លក្ខណៈសម្បត្តិ៤ចំណុច នៃភាពជាអ្នកដឹកនាំឌីជីថល

១៧ មករា ២០២៤ ដែលបានចេញផ្សព្វផ្សាយ

លក្ខណៈសម្បត្តិ៤ចំណុច នៃភាពជាអ្នកដឹកនាំឌីជីថល

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា

ក្រោមប្រធានបទ “លក្ខណៈសម្បត្តិ៤ចំណុច នៃភាពជាអ្នកដឹកនាំឌីជីថល”

អត្ថបទដកស្រង់ដោយ : ពៅ ភក្តី

#MJQE #AmericanInterconSchool

“ភាពជាអ្នកដឹកនាំឌីជីថល” មានតួនាទីសំខាន់ក្នុងការដឹកនាំស្ថាប័ន ក៏ដូចជាការគ្រប់គ្រងនូវលំហូរការងារ និងដំណើរការអាជីវកម្មឱ្យមានភាពរលូន តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងការឆ្លើយតបទៅនឹងតម្រូវការបស់អតិថិជន និងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា។

ខាងក្រោមនេះជាលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួននៃភាពជាអ្នកដឹកនាំឌីជីថលរួមមាន៖

១. ចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ (Clear and Long-term Vision) : អ្នកដឹកនាំឌីជីថល គឺជាបុគ្គលដែលមានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយដើរតួជាត្រីវិស័យសម្រាប់យកទៅអនុវត្តនៅក្នុងការដឹកនាំ និងការប្រកបអាជីវកម្ម។ ចក្ខុវិស័យនេះកើតចេញពីការយល់ដឹងផ្នែកអក្ខរកម្មឌីជីថលចំណេះដឹងបច្ចេកទេសគ្រប់គ្រាន់ និងសមត្ថភាពក្នុងការអង្កេតតាមដានឱ្យបានហ្មត់ចត់លើចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមហ៊ុនខ្លួន។ លើសពីនេះទៀត អ្នកដឹកនាំឌីជីថល គឺជាបុគ្គលដែលជំរុញ       បរិវត្តកម្មឌីជីថលតាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ យុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នា និងកម្មវិធីការងារច្បាស់លាស់។

២. ភាពច្នៃប្រតិដ្ឋ (Creativity) : ភាពច្នៃប្រតិដ្ឋ គឺជាលក្ខណៈសម្បត្តិដ៏សំខាន់មួយរបស់ “ភាពជាអ្នកដឹកនាំឌីជីថល” ដែលមានសារៈសំខាន់ក្នុងការជួយឱ្យក្រុមហ៊ុនរីកលូតលាស់តាមរយៈការជួយឱ្យអាជីវកម្មរបស់ពួកគេអាចឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ន និងអនាគតបានប្រសើរ។ ជាការពិត ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា គឺទាមទារឱ្យអ្នកដឹកនាំមានភាពច្នៃប្រតិដ្ឋខ្ពស់ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការច្នៃបង្កើតថ្មីដោយត្រូវតាមដានជាប់ជាប្រចាំនូវការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបរិបទសង្គម សេដ្ឋកិច្ច ដើម្បីអាចត្រួសត្រាយផ្លូវឈានទៅសម្រេចជោគជ័យទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

៣. ភាពងឿងឆ្ងល់ (Curiosity) : លក្ខណៈសម្បត្តិរបស់ “ភាពជាអ្នកដឹកនាំឌីជីថល” គឺការស្វែងរកដំណោះស្រាយលើបញ្ហាដោយភាពចង់ចេះចង់ដឹង បើកចំហចិត្តក្នុងការទទួលយកអ្វីដែលថ្មី និងលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋ។ អ្នកដឹកនាំឌីជីថលត្រូវកំណត់យកវិធីសាស្ត្រថ្មីៗ ដោយប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បីអនុវត្តចក្ខុវិស័យនៃអាជីវកម្មតាមរយៈការព្យាករពីការផ្លាស់ប្តូរ និងនិន្នាការ ដែលទាក់ទងទៅនឹងអាជីវកម្មរបស់ពួកគេ។ បន្ថែមពីនេះទៀត អ្នកដឹកនាំឌីជីថលគួរសាកល្បងប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ថ្មីៗ បញ្ចូលទៅក្នុងយុទ្ធសាស្តអាជីវកម្ម ពុំនោះទេនឹងមិនអាចតាមទាន់ការវិវត្ត និងការផ្លាស់ប្តូរនៃបច្ចេកវិទ្យាដែលជះឥទ្ធិពលដល់អាជីវកម្មរបស់ខ្លួនឡើយ។

៤. បណ្តាញទំនាក់ទំនង (Networking) : នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនក្នុងការជួយពង្រឹងទំនាក់ទំនងរវាងបុគ្គលិក អតិថិជន និងភាគីពាក់ព័ន្ធ។ ដោយហេតុនេះ អ្នកដឹកនាំឌីជីថលត្រូវមានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សារភ្ជាប់បណ្ដាញទំនាក់ទំនងជាយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនក្នុងការប្រាស្រ័យទាក់ទងផ្សព្វផ្សាយព័ត៌មាន ផលិតផល និងសេវាកម្មទៅកាន់មហាជន។ លើសពីនេះទៀត ការចូលរួមសិក្ខាសាលា និងកិច្ចប្រជុំនានា ក៏អាចឱ្យអ្នកដឹកនាំឌីជីថលចាប់យកគំនិតថ្មីៗពីវេទិកាទាំងនោះ មកបម្រើជាផលប្រយោជន៍សម្រាប់អាជីវកម្មផងដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

https://education.ams.com.kh/life-education/news/5-qualities-of-digital-leadership