តូក្យូ៖ ប្រទេសជប៉ុនបានកត់ត្រាប្រវត្តិសាស្ត្រមួយថ្មីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីលោកស្រី Sanae Takaichi ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ត្រូវបានបោះឆ្នោតឱ្យគ្រងតំណែងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេស។ នេះជាការប្រែប្រួលដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនយោបាយដែលតែងតែគ្រប់គ្រងដោយបុរសក្នុងប្រទេសអាស៊ីមួយនេះ។
ក្នុងការបោះឆ្នោតនៅសភាជាន់ទាប លោកស្រី Takaichi ទទួលបានសំឡេងគាំទ្រ ២៣៧ សំឡេង យកឈ្នះលើលោក Yoshihiko Noda មេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ដែលទទួលបានត្រឹម ១៤៩ សំឡេងប៉ុណ្ណោះ។
ជ័យជម្នះរបស់លោកស្រីត្រូវបានគេមើលឃើញថា ជាលទ្ធផលមួយនៃកិច្ចព្រមព្រៀងរវាងបក្ស LDP និងគណបក្ស Japan Innovation Party (JIP) កាលពីថ្ងៃចន្ទ ដែលធានាថា LDP នឹងមានសំឡេងគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលថ្មី។
បន្ទាប់ពីការបោះឆ្នោត លោកស្រី Takaichi បានចាប់ផ្តើមរៀបចំគណៈរដ្ឋមន្ត្រីរបស់ខ្លួនភ្លាមៗ ទោះបីជាគ្មានសមាជិកសភាពីបក្ស JIP ត្រូវបានរំពឹងថានឹងចូលរួមក៏ដោយ។
ក្នុងអំឡុងពេលយុទ្ធនាការ លោកស្រីបានផ្តល់សន្យាថា នឹងលើកកម្ពស់ស្ត្រីឱ្យចូលរួមកាន់តំណែងជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកាន់តែច្រើន ដើម្បីជំរុញឲ្យមានភាពចម្រុះយេនឌ័រនៅក្នុងនយោបាយជប៉ុន និងបង្ហាញពីការផ្លាស់ប្តូរយ៉ាងមានអត្ថន័យក្នុងសង្គមសម័យថ្មី៕