រយៈពេល ៣ ត្រីមាស ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ឈានដល់ ៤១ ពាន់លានដុល្លារ

បានផ្សាយចេញ | ១៦ តុលា ២០២៤

រយៈពេល ៣ ត្រីមាស ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ឈានដល់ ៤១ ពាន់លានដុល្លារ

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា សម្រេចការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៤១ ពាន់លានដុល្លារអាមេរិក ដោយមានការកើនឡើង ១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជា សម្រេចបានការនាំចេញជាង ១៩ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៧% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៣ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជិត ១៧ពាន់លានដុល្លារអាមេរិក។

ទាក់ទងនឹងការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញប្រមាណ ២១ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៦% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ១ពាន់ ២រយលានដុល្លារអាមេរិក។

ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ខណៈទីផ្សារនាំចេញធំៗរួមមាន អាមេរិក ចិន វៀតណាម ជប៉ុន ថៃ និងកាណាដា។

អំឡុងពេលនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ១ពាន់ ២រយលានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅជាង ៩ពាន់ ៨រយលានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវឱនភាពពាណិជ្ជកម្មជាង ៨ ពាន់ ៥ រយលានដុល្លារអាមេរិក។