារៀន សិស្សថ្នាក់ទី៥ក កំពុងរៀនមេរៀនដ៏មានតម្លៃមួយ ដែលលើសពីការដាំដើមឈើ គឺជាការដាំគ្រាប់ពូជនៃការទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងភាពជាម្ចាស់លើការងាររបស់ខ្លួន៕
