ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

តើអ្វីទៅជាការគេងប្រកបដោយគុណភាព និងមានសុខភាពល្អ?

បានផ្សាយចេញ | ២០ កក្កដា ២០២៦ 255

តើអ្វីទៅជាការគេងប្រកបដោយគុណភាព និងមានសុខភាពល្អ?

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “តើអ្វីទៅជាការគេងប្រកបដោយគុណភាព និងមានសុខភាពល្អ?”
អត្ថបទដកស្រង់ដោយ៖ ទេព មនោរម្យ
#MJQE #AmericanInterconSchool
 
ការគេងប្រកបដោយគុណភាព សំដៅលើការគេងដែលផ្តល់នូវរយៈពេលគ្រប់គ្រាន់ និងជួយឱ្យរាងកាយងើបឡើងវិញពីភាពហត់នឿយ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) មនុស្សពេញវ័យភាគច្រើនគួរតែគេងឱ្យបានពី ៧ ទៅ៩ម៉ោង ក្នុងមួយយប់ ខណៈពេលដែលកុមារ និងក្មេងជំទង់ត្រូវការគេងច្រើនជាងនេះ អាស្រ័យលើអាយុរបស់ពួកគេ។ ការគេងដែលមានគុណភាពល្អ រួមមានលក្ខណៈពិសេសមួយចំនួនដូចជា៖
គេងលក់ភ្លាមក្នុងរយៈពេលប្រហែល ២០ ទៅ៣០នាទី។
គេងលក់ស្កប់ស្កល់ស្ទើរពេញមួយយប់ ដោយគ្មានការភ្ញាក់ដឹងខ្លួនញឹកញាប់។
ចំណាយពេលគ្រប់គ្រាន់ក្នុងវគ្គនីមួយៗនៃការគេង រួមទាំងការគេងលក់ស៊ប់ (deep sleep) និងការគេងយល់សប្តិ (REM sleep)។
ភ្ញាក់ពីគេងមានអារម្មណ៍ស្រស់ស្រាយ ស្វាង និងមានថាមពល។
 
ការគេងលក់ស៊ប់ គឺចាំបាច់សម្រាប់ការស្តារឡើងវិញនៃរាងកាយ ខណៈពេលដែលការគេង REM (Rapid Eye Movement) ជួយដល់ការរៀនសូត្រ ការចងចាំ ការច្នៃប្រឌិត និងការគ្រប់គ្រងអារម្មណ៍។ ការខកខានវគ្គទាំងនេះម្តងហើយម្តងទៀត អាចប៉ះពាល់ភាពអវិជ្ជមានដល់សុខភាពទូទៅ។
 
អត្ថប្រយោជន៍សុខភាពផ្លូវកាយនៃការគេងប្រកបដោយគុណភាព៖
1.    ពង្រឹងប្រព័ន្ធការពាររាងកាយ : ការគេងបានគ្រប់គ្រាន់ជួយឱ្យរាងកាយឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះវីរុស និងបាក់តេរី មិនងាយឆ្លងជំងឺ។
2.    គាំទ្រសុខភាពបេះដូង : ការគេងដែលមានសុខភាពល្អជួយសម្របសម្រួលសម្ពាធឈាម ចង្វាក់បេះដូង និងមុខងារសរសៃឈាម។ កាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
3.   រក្សាទម្ងន់ឱ្យមានសុខភាពល្អ : ការគេងមានឥទ្ធិពលលើអរម៉ូនដែលគ្រប់គ្រងការឃ្លាន និងការឆ្អែត មិនងាយធាត់។
4.    បង្កើនប្រសិទ្ធភាពការងារផ្លូវកាយ : អត្តពលិក និងអ្នកដែលសកម្មខាងរាងកាយ ពឹងផ្អែកលើការគេងប្រកបដោយគុណភាពសម្រាប់ការជួសជុលសាច់ដុំ ការស្តារឡើងវិញ ការសម្របសម្រួល និងការស៊ូទ្រាំ កាត់បន្ថយឱកាសនៃការរងរបួសក្នុងកីឡា។
 
អត្ថប្រយោជន៍ផ្លូវចិត្ត និងអារម្មណ៍៖
1.   ការចងចាំ និងការរៀនសូត្រកាន់តែប្រសើរឡើង។
2.   ជួយបង្កើនការយកចិត្តទុកដាក់ ការផ្តោតអារម្មណ៍ ការធ្វើសេចក្តីសម្រេចចិត្ត និងសមត្ថភាពដោះស្រាយបញ្ហា។
3.   មនុស្សដែលគេងលក់ស្រួលជាទូទៅមានការអត់ធ្មត់ គិតវិជ្ជមាន និងមានភាពធន់នឹងអារម្មណ៍ជាងមុន។
 
ការកែលម្អគុណភាពនៃការគេង ជារឿយៗទាមទារការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញៗមួយចំនួនដើម្បីគេងលក់ស្រួលជាងមុន៖
រក្សាកាលវិភាគឱ្យបានទៀងទាត់ : ចូលគេង និងភ្ញាក់ពីគេងនៅម៉ោងដដែលរៀងរាល់ថ្ងៃ រួមទាំងថ្ងៃចុងសប្តាហ៍ផងដែរ ព្រោះវាជួយពង្រឹងចង្វាក់នៃការគេងធម្មជាតិរបស់រាងកាយ។
បង្កើតទម្លាប់សម្រាកមុនពេលចូលគេង : ការអានសៀវភៅ ងូតទឹកក្តៅឧណ្ហៗ ស្តាប់តន្ត្រីសម្រាលអារម្មណ៍ ឬការអនុវត្តលំហាត់ដកដង្ហើមវែងៗ អាចជួយរៀបចំរាងកាយសម្រាប់ការគេង។
កម្រិតការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក : ចៀសវាងការប្រើប្រាស់ទូរសព្ទ Tablet កុំព្យូទ័រ ឬការមើលទូរទស្សន៍យ៉ាងហោចណាស់មួយម៉ោងមុនពេលចូលគេង។
កែលម្អបរិស្ថានគេងឱ្យបានល្អប្រសើរ : រក្សាបន្ទប់គេងឱ្យស្ងាត់ ងងឹត ត្រជាក់ និងមានផាសុកភាព។ ពូក និងខ្នើយដែលទ្រទ្រង់បានល្អ ក៏រួមចំណែកដល់ការគេងលក់ស្រួលផងដែរ។
ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ : នេះជាសកម្មភាពដែលធ្វើឱ្យរាងកាយជួយជំរុញឱ្យការគេងលក់កាន់តែជ្រៅ។ ទោះជាយ៉ាងណាក៏ដោយ គួរចៀសវាងការធ្វើលំហាត់ប្រាណខ្លាំងក្លានៅជិតម៉ោងចូលគេង។
ទទួលទានអាហារដោយវៃឆ្លាតមុនពេលគេង : ចៀសវាងការទទួលទានអាហារធ្ងន់ៗ ជាតិកាហ្វេអ៊ីន និងការផឹកទឹកច្រើនពេកនៅពេលល្ងាច។ ប្រសិនបើឃ្លាន គួរជ្រើសរើសអាហារសម្រន់ស្រាលៗ និងមានសុខភាពល្អ។
គ្រប់គ្រងស្ត្រេស : ការអនុវត្តសតិ (mindfulness) ការធ្វើសមាធិ ការសរសេរទិនានុប្បវត្តិ ឬការហាត់យឺតៗមុនពេលចូលគេង អាចកាត់បន្ថយស្ត្រេស និងធ្វើឱ្យគុណភាពនៃការគេងកាន់តែប្រសើរឡើង៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Ms Mela.jpg

ស្វែងយល់ការភ្លេចភ្លាំងបែបណាធម្មតា និងបែបណាគួរព្រួយបារម្...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Mr Pheaktra1.jpg

​តើការ​គេង​ច្រើន​ហួសកំណត់​អាចផ្ដល់ផលប៉ពាល់ដល់​សុខភាព​បែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Mr Rith.jpg

​ញ៉ាំទឹក​ក្ដៅ ផ្ដល់​គុណប្រយោជន៍​ដល់សុខភាព

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr ra1.jpg

ផលអវិជ្ជមាន នៃការញៀនបច្ចេកវិទ្យាមកលើសុខភាពផ្លូវចិត្ត