នៅក្នុងគោលដៅនៃការសិក្សា គឺមិនមែនត្រឹមតែឱ្យយុវជនមាននូវចំណេះដឹងប៉ុណ្ណោះនោះទេ ប៉ុន្តែយុវជនទាំងនោះ ចាំបាច់ត្រូវតែមានបំណិន និងសហគ្រិនភាពបន្ថែមទៀត ដើម្បីអាចចេះគិត ចេះពិចារណា ចេះដោះស្រាយបញ្ហា និងមានភាពជាអ្នកដឹកនាំ ក្នុងការស់នៅក្នុងសង្គមជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សារៀនសូត្រ គឺមិនមែនត្រឹមតែការមានចំណេះដឹងក្នុងថ្នាក់តែម្យ៉ាងប៉ុណ្ណោះនោះទេ ប៉ុន្តែត្រូវមានបំណិនជីវិត និងជំនាញគ្រប់គ្រាន់។
ឯកឧត្តមបញ្ជាក់ថា គោលដៅនៃការសិក្សា គឺត្រូវមានចំណេះដឹង វិជ្ជាសម្បទា បំណិនសម្បទារ ដែលមានដូចជា បំណិនទន់ បំណិនវិជ្ជាជីវៈ ឬចរិយាសម្បទា ដោយសរុបជារួម យើងហៅថា បំណិនសតវត្សទី២១ ដើម្បីយុវជនមានទាំងចំណេះដឹង ចេះគិតពិចារណា ដើម្បីដោះស្រាយបញ្ហានានា ហើយមានភាពជាអ្នកដឹកនាំ និងចេះខាងបច្ចេកវិទ្យាឌីជីថលផងដែរ។
បើតាមប្រសាសន៍របស់ឯកឧត្តម ពាក់ព័ន្ធជាមួយនឹងបំណិន គឺទាមទារឱ្យមានការអនុវត្ត ដោយនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំសម្រាប់មធ្យមសិក្សា គឺចែកចេញជាមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ដោយមានដូចជា បំណិនក្នុងការចិញ្ចឹមសត្វ ដាំបន្លែ ហើយបំណិនវិជ្ជាជីវៈ មានដូចជា ការកែច្នៃម្ហូបអាហារ ឬជួសជុលម៉ាស៊ីនជាដើម, ចំណែកបំណិននៅក្នុងកម្រិតក្រោយមធ្យមសិក្សា ក្រសួងបានរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមាន៥មុខជំនាញធំៗ។
ពាក់ព័ន្ធនឹងសហគ្រិនភាពវិញ នៅក្នុងកម្មវិធីសិក្សា ក្រសួងតែងរៀបចំជាវេទិកាតស៊ូមតិ ឬក៏លើកជាគម្រោងណាមួយ ដែលជាការបង្រៀនសិស្សឱ្យចេះគិត ដើម្បីដោះស្រាយបញ្ហានានា ក៏ដូចជាការប្រើប្រាស់នូវចំណេះដឹង ដើម្បីចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាក្នុងសង្គមជាដើម ។ តាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កន្លងមក ក្រសួងធ្លាប់ដាក់ឱ្យមានការប្រឡងប្រណាំងជាគំនិត រៀបចំជាគំនិត ដើម្បីដោះស្រាយរកទីផ្សារសម្រាប់កសិផលរបស់កសិករជាដើម ។ ហើយនៅពេលបានគំនិតហើយ គឺត្រូវប្រឡងជ្រើសរើសថា គំនិតណាដែលល្អជាងគេ ទើបចូលដល់ដំណាក់កាលរៀបចំចាត់ចែងបង្កើតជាក្រុមហ៊ុនជាក់ស្តែង។
ជារួមត្រឡប់មកវិញ បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រសិនបើរៀនគ្រាន់តែដឹង ហើយមិនចេះធ្វើ ឬមិនអនុវត្តក្នុងការធ្វើ ច្បាស់លាស់ គឺសិស្សានុសិស្សមិនចេះសអ្វីនោះទេ ហើយការរៀនដែលធ្វើឱ្យយើងចេះបំផុតនោះ គឺការរៀនដោយខ្លួនឯង។