ការបញ្ជូនកុមារចាប់ពីអាយុ ២ ឆ្នាំឡើង ឱ្យចូលរៀននៅក្នុងបរិយាកាសអប់រំត្រឹមត្រូវល្អ មានគុណភាព គឺជាជំហានសំខាន់មួយក្នុងការកសាងមូលដ្ឋានជីវិតរឹងមាំ។ វាជួយអភិវឌ្ឍន៍ខួរក្បាល ភាសា ទំនាក់ទំនង សង្គម និងអារម្មណ៍ ព្រមទាំងត្រៀមកុមារឱ្យមានសមត្ថភាពឈានទៅរកភាពជោគជ័យក្នុងការសិក្សា ការងារ និងការរស់នៅនាពេលអនាគត។

នេះជាការលើកឡើងរបស់លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សដែល បញ្ចប់ការសិក្សាដោយជោគជ័យនៅថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី៦ និងទី៩ សាខាតាកែវ។
លោកស្រីបានបន្ថែមថា ការអប់រំកុមារតាំងពីវ័យក្មេង មានតួនាទីយ៉ាងសំខាន់ចំពោះការលូតលាស់គ្រប់ជ្រុងជ្រោយ។ វ័យកុមារតូច គឺជាដំណាក់កាលដែលខួរក្បាលអភិវឌ្ឍន៍លឿនបំផុត ដូច្នេះការរៀនតាមរយៈការលេង ការស្តាប់ និងការសង្កេត មិនត្រឹមតែជួយពង្រឹងការគិត និងការចងចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍន៍សមត្ថភាពដោះស្រាយបញ្ហាផងដែរ។
ជាមួយគ្នានេះ កុមារនឹងអភិវឌ្ឍន៍ជំនាញភាសា និងទំនាក់ទំនង ដោយរៀននិយាយ បញ្ចេញមតិ និងស្តាប់អ្នកដទៃយ៉ាងមានទំនុកចិត្ត។ ការសិក្សានៅក្នុងបរិយាកាសសាលាក៏ជួយបណ្តុះជំនាញសង្គម និងអារម្មណ៍ ដូចជា ការចែករំលែក សហការ ការគោរពវិន័យ និងការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន។
លើសពីនេះ ការចូលរៀនតាំងពីវ័យក្មេង ជួយត្រៀមកុមារឱ្យមានមូលដ្ឋានរឹងមាំសម្រាប់ថ្នាក់បឋមសិក្សា ដោយបង្កើនសមត្ថភាពអាន សរសេរ គណនា និងការគិតវិភាគ។ កុមារនឹងកាន់តែមានទំនុកចិត្ត និងភាពក្លាហានក្នុងការបញ្ចេញមតិ និងសាកល្បងអ្វីថ្មីៗ ខណៈដែលគ្រូអាចសង្កេតឃើញ និងលើកទឹកចិត្តអភិវឌ្ឍន៍ទេពកោសល្យពិសេសរបស់ពួកគេបានយ៉ាងត្រឹមត្រូវ។
មិនត្រឹមតែប៉ុណ្ណោះ សាលាក៏ជួយបង្កើតទម្លាប់រស់នៅល្អ ដូចជា វិន័យ ការគោរពពេលវេលា អនាម័យ និងការថែទាំខ្លួនឯង ដែលពាក់ព័ន្ធនឹងសុខភាព និងសុវត្ថិភាពប្រចាំថ្ងៃ។ ព្រមទាំង ការសហការរវាងគ្រួសារ និងសាលា ក៏ជាគន្លឹះសំខាន់ក្នុងការគាំទ្រការលូតលាស់របស់កុមារឱ្យបានល្អបំផុត។
ជារួម ការអប់រំដំបូងដែលមានគុណភាព មិនមែនគ្រាន់តែបង្រៀនអក្សរ ឬលេខប៉ុណ្ណោះទេ ប៉ុន្តែជាការ
កសាងមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី កាយ ចិត្ត និងសីលធម៌ ដែលនាំឱ្យកុមាររីកចម្រើន និងជោគជ័យនៅអនាគត។
ហេតុនេះហើយ ការវិនិយោគលើការអប់រំថ្ងៃនេះ គឺជាការកំណត់អនាគតរបស់កូនៗសម្រាប់ថ្ងៃស្អែក។
សាលារៀន AIS ជឿជាក់ថា «គ្រូបង្រៀនល្អ បង្កើតថ្នាក់រៀនល្អ ថ្នាក់រៀនល្អ បង្កើតសិស្សល្អ សិស្សល្អ បង្កើតសង្គមល្អ ហើយសង្គមល្អ បង្កើតអនាគតរឹងមាំសម្រាប់ប្រទេសជាតិ»។
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦–២០២៧ សាលានឹងចាប់ផ្តើមបវេសនកាលនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ មុនឈានចូលឆ្នាំសិក្សាថ្មី សាលានឹងរៀបចំកម្មវិធីរៀនត្រៀមដោយឥតគិតថ្លៃ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ សូមមាតាបិតា និងអ្នកអាណាព្យាបាល រួសរាន់ចុះឈ្មោះឱ្យបុត្រធីតាចូលរួម ដើម្បីទទួលបានការត្រៀមខ្លួនដ៏ល្អសម្រាប់ឆ្នាំសិក្សាថ្មី។
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាសាលាចំណេះដឹងទូទៅ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ តាមបែបខ្មែរ–អាមេរិកាំង ដំបូងគេនៅកម្ពុជា។ សាលាផ្តោតលើគុណភាព វិន័យ និងសេវាកម្ម មានបរិយាកាសសិក្សាផាសុកភាព ថ្នាក់រៀនទាក់ទាញ សម្ភារបង្រៀនគ្រប់គ្រាន់ និងគ្រូបង្រៀនមានជំនាញវិជ្ជាជីវៈ។ AIS បានចូលរួមអភិវឌ្ឍវិស័យអប់រំចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន៕