រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់វិស័យឯកជន ត្រូវចាប់យកឱកាសជំរុញការនាំចេញ ទៅកាន់ទីផ្សារនរ័វេស ឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយជាពិសេស ដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជាវិញ ឱ្យបានកាន់ច្រើនឡើង។
យ៉ាងណាមិញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីអំពី «ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស» រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានលើកឡើងថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេសនេះ ក្រុមហ៊ុននាំចេញកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអនុគ្រោះពន្ធនេះ ពោលគឺ ផលិតផលទាំងអស់ ដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបន្តថា រាជរដ្ឋាភិបាលទាំងពីរ ពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងថែមទៀត។ ក្នុងនោះ ប្រទេសកម្ពុជា ទទួលបានការលើកលែងពន្ធតាមប្រព័ន្ធ GSP សម្រាប់ការនាំចេញទៅប្រទេសន័រវេស ក្នុងឋានៈកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួច។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សាទរចំពោះឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំ និងដំណើរការសិក្ខាសាលាដ៏សំខាន់នេះ ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅ សម្រាប់មន្ត្រី និងភាគីពាក់ព័ន្ធ អំពីការទទួលបាននូវផលប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ប្រទេសន័រវេស ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី ក្នុងន័យបង្កើនការនាំចេញ។