អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “គន្លឹះជួយកូនៗត្រៀមខ្លួនមុនពេលប្រឡង និងបង្កើនប្រសិទ្ធភាពនៃការសិក្សា”
អត្ថបទដកស្រង់ដោយ : រ៉ុង ណារីន
#MJQE #AmericanInterconSchool
លោកឪពុក អ្នកមា្តយគ្រប់រូបតែងតែចង់ឱ្យកូនៗរបស់ខ្លួនទទួលបានលទ្ធផលល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ការជ្រោមជ្រែងពីឪពុកម្តាយ ឬអ្នកអាណាព្យាបាល គឺជាសកម្មភាពដែលកាន់តែជំរុញដល់ប្រសិទ្ធភាពនៃការសិក្សា និងកាត់បន្ថយអាការស្រេ្តសរបស់កូនៗ។ ដើម្បីជួយកូនៗត្រៀមខ្លួនមុនពេលប្រឡង និងបង្កើនប្រសិទ្ធភាពនៃការសិក្សា អ្នកអាណាព្យាបាលអាចរួមចំណែកតាមរយៈសកម្មភាពមួយចំនួនដូចខាងក្រោម៖
· រៀបចំកន្លែងឱ្យកូនៗរៀនសូត្រ : បរិយាកាសស្ងប់ស្ងាត់ល្អ និងការរួមចំណែកគាំទ្រ តាមរយៈរូបភាពចម្រុះគ្នា គឺជាការជួយកូនៗឱ្យទទួលបានប្រសិទ្ធភាពនៃការសិក្សា ក៏ដូចជាកាត់បន្ថយភាពតានតឹងជាដើម។ កន្លែងរៀនត្រូវមានភាពស្ងាត់ល្អ មិនមានការរំខាន។
· ការកំណត់ពេលវេលា នៃការប្រើប្រាស់ទូរសព្ទដៃ ឬក៏ឧបករណ៍អេឡិចត្រូនិក : អ្នកអាណាព្យាបាលគួរមានការកំណត់ពេលវេលានៃការប្រើប្រាស់ដោយដាក់នៅកន្លែងផ្សេងគ្នាពីកន្លែងដែលកូនៗសិក្សា។
· ផែនការ និងការបង្ហាញពេលដែលត្រូវរៀន : នៅពេលដែលទទួលបាននូវតារាង ឬក៏កាលវិភាគប្រឡង អ្នកអាណាព្យាបាលគួរត្រៀមលក្ខណៈក្នុងការជួយផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រ មួយវិញទៀតនៅពេលដែលបានដឹងអំពីពេលវេលា មិនថាម៉ោងសិក្សា និងការប្រឡង ក្នុងនាមជាអ្នកអាណាព្យាបាល គឺកាន់តែងាយស្រួលក្នុងការប្រាប់ឱ្យកូនៗសម្រាក ឬប្រាប់ឱ្យរម្លឹកមេរៀនជា ដើម។
· ជជែកគ្នាអំពីការរំពឹងទុក : ការជជែកគ្នាទុកជាមុន អំពីការរំពឹងទុករបស់ភាគីម្ខាងៗ មិនថាកូនៗ ឬឪពុកម្តាយ ការជជែកគ្នា ជាការកាត់បន្ថយការអាក់អន់ចិត្តនៅពេលដែលលទ្ធផលចេញមក។ ការជជែកអាចឱ្យកូនបានដឹងជាមុនថា តើអ្នកអាណាព្យាបាលផ្តល់តម្លៃលើការខិតខំប្រឹងប្រែងជាង ឬផ្តោតលើលទ្ធផលជាង ហើយការជជែកគ្នាក៏ជាការកាត់បន្ថយការដាក់សម្ពាធទៅកាន់ កូនៗ។
· អ្វីដែលអ្នកអាណាព្យាបាលអាចគាំទ្រទៅកាន់កូនៗ : មិនថាដោយផ្ទាល់ ឬដោយប្រយោលនោះទេ អ្នកអាណាព្យាបាលគ្រប់រូបសុទ្ធតែមានលទ្ធភាពគាំទ្រទៅកាន់កូនៗ តាមរបៀបរៀងៗខ្លួន ដូចជាពិនិត្យមើលជារឿយៗថា តើកូនៗបានទទួលទានចំណីអាហារគ្រប់គ្រាន់ ឬទៀងទាត់ពេលវេលាទេ និងមានសារធាតុចិញ្ចឹមកម្រិតណាដែរ? ជាពិសេសមុនពេលប្រឡង និងថ្ងៃប្រឡងមកដល់ ហើយត្រូវដាក់កាលវិភាគរម្លឹកពួកគេឱ្យបានជាប្រចាំអំពីអាហារដែលរួមចំណែកដល់សុខភាព ព្រោះការទទួលទានបានល្អ ក៏ជាការធ្វើឱ្យស្មារតីផ្តោតលើការសិក្សាមានប្រសិទ្ធភាពជាងមុនដែរ។
កត្តាទាំងអស់នេះហើយដែលរួមចំណែកយ៉ាងសំខាន់ដើម្បីឱ្យការសិក្សារបស់កូនៗ លោកអ្នកទទួលបានលទ្ធផលល្អ។ ការលើកទឹកចិត្តកូនជាប្រចាំ ជាជាងដាក់សម្ពាធខ្លាំងពេកទៅលើកូន៕