អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ វិធីសាស្រ្តថែរក្សាសុខភាពផ្លូវចិត្តឱ្យល្អ”
អត្ថបទដកស្រង់ដោយ : ម៉ាត់ ណាសៀត
#MJQE #AmericanInterconSchool
នៅក្នុងសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះមនុស្សជាច្រើនរស់នៅក្នុងសម្ពាធការប្រកួតប្រជែង និងភាពរវល់ជារៀងរាល់ថ្ងៃ។ ទោះបីជាជីវិតកាន់តែងាយស្រួលដោយសារបច្ចេកវិទ្យាក៏ ដោយ ប៉ុន្តែបញ្ហាផ្លូវចិត្តក៏កើនឡើងដូចគ្នា។ មនុស្សមួយចំនួនមានអារម្មណ៍តានតឹង ឯកោ ខ្វល់ខ្វាយ ឬបាត់បង់កម្លាំងចិត្តដោយមិនដឹងខ្លួន។ ដូច្នេះការថែរក្សាសុខភាពផ្លូវចិត្តគឺជារឿងសំខាន់ណាស់ សម្រាប់ជីវិតសម័យថ្មី។ ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង៦ ដែលមនុស្សគ្រប់រូបគួរអនុវត្តដើម្បី ថែរក្សាសុខភាពផ្លូវចិត្តឱ្យល្អ៖
១. គ្រប់គ្រងអារម្មណ៍របស់ខ្លួន :
ការចេះស្គាល់ និងគ្រប់គ្រងអារម្មណ៍គឺជាជំហានដំបូងនៃសុខភាពផ្លូវចិត្តល្អ។ នៅពេលខឹង សោកសៅ ឬតានតឹង យើងមិនគួរបង្ខំខ្លួនឱ្យទប់ទុក្ខគ្រប់យ៉ាងឡើយ។ ត្រូវរៀននិយាយពីអារម្មណ៍ របស់ខ្លួនទៅកាន់មនុស្សដែទុកចិត្ត ឬសរសេរចេញដើម្បីបន្ធូរអារម្មណ៍។ មនុស្សដែលចេះ គ្រប់គ្រងអារម្មណ៍អាចរស់នៅបានស្ងប់ស្ងាត់ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។
២. កាត់បន្ថយការប្រើប្រាស់បណ្តាញសង្គមច្រើនពេក :
បណ្តាញសង្គមអាចផ្តល់ព័ត៌មាន និងការកម្សាន្ត ប៉ុន្តែការប្រើប្រាស់ច្រើនពេកអាចធ្វើឱ្យយើង ប្រៀបធៀបខ្លួនជាមួយអ្នកដទៃ និងបង្កអារម្មណ៍អវិជ្ជមាន។ មនុស្សជាច្រើនបាត់បង់ទំនុកចិត្ត លើខ្លួនឯង ព្រោះតែឃើញជីវិតល្អឥខ្ចោះរបស់អ្នកដទៃនៅលើបណ្តាអ៊ីនធឺណេត។ ដូច្នេះយើង គួរប្រើបណ្តាញសង្គមដោយមានកម្រិត និងផ្តល់ពេលវេលាឱ្យខ្លួនឯងរស់នៅក្នុងជីវិតពិត។
៣. សម្រាកឱ្យបានគ្រប់គ្រាន់ :
ការគេងមិនគ្រប់ និងការងារច្រើនពេកអាចប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងខ្លាំង។ ការសម្រាកគ្រប់គ្រាន់ ជួយឱ្យខួរក្បាលធូរស្រាល និងបង្កើនសមត្ថភាពគិត។ មនុស្សដែលមានពេលសម្រាកល្អភាគ ច្រើនមានអារម្មណ៍ស្រស់ស្រាយ និងអាចដោះស្រាយបញ្ហាបានល្អជាងមុន។
៤. ហាត់ប្រាណ និងថែរក្សាសុខភាពរាងកាយ :
សុខភាពផ្លូវចិត្ត និងសុខភាពរាងកាយមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ការហាត់ប្រាណជាប្រចាំ អាចជួយកាត់បន្ថយសម្ពាធ និងបង្កើនអារម្មណ៍រីករាយ។ មិនចាំបាច់ហាត់ខ្លាំងពេកទេ គ្រាន់តែដើរ រត់តិចៗ ឬហាត់យូហ្គាក៏អាចជួយបានដែរ។
៥. រៀនគិតវិជ្ជមាន :
ការគិតវិជ្ជមានជួយឱ្យយើងមានកម្លាំងចិត្តក្នុងការប្រឈមបញ្ហា។ ជីវិតមិនអាចគ្មានបញ្ហាទេ ប៉ុន្តែ យើងអាចជ្រើសរើសរបៀបគិតចំពោះបញ្ហាទាំងនោះ។ មនុស្សដែលមានផ្លូវចិត្តរឹងមាំ គឺមិនមែន ជាមនុស្សដែលមិនធ្លាប់ជួបបញ្ហាទេ ប៉ុន្តែជាមនុស្សដែលចេះឈរឡើងវិញក្រោយពេលដួល។
៦. ចំណាយពេលជាមួយមនុស្សដែលផ្តល់ថាមពលវិជ្ជមាន :
មនុស្សនៅជុំវិញខ្លួន មានឥទ្ធិពលខ្លាំងលើអារម្មណ៍របស់យើង។ ការចំណាយពេលជាមួយគ្រួសារ មិត្តល្អ ឬមនុស្សដែលតែងតែចេះលើកទឹកចិត្តអ្នកជុំវិញខ្លួនអាចធ្វើឱ្យផ្លូវចិត្តរឹងមាំ និងមានសេចក្តី សុខជាងមុន។
សរុបមកវិញ សុខភាពផ្លូវចិត្តល្អមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីការថែរក្សា រៀងរាល់ថ្ងៃ។ ក្នុងសម័យថ្មីដែលពោរពេញដោយសម្ពាធ និងការប្រកួតប្រជែង យើងត្រូវរៀន ស្រឡាញ់ខ្លួនឯងសម្រាកឱ្យបានគ្រប់គ្រាន់ និងគិតវិជ្ជមាន។ ពេលផ្លូវចិត្តរឹងមាំ ជីវិតក៏កាន់តែមាន ន័យ និងពោរពេញដោយក្តីសុខ៕