ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ស្វែងយល់ការភ្លេចភ្លាំងបែបណាធម្មតា និងបែបណាគួរព្រួយបារម្ភ !

បានផ្សាយចេញ | ១៥ មិថុនា ២០២៦ 302

ស្វែងយល់ការភ្លេចភ្លាំងបែបណាធម្មតា និងបែបណាគួរព្រួយបារម្ភ !

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ឈ្វេងយល់ការភ្លេចភ្លាំងបែបណាធម្មតា និងបែបណាគួរព្រួយបារម្ភ!”
អត្ថបទដកស្រង់ដោយ : សុខ ចន្ទមាលា
#MJQE #AmericanInterconSchool

នៅពេលអាយុច្រើន ការខ្សោយការចងចាំបន្តិចបន្តួចគឺជារឿងធម្មជាតិទេ។ ប្រសិនបើវាកើតឡើងយូរៗម្តង និងមិនរំខានដល់ការរស់នៅប្រចាំថ្ងៃទេនោះ អ្នកមិនបាច់បារម្ភឡើយ។ ប៉ុន្តែ ប្រសិនបើការភ្លេចភ្លាំងនោះកើតឡើងញឹកញាប់ ឬកាន់តែធ្ងន់ធ្ងរទៅៗ វាអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរ។ ខាងក្រោមនេះ គឺជាចំណុចកត់សម្គាល់មួយចំនួនដែលបង្ហាញពីការភ្លេចភ្លាំងបែបណាធម្មតា និងបែបណាគួរព្រួយបារម្ភ៖

១. ការភ្លេចភ្លាំងតាមវ័យ (រឿងធម្មតា) :
- ភ្លេចភ្លាំងយូរៗម្តង៖ វង្វេងបាត់របស់របរប្រើប្រាស់ ឬភ្លេចរឿងដែលទើបនិយាយគ្នាមួយសន្ទុះ ប៉ុន្តែនៅពេលមានគេជួយរម្លឹក ក៏នឹកឃើញឡើងវិញភ្លាម។
- ទាក់មាត់នឹកមិនឃើញ៖ ពិបាករកនឹកពាក្យសម្ដី ឬឈ្មោះមនុស្ស (ជាពិសេសពាក្យមិនសូវប្រើ) ប៉ុន្តែស្រាប់តែនឹកឃើញវិញដោយខ្លួនឯងនៅពេលក្រោយ។
- ភ្លេចគោលបំណង៖ ដើរចូលបន្ទប់ ហើយភ្លេចថាចង់មកធ្វើអ្វី ប៉ុន្តែនៅពេលដើរត្រឡប់ទៅកន្លែងដើមវិញ ក៏នឹកឃើញមូលហេតុ។
- ខួរក្បាលដំណើរការយឺតជាងមុន៖ មនុស្សចាស់ត្រូវការពេលវេលាច្រើនជាងមុនបន្តិច ដើម្បីរៀនសូត្រ ឬស្វែងយល់ពីបច្ចេកវិទ្យានិងអ្វីៗដែលថ្មី។
- ពិបាកធ្វើការងារច្រើនក្នុងពេលតែមួយ៖ ការជជែកគ្នា បណ្តើរមើលទូរទស្សន៍បណ្តើរ អាចជាការពិបាកសម្រាប់វ័យ ៧៥ឆ្នាំ បើធៀបនឹងកាលពីក្មេង។
- ចន្លោះប្រហោងការងារ៖ ភ្លេចទិញអីវ៉ាន់ខ្លះតាមបញ្ជី ឬភ្លេចកិច្ចការដែលដៃគូផ្តាំផ្ញើ ប៉ុន្តែដឹងខ្លួន និងនឹកឃើញវិញនៅពេលក្រោយ។

២. ការបាត់បង់ការចងចាំដែលមិនធម្មតា (សញ្ញាជំងឺវង្វេង) :
- និយាយដដែលៗ៖ សួរដេញដោល និយាយរឿងដដែលៗ ឬរៀបរាប់រឿងដដែលក្នុងពេលហ្នឹង
(ច្រើនតែសមាជិកគ្រួសារជាអ្នកចាប់អារម្មណ៍ដឹងមុន)។
- ភ្លេចទាំងស្រុង៖ ភ្លេចរាល់ការសន្ទនា ឬព័ត៌មានថ្មីៗដែលទើបតែទទួលបាន ដោយចាំមិនបានទាល់តែសោះថាធ្លាប់បាននិយាយគ្នា។
- បាត់បង់របស់របរជាប្រចាំ៖ ទុករបស់ខុសកន្លែងញឹកញាប់ ជាពិសេសចូលចិត្តធ្វើបាត់របស់មានតម្លៃនៅតាមទីសាធារណៈ។
- ផ្លាស់ប្តូរចរិតលក្ខណៈ៖ អាកប្បកិរិយាប្រែប្រួលខ្លាំងខុសពីមុន ដឹងខុសត្រូវខ្សោយ (ជួនកាលសញ្ញានេះស្តែងចេញមកមុនពេលមានបញ្ហាភ្លេចភ្លាំងច្បាស់ក្រឡែតទៅទៀត)។
- លែងចេះធ្វើកិច្ចការដែលធ្លាប់តែជំនាញ៖ លែងចេះប្រើប្រាស់គ្រឿងអគ្គិសនីក្នុងផ្ទះ វង្វេងវគ្គក្នុងការធ្វើម្ហូប ឬពិបាកប្រើទូរសព្ទដៃ។
- វង្វេងពេលវេលា និងទីកន្លែង៖ វង្វេងផ្លូវទោះបីជាបើកបរលើផ្លូវដែលធ្លាប់ទៅរាល់ថ្ងៃ ឬមិនដឹងថាជាថ្ងៃខែឆ្នាំ ឬរដូវអ្វី។
- បាត់បង់សមត្ថភាពរស់នៅម្នាក់ឯង៖ មិនអាចមើលថែទាំខ្លួនឯងបានទៀតទេ ដូចជាភ្លេចពិសារបាយ ភ្លេចលេបថ្នាំតាមវេជ្ជបញ្ជា ឬភ្លេចបង់ថ្លៃទឹកថ្លៃភ្លើងជាដើម។

ប្រសិនបើសង្ស័យថាមានសញ្ញាណាមួយមិនស្រួល គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ជាជាងរង់ចាំឱ្យស្ថានភាពខួរក្បាលដុនដាបខ្លាំង។ ការជួបគ្រូពេទ្យទាន់ពេលវេលាមានសារៈសំខាន់ណាស់ ព្រោះបច្ចុប្បន្នមានវិធីសាស្ត្រព្យាបាលថ្មីៗដែលអាចជួយទប់ស្កាត់ការវិវត្តនៃជំងឺបាន ប៉ុន្តែវាមានប្រសិទ្ធភាពសម្រាប់តែអ្នកជំងឺអាល់ហ្សៃមឺរ (Alzheimer) ដែលស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖ https://www.uchicagomedicine.org

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Ms muny1.jpg

សារៈសំខាន់នៃសុខភាពផ្លូវចិត្ត

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Mr Rith.jpg

​ញ៉ាំទឹក​ក្ដៅ ផ្ដល់​គុណប្រយោជន៍​ដល់សុខភាព

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Pisal.jpg

“របៀបនៃការរស់នៅល្អ នឹងផ្តល់នូវផ្នត់គំនិតល្អ និងសុខភាពល្...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Monorom1.jpg

តើអ្វីទៅជាការគេងប្រកបដោយគុណភាព និងមានសុខភាពល្អ?