ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គន្លឹះសម្ងាត់៨យ៉ាង ដើម្បីទទួលបានការគេងលក់ស្កប់ស្កល់នៅពេលយប់

បានផ្សាយចេញ | ១៣ កក្កដា ២០២៦ 171

គន្លឹះសម្ងាត់៨យ៉ាង ដើម្បីទទួលបានការគេងលក់ស្កប់ស្កល់នៅពេលយប់

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “គន្លឹះសម្ងាត់៨យ៉ាង ដើម្បីទទួលបានការគេងលក់ស្កប់ស្កល់នៅពេលយប់”
អត្ថបទដោយ ៖ មុយ យូលែង
#MJQE #AmericanInterconSchool
 
 
តើអ្នកធ្លាប់មានអារម្មណ៍ថាហត់នឿយខ្លាំង និងមួម៉ៅនៅពេលព្រឹក បន្ទាប់ពីឆ្លងកាត់ការគេងមិនលក់ពេញមួយយប់ដែរឬទេ? នៅពេលដែលយើងមានវ័យកាន់តែច្រើន ទម្លាប់ និងម៉ោងនៃការគេងរបស់យើងអាចនឹងមានការប្រែប្រួល ដែលធ្វើឱ្យការគេងលក់ និងការបន្តគេងឱ្យបានស្កប់ស្កល់ពេញមួយយប់មានការលំបាកជាងមុន។ ការគេងមិនលក់ម្តងម្កាលជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើវាក្លាយជាបញ្ហារ៉ាំរ៉ៃ វាមិនត្រឹមតែធ្វើឱ្យអ្នកអស់កម្លាំង និងប្រែប្រួលអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអាក្រក់ដល់សុខភាព រួមទាំងបង្កើនហានិភ័យនៃជំងឺលើសទម្ងន់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២ ទៀតផង។ មុននឹងអ្នកសម្រេចចិត្តប្រើប្រាស់ថ្នាំគេងលក់ (ដែលអាចមានផលប៉ះពាល់ដូចជា វិលមុខ ឈឺក្បាល ឬងងុយដេកនៅពេលថ្ងៃ) សូមសាកល្បងអនុវត្តតាមវិធីសាស្ត្រធម្មជាតិទាំង៨ យ៉ាងនេះជាមុនសិន៖
 
១. ធ្វើលំហាត់ប្រាណ :
ការដើរលឿនៗជាប្រចាំជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយឱ្យរាងកាយមាំមួននោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយការភ្ញាក់កណ្តាលយប់ផងដែរ។ ការធ្វើលំហាត់ប្រាណជួយជំរុញដល់អ័រម៉ូនជំនួយការគេងធម្មជាតិដូចជា មេឡាតូនីន (Melatonin)។ ទោះជាយ៉ាងណាក៏ដោយ គួរចៀសវាងការហាត់ប្រាណកៀកនឹងម៉ោងគេងពេក ព្រោះវាអាចធ្វើឱ្យរាងកាយស្វាង។ ការហាត់ប្រាណនៅពេលព្រឹកព្រលឹម ដែលទទួលបានពន្លឺថ្ងៃ គឺល្អបំផុតសម្រាប់នាឡិកាជីវសាស្ត្ររបស់រាងកាយ។
 
២. រក្សាគ្រែសម្រាប់តែការសម្រាក និងគេងប៉ុណ្ណោះ :
សូមកុំប្រើប្រាស់គ្រែគេងធ្វើជាកន្លែងធ្វើលំហាត់ ប្រឡងអនឡាញ ឆ្លើយតបសារ ឬមើលទូរសព្ទ និងទូរទស្សន៍យឺតៗពេលយប់។ គ្រែគេងគួរតែជាកន្លែងដែលរាងកាយរបស់អ្នកចំណាំថា «ជាកន្លែងសម្រាប់សម្រាក និងផ្ទុកថាមពលឡើងវិញ» មិនមែនជាកន្លែងសម្រាប់ខួរក្បាលតានតឹង ឬខំប្រឹងគិតធ្វើកិច្ចការសាលានោះទេ។
 
៣. រៀបចំបរិយាកាសបន្ទប់គេងឱ្យមានផាសុកភាព :
មិនមែនមានតែទូរសព្ទ ឬទូរទស្សន៍ទេដែលរំខានដល់ការគេង បរិយាកាសជុំវិញក៏សំខាន់ណាស់ដែរ។ សូមប្រាកដថាបន្ទប់គេងរបស់អ្នកមានភាពងងឹតល្អ ស្ងាត់ និងមានសីតុណ្ហភាពត្រជាក់ល្មម (មិនក្តៅពេក) ដែលលក្ខខណ្ឌទាំងនេះជួយឱ្យអ្នកងាយស្រួលគេងលក់បានលឿន។
 
៤. បង្កើតទម្លាប់មុនពេលចូលគេង :
កាលពីនៅក្មេង ការដែលឪពុកម្តាយអានសៀវភៅរឿងឱ្យស្តាប់មុនពេលគេង ជួយឱ្យយើងងងុយដេក។ ទោះបីជាពេញវ័យក៏ដោយ ការបង្កើតទម្លាប់ដដែលៗមុនពេលគេង ក៏អាចផ្តល់សញ្ញាទៅខួរក្បាលថារហូតដល់ម៉ោងសម្រាកហើយដែរ។ អ្នកអាចសាកល្បងញ៉ាំទឹកដោះគោក្ដៅឧណ្ហៗមួយកែវ ងូតទឹកក្ដៅឧណ្ហៗ ឬស្តាប់តន្ត្រីស្រទន់ៗដើម្បីសម្រួលអារម្មណ៍។
 
៥. ញ៉ាំអាហារក្នុងបរិមាណល្មម :
ការចូលគេងទាំងពោះទទេ ឬការញ៉ាំឆ្អែតខ្លាំងពេក សុទ្ធតែធ្វើឱ្យអ្នកពិបាកគេងលក់។ គួរចៀសវាងការញ៉ាំអាហារពេលល្ងាចច្រើនៗក្នុងអំឡុងពេល២ ទៅ៣ម៉ោងមុនពេលចូលគេង។ ប្រសិនបើអ្នកឃ្លានខ្លាំងមុនពេលគេង សូមជ្រើសរើសអាហារសម្រន់បន្តិចបន្តួចដែលមានសុខភាពល្អដូចជា ផ្លែប៉ោមមួយចំណិត ឬនំស្រួយធញ្ញជាតិពីរបីដុំ ដើម្បីទ្រាប់ពោះ។
 
៦. ចៀសវាងគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន :
សូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាសារធាតុជំរុញឱ្យខួរក្បាលស្វាង។ រីឯគ្រឿងស្រវឹងវិញ ថ្វីត្បិតតែវាធ្វើឱ្យអ្នកមានអារម្មណ៍ងងុយដេកនៅដើមទីមែន ប៉ុន្តែវានឹងធ្វើឱ្យអ្នកភ្ញាក់កណ្តាលយប់ និងរំខានដល់ដំណេកយ៉ាងខ្លាំង។ ក្រៅពីនេះ គួរចៀសវាងអាហារដែលមានជាតិអាស៊ីត (ដូចជាផ្លែឈើជូរ) និងអាហារហឹរ ដែលអាចបង្កជាជំងឺច្រាលទឹកអាស៊ីតក្រពះ (ចុកណែនទ្រូង)។
 
៧. កាត់បន្ថយភាពតានតឹង (ស្ត្រេស) :
ការគិតខ្វល់ខ្វាយពីរឿងការងារ ឬបញ្ហាប្រចាំថ្ងៃនៅពេលយប់ នឹងធ្វើឱ្យរាងកាយបញ្ចេញអរម៉ូនស្ត្រេស ដែលប្រឆាំងនឹងការគេងលក់។ មុនពេលចូលគេង សូមទុកពេលឱ្យចិត្តគំនិតបានធូរស្រាល ដោយការអនុវត្តលំហាត់ប្រាណដកដង្ហើម៖ ដកដង្ហើមចូលវែងៗ និងយឺតៗ រួចដកដង្ហើមចេញមកវិញ ដើម្បីកាត់បន្ថយភាពតានតឹង។
 
៨. ពិនិត្យសុខភាពប្រសិនបើមានរោគសញ្ញាមិនប្រក្រតី :
ប្រសិនបើអ្នកមានអារម្មណ៍ដូចជា៖ ចង់តែរំកិលជើងមិនឈប់ (Restless Legs Syndrome) ការស្រមុកខ្លាំង ឬការឈឺក្រហាយនៅដើមទ្រូង និងបំពង់ក (រោគសញ្ញាច្រាលទឹកអាស៊ីតក្រពះ) ដែលរំខានដល់ការគេងរបស់អ្នកជារៀងរាល់យប់ សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវ៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Ms muny1.jpg

សារៈសំខាន់នៃសុខភាពផ្លូវចិត្ត

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Mr Pheaktra1.jpg

​តើការ​គេង​ច្រើន​ហួសកំណត់​អាចផ្ដល់ផលប៉ពាល់ដល់​សុខភាព​បែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr ra1.jpg

ផលអវិជ្ជមាន នៃការញៀនបច្ចេកវិទ្យាមកលើសុខភាពផ្លូវចិត្ត

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Ms Mela.jpg

ស្វែងយល់ការភ្លេចភ្លាំងបែបណាធម្មតា និងបែបណាគួរព្រួយបារម្...