អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “សារៈសំខាន់នៃសុខភាពផ្លូវចិត្ត”
អត្ថបទដកស្រង់ដោយ : ទី មុនីរក្ស
#MJQE #AmericanInterconSchool
សុខភាពផ្លូវចិត្តមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជួយទ្រទ្រង់ដល់សុខុមាលភាពទូទៅ ផលិតភាពការងារ និងទំនាក់ទំនងសង្គមប្រចាំថ្ងៃ។ សុខភាពផ្លូវចិត្តតែងតែដើរតួនាទីសំខាន់ក្នុងការកំណត់សុខុមាលភាពទូទៅ។ ទោះជាយ៉ាងណាក៏ដោយ វាគ្រាន់តែជាពេលថ្មីៗនេះប៉ុណ្ណោះដែលយើងបានចាប់ផ្តើមទទួលស្គាល់ និងដោះស្រាយផលប៉ះពាល់យ៉ាងជ្រាលជ្រៅរបស់វា។ មិនថាវាប៉ះពាល់ដល់សុខភាពផ្លូវកាយ ទំនាក់ទំនង តុល្យភាពការងារ និងជីវិត ឬគុណភាពនៃជីវិតនោះទេ សុខភាពផ្លូវចិត្តត្រូវបានទាក់ទងយ៉ាងស៊ីជម្រៅជាមួយគ្រប់ទិដ្ឋភាពទាំងអស់នៃយើង។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលយើងគួរស្វែងយល់ពីសុខភាពផ្លូវចិត្ត៖
១. និយមន័យនៃសុខភាពផ្លូវចិត្ត :
សុខភាពមិនមែនសំដៅតែលើកាយសម្បទារឹងមាំ និងគ្មានជំងឺប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងសុខភាពផ្លូវចិត្តផងដែរ។
សុខភាពផ្លូវចិត្ត គឺជាស្ថានភាពនៃសុខុមាលភាពដែលបុគ្គលម្នាក់ៗដឹងពីសមត្ថភាពរបស់ខ្លួន អាចទប់ទល់នឹងសម្ពាធ ធ្វើការងារបានយ៉ាងមានប្រសិទ្ធភាព រួមចំណែកដល់សហគមន៍ ជាពិសេសគ្រួសារដែលរស់នៅជាមួយគ្នារាល់ថ្ងៃ។
ផ្លូវចិត្តគឺជាអ្នកបញ្ជា និងដឹកនាំរាល់សកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។
២. អត្ថប្រយោជន៍នៃការមានសុខភាពផ្លូវចិត្តរឹងមាំ :
បង្កើនប្រសិទ្ធភាពការងារ និងការសិក្សា៖ ជួយឱ្យមានការផ្តោតអារម្មណ៍ខ្ពស់ សម្រេចចិត្តបានត្រឹមត្រូវ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។
ពង្រឹងទំនាក់ទំនងសង្គម៖ បង្កើនភាពអត់ធ្មត់ ការយល់ចិត្ត និងអធ្យាស្រ័យខ្ពស់ដល់មនុស្សជុំវិញខ្លួន។
បង្កើនភាពធន់៖ ជួយឱ្យស្តារស្មារតីបានរហ័ស និងជម្នះរាល់វិបត្តិ ឬការប្រែប្រួលនានាក្នុងជីវិតដោយម្ចាស់ការ។
ការព្រមទទួលយក៖ ស្រឡាញ់ និងស្ងប់នឹងអ្វីដែលយើងមាន និងគិតអ្វីៗដែលវិជ្ជមានពីការគិតរបស់យើងមិនដូចការគិតរបស់អ្នកដទៃ ត្រូវទទួលយកទាំងចំណុចវិជ្ជមាន និងអវិជ្ជមានរបស់អ្នកនៅជុំវិញខ្លួនយើងទើបផ្លូវចិត្តយើងស្ងប់។
៣. ផលវិបាកនៃការខ្វះការថែទាំផ្លូវចិត្ត :
ប៉ះពាល់ដល់ការងារ៖ បាត់បង់ថាមពល និងការផ្តោតអារម្មណ៍ នាំឱ្យកើតភាពនឿយហត់ និងធ្វើឱ្យគុណភាពការងារធ្លាក់ចុះយ៉ាងខ្លាំង។
បង្កជម្លោះក្នុងទំនាក់ទំនង៖ បណ្តាលឱ្យងាយឆេវឆាវ មួរម៉ៅ មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដែលប៉ះពាល់ដល់សមាជិកគ្រួសារ ឬសហការី។
ប៉ះពាល់សុខភាពរាងកាយ និងវិវត្តជាជំងឺ៖ បង្កបញ្ហាគេងមិនលក់ ឈឺក្បាល ប្រព័ន្ធរំលាយអាហារមិនប្រក្រតី ហើយករណីធ្ងន់ធ្ងរអាចក្លាយជាជំងឺបាក់ទឹកចិត្ត ឬជំងឺភ័យព្រួយហួសហេតុ។
៤. វិធីសាស្ត្រថែទាំ និងរក្សាសុខភាពផ្លូវចិត្ត
បង្កើតតុល្យភាព៖ បែងចែកពេលវេលារវាងការងារ និងជីវិតផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់។
សម្រួលអារម្មណ៍៖ ចំណាយពេលធ្វើសមាធិ ឬដកដង្ហើមវែងៗជារៀងរាល់ថ្ងៃដើម្បីកាត់បន្ថយភាពតានតឹង។
ថែទាំសុខភាពរាងកាយ៖ គេងឱ្យបានពី៧ ទៅ៨ម៉ោង បរិភោគអាហារមានជីវជាតិ និងហាត់ប្រាណជាទៀងទាត់។
ស្វែងរកការគាំទ្រ៖ ប្រសិនបើជួបទុក្ខកង្វល់ខ្លាំង ត្រូវចែករំលែកជាមួយមនុស្សទុកចិត្ត ឬពិភាក្សាជាមួយអ្នកជំនាញចិត្តវិទ្យា៕