ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអបអរសាទរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលបានប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗនេះ។

ក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានស្វាគមន៍សាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ពីតួនាទីសំខាន់របស់កម្លាំងពលកម្មជំនាញ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ADB បញ្ជាក់ថា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបច្ចេកវិទ្យាកាន់តែរីកចម្រើន ជំនាញមិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាចាំបាច់សម្រាប់ផលិតភាព សមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច។
TVET ត្រូវបានគេចាត់ទុកជាចំណុចស្នូលក្នុងការផ្លាស់ប្តូរនេះ ដោយផ្តល់ជំនាញអនុវត្តជាក់ស្តែងដល់យុវជន និងកម្មករ ហើយជួយឱ្យវិស័យឧស្សាហកម្មទទួលបានកម្លាំងពលកម្មដែលត្រូវការ។ លើសពីនេះ វាក៏ជួយបង្កើតឱកាសការងារសមរម្យ សម្រាប់យុវជន ស្ត្រី និងក្រុមងាយរងគ្រោះ ដោយធានាថាកំណើនសេដ្ឋកិច្ចមានបរិយាបន្ន។
ADB បានបង្ហាញថា ចាប់តាំងពីឆ្នាំសិក្សា ២០១៩–២០២០ មក និស្សិតជាង ២០,០០០នាក់ (ស្ត្រីប្រមាណ ១៨ ភាគរយ) បានចូលរៀនកម្មវិធីសញ្ញាប័ត្រពាក់ព័ន្ធនឹងឧស្សាហកម្ម ក្នុងវិស័យអាទិភាព ដូចជា សំណង់ អគ្គិសនី និងអេឡិចត្រូនិក។ ក្នុងចំណោមអ្នកបញ្ចប់ការសិក្សា ជាង ៧០ ភាគរយ ទទួលបានការងារធ្វើក្នុងរយៈពេល ៦ខែ បង្ហាញពីភាពស្របគ្នារវាងការបណ្តុះបណ្តាល និងតម្រូវការទីផ្សារការងារ។
គម្រោងនេះមានទុនវិនិយោគសរុប ៨៨,២៣ លានដុល្លារ ដោយមានការចូលរួមពី ADB ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិទ្យាស្ថានបណ្តុះបណ្តាល និងពង្រឹងការតភ្ជាប់ជាមួយឧស្សាហកម្ម។
ជាមួយគ្នានេះ កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត តម្លៃ ១៣១,៣ លានដុល្លារ កំពុងគាំទ្រការធ្វើទំនើបកម្មឧស្សាហកម្ម និងពង្រីកការបណ្តុះបណ្តាលដែលផ្អែកលើតម្រូវការទីផ្សារ។ កម្មវិធីនេះក៏ជំរុញការបង្កើតវគ្គសិក្សាថ្មីៗ ក្នុងវិស័យដូចជា វិស្វកម្មឧស្សាហកម្ម បច្ចេកវិទ្យាម៉ាស៊ីន និងព័ត៌មានវិទ្យា។
ADB ក៏កំពុងធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងប្រព័ន្ធជំនាញ រួមមានការពង្រីកការសិក្សាតាមការអនុវត្ត ការពង្រឹងភាពជាដៃគូជាមួយនិយោជក និងការផ្តល់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍។ មូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបង្កើតឡើងក្នុងឆ្នាំ២០២៣ បានបណ្តុះបណ្តាលកម្មករជាង ៦,៦០០នាក់ ដល់ដើមឆ្នាំ២០២៦។
តាមការវាយតម្លៃរបស់ ADB កិច្ចខិតខំទាំងនេះកំពុងជួយកម្ពុជា កសាងកម្លាំងពលកម្មដែលឆ្លើយតបទៅនឹងទីផ្សារ មានបរិយាបន្ន និងត្រៀមខ្លួនសម្រាប់អនាគត។
ជាបន្តទៀត ADB ប្តេជ្ញាបន្តគាំទ្រកម្ពុជា ក្នុងការពង្រឹងធនធានមនុស្ស និងពង្រីកឱកាសអភិវឌ្ឍន៍ជំនាញ ដើម្បីឱ្យប្រទេសអាចប្រើប្រាស់សក្តានុពលយុវជនបានពេញលេញ និងសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕
ប្រភព៖ ADB