គន្លឹះក្នុងការមើលថែកូនឱ្យមានសុខភាពល្អ និងរឹងមាំ

បានផ្សាយចេញ | ០២ ធ្នូ ២០២៤

គន្លឹះក្នុងការមើលថែកូនឱ្យមានសុខភាពល្អ និងរឹងមាំ

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព

ក្រោមប្រធានបទ “គន្លឹះក្នុងការមើលថែកូនឱ្យមានសុខភាពល្អ និងរឹងមាំ”

អត្ថបទដកស្រង់ដោយ : គិត សុភ័ក្រ្ត

#MJQE#AmericanInterconSchool

 

ការចិញ្ចឹមបីបាច់មើលថែរក្សាកូន ជាកាតព្វកិច្ចដ៏ធំ និងចាំបាច់របស់មាតាបិតាគ្រប់រូប ហើយលោកអ្នកក៏ត្រូវតែប្រាកដថា អ្នកនឹងអាចមើលថែទាំពួកគេបានល្អ មានសុខភាពល្អ និងរឹងមាំ ទើបអាចចៀសឆ្ងាយពីបញ្ហាសុខភាព ក៏ដូចជាជំងឺផ្សេងៗបាន។

តើអ្នកដឹងទេថា ការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណ ក៏ដូចជាបំពេញសកម្មភាពមួយចំនួន រយៈពេលប្រមាណ៦០នាទី ក្នុងមួយថ្ងៃ ដល់កូនៗរបស់អ្នក គឺអាចការពារពួកគេពីបញ្ហាលើសទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ។ បើសិនជាអាច លោកអ្នកអាចសាកល្បងនូវទង្វើ ក៏ដូចជាសកម្មភាពខាងក្រោមនេះ ដើម្បីភាពរឹងមាំនៃសុខភាព និងជីវិតរបស់កូនជាទីស្រឡាញ់របស់អ្នក៖


១. បង្កើតនូវទម្លាប់ធ្វើអ្វីដែលសកម្ម :

ត្រឹមតែ៦០នាទី ក្នុងរយៈពេល២៤ម៉ោង (មួយថ្ងៃ) ក៏ល្មមគ្រប់គ្រាន់សម្រាប់ឱ្យអ្នក និងកូនរបស់អ្នក បំពេញនូវសកម្មភាពខ្លះដែលបង្កនូវភាពសកម្មនៅក្នុងក្រុមគ្រួសារ។ ក្នុងនោះ អ្នកអាចសាកល្បងនូវហ្គេមមួយចំនួនដូចខាងក្រោម៖

- បោះប៉ោងប៉ោងលេងទៅវិញទៅមក

- ផ្លុំពពុះសាប៊ូ ដែលអាចឱ្យកូនរបស់អ្នក រត់ចាប់លេង

- លេងបាល់ទាត់ ឬលេងបោះបាល់

- ដើរកម្សាន្តនៅសួនច្បារ ឬទីធ្លាណាមួយ។


២. លើកទឹកចិត្តពួកគេក្នុងការបំពេញសកម្មភាព :

មានវិធីជាច្រើន ដែលអ្នកអាចធ្វើបាន ដើម្បីបង្ហាញអំពីការផ្តល់កម្លាំងចិត្តដល់ពួកគេ ក្នុងការបំពេញសកម្មភាពដែលជួយឱ្យសុខភាពរឹងមាំ។ ជាក់ស្តែង បន្ថែមពីលើការចុះឈ្មោះឱ្យពួកគេក្នុងក្លឹបកីឡា ឬថ្នាក់រៀនអ្វីនោះ អ្នកក៏គួរតែចំណាយពេលខ្លះ ទៅចូលរួមមើលពួកគេ ឬលើកទឹកចិត្ត ពេលមានការប្រកួត មិនថាមិត្តភាព ឬប្រកួតដណ្តើមពានរង្វាន់ក្តី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចគាំទ្រដល់ពួកគេ ដោយការត្រៀមនូវសម្លៀកបំពាក់ត្រឹមត្រូវសមស្របទៅនឹងសកម្មភាព ឬធ្វើការរៀបចំអាហារ ឬភេសជ្ជៈ ដែលជួយទ្រទ្រង់ដល់សកម្មភាពទាំងនោះផងដែរ។


៣. កាត់បន្ថយ ឬកម្រិតពេលសម្លឹងអេក្រង់ :

ពេលសម្លឹងអេក្រង់ ជាពិសេស ការមើលទូរទស្សន៍ និងលេងអ៊ិនធើណេត សុទ្ធតែបង្អាក់ពួកគេពីការធ្វើសកម្មភាព ហេតុនេះហើយ អ្នកត្រូវតែមានការដាក់កំហិត និងកំណត់ពេលវេលា (អ្នកជំនាញណែនាំថា គួរតែចំណាយពេលតិចជាង២ម៉ោង សម្រាប់កុមារដែលមានអាយុ២ឆ្នាំ ឬលើសពីនេះ) ដែលពួកគេ គួរតែចំណាយក្នុងការសម្លឹងមើលអេក្រង់។ ប្រសិនបើអាច អ្នកគួរតែចៀសវាងការដាក់ទូរទស្សន៍ ឬកុំព្យូទ័រនៅក្នុងបន្ទប់របស់ពួកគេ ហើយដាក់នៅបន្ទប់ទទួលភ្ញៀវ ឬកន្លែងណាដែលអ្នកអាចឃ្លាំមើលពួកគេបាន។ បន្ថែមពីលើនេះ អ្នកក៏គួរតែមានគម្រោងក្នុងការធ្វើសកម្មភាពផ្សេងៗ ដើម្បីជំនួសឱ្យការចំណាយពេលអង្គុយចុច និងសម្លឹងមើលតែអេក្រង់។


៤. បង្កើតទម្លាប់ក្នុងការរៀបចំអាហារដែលល្អសម្រាប់សុខភាព :

នេះជាទង្វើតូចតាចដែលអ្នកធ្វើជាប្រចាំក្នុងការរៀបចំម្ហូបអាហារសម្រាប់ក្រុមគ្រួសារ ក្នុងនោះ មានដូចជា ការចម្អិនអាហារដោយប្រើប្រេងអូលីវ ជំនួសឱ្យប៊័រ  ការកាត់បន្ថយការទទួលទានអាហារដែលមានជាតិផ្អែម ជាពិសេស នៅពេលយប់ ជំនួសឱ្យការរៀបចំនូវភេសជ្ជៈកំប៉ុង អ្នកគួររៀបចំទឹកធម្មតា ទឹកដោះគោមានជាតិខ្លាញ់ទាប (Low-fat milk) ទឹកផ្លែឈើស្រស់ និងប្រើប្រាស់បន្លែក្នុងអាហារឱ្យបានច្រើន។ល។
 

៥. ប្រុងប្រយ័ត្នជាមួយរបៀបរបបក្នុងការទុកដាក់អាហារ :

អ្នកប្រហែលជាមិនចាប់អារម្មណ៍ទេថា ទម្លាប់មួយចំនួន ជាពិសេស ការទុកដាក់ចំណីអាហារនៅក្នុងផ្ទះរបស់អ្នកក៏មានឥទ្ធិពលលើសុខភាពរបស់ពួកគេដែរ។ ជាក់ស្តែង ចៀសវាងការដាក់នូវប្រអប់នំ ឬចំណីកញ្ចប់ អ្នកគួរត្រៀមនូវផ្លែឈើ ឬអាហារដែលចម្អិននៅផ្ទះ សម្រាប់ពួកគេវិញ។ គន្លឹះមួយទៀត គឺការប្រើប្រាស់ចាន ដែលមានទំហំតូចល្មម និងប្រើជាប្រចាំ ដើម្បីកម្រិតនូវបរិមាណនៃការទទួលទានរបស់ពួកគេ។


៦. ធ្វើជាគំរូដល់កូនរបស់អ្នក :

ដូចដែលដឹងស្រាប់ហើយថា លោកអ្នកជាគំរូទីមួយ និងជិតស្និទ្ធជាងគេ សម្រាប់បុត្រធីតារបស់អ្នក ហេតុនេះហើយ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទម្លាប់ល្អអ្វីនោះ ពួកគេ ក៏នឹងងាយអនុវត្តតាមផងដែរ។ ជាឧទាហរណ៍ អ្នកអាចមានទម្លាប់ក្នុងការចាត់ទុកសុខភាពជាអាទិភាព តាមរយៈសកម្មភាពប្រចាំថ្ងៃនៅចំពោះមុខពួកគេ ហើយពន្យល់ប្រាប់ ក៏ដូចជារំលឹកជារឿយៗ អំពីអត្ថប្រយោជន៍ទាំងនោះ។ ថ្វីត្បិតថា ត្រូវការពេលវេលាខ្លះក៏ដោយ ពួកគេនឹងសង្កេតឃើញ និងអនុវត្តតាមបន្តិចម្តងៗ ជាមិនខាន៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖

https://www.healthtime.tips/km/library/article/1642