ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប គេតែងរៀបចំជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកក្តិក ដោយឡែកពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក តែប៉ុណ្ណោះ។
ពិធីនេះ បានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-ស្រ្តី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដើម្បីឆ្លុះបញ្ចាំងអំពីជំនឿសាសនាយ៉ាងមុតមាំ នៃប្រជាពលរដ្ឋខ្មែរយើង។ ក្នុងឱកាសនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងមួយចំនួន យកទូកមកប្រណាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។
យោងតាមគេហទំព័រទ្រឹស្តីពុទ្ធចក្រ ស្តីអំពីពិធីបុណ្យអុំទូក ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម)។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ និងកីឡា ហើយជាពិសេស គឺការធ្វើសឹកសង្គ្រាមជាមួយពួកចាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ដោយទទួលបានជ័យជម្នះយ៉ាងធំធេង តាមរយៈការធ្វើចម្បាំងដោយកងទ័ពជើងទឹក។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចម្បាំងកងទ័ពជើងទឹក ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឱ្យគយគន់ជាខ្លាំង។ ចម្លាក់នៃកងទ័ពជើងទឹកនេះ ត្រូវបានកុលបុត្រខ្មែរជំនាន់ក្រោយ ចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដីឱ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ហើយនាំគ្នាប្រារព្ធធ្វើពិធីអុំទូកនេះឡើង ដើម្បីរម្លឹកគុណបំណាច់ដ៏ថ្លៃថ្លានេះជារៀងរាល់ឆ្នាំ។
ដោយព្រោះហេតុនោះ ទើបពិធីនេះ មានតាំងពីសម័យមហាអង្គរ រហូតមកដល់បច្ចុប្បន្ន។ ហើយប្រជាពលរដ្ឋខ្មែរ តែងប្រារព្ធធ្វើពិធីបុណ្យអុំទូកនេះ ដើម្បីធ្វើការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះ ក៏មានការលយប្រទីប ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្ដល់នូវសេចក្ដីសុខនិងសេចក្តីសប្បាយ ដោយមានភោគផលក្នុងការងារកសិកម្ម និងមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ប្រជាពលរដ្ឋខ្មែរ អាចសង្កេតឃើញនៅក្នុងពេលយប់ តាមក្រសួងនីមួយៗ ដោយមានការបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងការបញ្ចេញនូវស្នាមញញឹមគ្រប់គ្នា។
ចំពោះពិធីបុណ្យអកអំបុក និងសំពះព្រះខែ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយកកំណើតជាទន្សាយ ដោយបានលះបង់អាយុសង្ខាររបស់ព្រះអង្គ ក្នុងការបំពេញទានបារមី ដល់ឥន្ទ្រព្រាហ្មណ៍។
បើតាមទ្រឹស្តីពុទ្ធចក្រ បានឱ្យដឹងថា ការគិតរបស់ព្រះពោធិសត្វនេះ បានក្ដៅដល់ឥន្ទ្រព្រាហ្មណ៍ ហើយព្រះអង្គបានមានព្រះបន្ទូលថា «ជីវិតរបស់ខ្ញុំ នឹងក្ស័យជាមិនខាន ធ្វើម្ដេចនឹងបានអាហារបរិភោគ»។ ពេលនោះ ទន្សាយពោធិសត្វបានពោលថា «ខ្ញុំមានតែសាច់ និងឈាមត្រូវការឱ្យជាទាន បើអ្នកចង់បានចូរ រកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើង ដើម្បីឱ្យបានជាអាហារបរិភោគ»។ ឥន្ទ្រព្រាហ្មណ៍គ្រាន់តែឮដូច្នេះ ក៏ទៅបង្កាត់ភ្លើងចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមតែម្តង ប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឱ្យភ្លើងឆេះរោមមួយសរសៃឡើយ។ ឃើញដូច្នេះ ព្រះឥន្ទ្រក៏ហោះទៅឋានលើ ដើម្បីយកថ្មកែវមនោសិលាគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ជាប់តាំងពីនោះរៀងរហូតមក ហើយមនុស្សគ្រប់រូប ឃើញរូបទន្សាយយ៉ាងច្បាស់ នៅរៀងរាល់ថ្ងៃ១៥កើត។
គួរឱ្យដឹងផងដែរថា រណ្តាប់សែន ក្នុងពិធីបុណ្យអកអំបុក និងសំពះព្រះខែ រួមមាន អំបុក ចេក ដូង ដំឡូង ត្រាវ អំពៅ និងផ្លែឈើផ្សេងៗ និងទៀន ធូប ភ្ញីផ្កាជាដើម៕