អ្នកនិពន្ធ និងអ្នកអាន

បានផ្សាយចេញ | ០៣ ធ្នូ ២០២៤

អ្នកនិពន្ធ និងអ្នកអាន

អត្ថបទព័ត៌មានស្តីពីការអប់រំ

ក្រោមប្រធានបទ “អ្នកនិពន្ធ និងអ្នកអាន”

អត្ថបទដោយ : ប៉ែន មាលតី

#MJQE#AmericanInterconSchool

 

តាំងពីបុរាណកាលមក ប្រជាជនខ្មែរតិចណាស់ ដែលទម្លាប់សរសេរ និងអាន ឬមួយនេះ ជាឫសគល់របស់ខ្មែរដែលមិនអាចរំលើងបាន ទើបសម័យនេះទៅហើយ ប្រជាជនកម្ពុជា ពិសេស យុវជន មិននិយមតែងនិពន្ធនិងអានសៀវភៅ។ មុនពេលមានអក្សរខ្មែរ ប្រើប្រាស់ជាផ្លូវការ បុព្វបុរសខ្មែរ បានចាររឿងរ៉ាវនានា នៅលើផ្ទាំងសិលា ពិសេស នៅតាមប្រាង្គប្រាសាទនានា។ រឿងរ៉ាវទាំងនោះ សម្តែងឡើងជារូបភាពមនុស្ស សត្វ ទៅតាមរឿងរ៉ាវរបស់គម្ពីរវេទ និងជំនឿរបស់ព្រះពុទ្ធសាសនា ដែលរូបភាពទាំងនោះ មានតែអ្នកសិក្សាដ៏តិចតួចប៉ុណ្ណោះអាចបកស្រាយ និងយល់ដឹងបាន។

សព្វថ្ងៃប្រជាជនខ្មែរមានអក្សរប្រើប្រាស់ជាផ្លូវការ មានការបោះពុម្ពផ្សាយ មានភាពយន្ត និងឈានទៅដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជា កុំព្យូទ័រ ទូរសព្ទផងដែរ។ តែការសរសេរ និងការស្វះស្វែងអានសៀវភៅ នៅតែជាបញ្ហា និងនៅមានកម្រិតនៅឡើយ។

មួយឆ្នាំម្តង មជ្ឈមណ្ឌលវប្បធម៌បារាំង រៀបចំកម្មវិធីពិព័រណ៍សៀវភៅ ដែលជួយជំរុញឱ្យមានការអាននៅកម្ពុជា។ រាល់ពេលមានកម្មវិធីនេះម្តងៗ តែងឃើញមានការផ្សព្វផ្សាយថា “កម្ពុជាកំពុងតែមានអ្នកអានច្រើនជាងមុន” ឬថា “សន្ទុះនៃការអានសៀវភៅ កំពុងតែរីកដុះដាល” តែនេះ គ្រាន់តែជាការភូតភរតែប៉ុណ្ណោះ ព្រោះអ្នកនិពន្ធ នៅកម្ពុជា បានខិតខំប្រឹងប្រែងតាក់តែង និងបោះពុម្ពផ្សាយប្រលោមលោក       និងកំណាព្យណាស់ តែស្នាដៃរបស់ពួកគេ លក់មិនដាច់។ ចំនួនសៀវភៅ ប្រហែលមួយពាន់ក្បាល និងចំនួនមនុស្សរាប់លាននាក់ ខុសគ្នាឆ្ងាយណាស់ តែអ្នកនិពន្ធ ប្រើពេលពីរឆ្នាំ នៅតែលក់មិនអស់ដដែល។          នេះបញ្ជាក់ឱ្យឃើញថា អ្នកអាននៅមិនទាន់ចង់ចេះដឹង ឬក្រេបជញ្ជក់រសជាតិនៃការផ្តួចផ្តើម ឬបង្ហាញនូវទស្សនៈថ្មីៗ របស់អ្នកនិពន្ធទេ។

ការមិននិយមអាន ធ្វើឱ្យអ្នកនិពន្ធជាប់គាំង អស់ទឹកចិត្តនឹងបន្តអាជីពរបស់ខ្លួនតទៅទៀត។ អ្នកនិពន្ធខ្មែរសម័យថ្មី ប្រឹងប្រែងតែងនិពន្ធណាស់ តែបន្ទាប់ពីនិពន្ធបានហើយ ត្រូវដើរលក់ស្នាដៃរបស់ខ្លួនយ៉ាងលំបាកលំបិន ពិបាកជាងលក់សាច់ជ្រូកនៅផ្សារទៅទៀត ក្រោមក្រសែភ្នែកបន្ទាបបន្ថោករបស់ឈ្មួញសៀវភៅមួយចំនួន។ អាជីពជាអ្នកនិពន្ធ ត្រូវរងនូវការមើលងាយដោយប្រយោល ពីសំណាក់សាធារណជន ដែលធ្វើឱ្យអ្នកនិពន្ធបាក់ទឹកចិត្ត រហូតដល់មានអ្នកនិពន្ធខ្លះ សុខចិត្តបោះបង់អាជីពជាអ្នកនិពន្ធ និងរត់ភៀសខ្លួនចោលស្រុកទេស ក៏មានដែរ ព្រោះតែមិនអាចប្រឈមមុខនឹងបញ្ហាទាំងនេះបាន។

ប៉ុន្តែ សូមបញ្ជាប់ឡើងវិញថា តម្លៃនៃការចេះដឹង ពីការតែងនិពន្ធសៀវភៅនោះ មិនត្រូវបានបាត់បង់ឡើយ គឺបាត់បង់តែមនុស្សដែលមិនចូលចិត្តអានតែប៉ុណ្ណោះ។ មួយវិញទៀត មនុស្សដែលរស់នៅក្នុងសម័យបច្ចុប្បន្ន ដែលមិនចូលចិត្តអានសៀវភៅ នោះនឹងត្រូវប្រឈ​មនឹងហានិភ័យនៃជីវិតជាមិនខាន ព្រោះតាមមិនទាន់នូវបច្ចេកវិទ្យាថ្មីៗ ដែលជាប្រភពនៃចំណេះដឹងជាសាកលនោះឯង។

ដូច្នេះ មានតែការអានសៀវភៅតែម្យ៉ាងប៉ុណ្ណោះ នោះទើបជាប្រភពនៃចំណេះដឹងដោយពិតប្រាកដ។