រលកថ្មីនៃបច្ចេកវិទ្យា «វ៉ែនតាវៃឆ្លាត» កំពុងក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ ខណៈដែលការរីកចម្រើនរបស់វាមិនត្រឹមតែបង្កើតភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតសំណួរធំៗអំពីសិទ្ធិឯកជនភាព និងសុវត្ថិភាពសង្គមផងដែរ។
យោងតាម ព័ត៌មានពីBBC ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ទីផ្សារវ៉ែនតាវៃឆ្លាតកំពុងបន្តកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ទោះបីជាមានការព្រួយបារម្ភពីសាធារណជនក៏ដោយ ក៏ផលិតផលមួយនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសវ៉ែនតា Ray-Ban Meta Smart Glasses ដែលជាការសហការរវាង Meta Platforms និង EssilorLuxottica។
មូលហេតុដែលធ្វើឱ្យវ៉ែនតាប្រភេទនេះទាក់ទាញអ្នកប្រើប្រាស់ គឺដោយសារមុខងារដែលបញ្ចូលបច្ចេកវិទ្យាច្រើនក្នុងឧបករណ៍តូចមួយ អ្នកប្រើអាចស្តាប់តន្ត្រី ឬផតខាសដោយមិនបិទសំឡេងជុំវិញ ទទួលការហៅទូរសព្ទ និងថតរូប ឬវីដេអូបានភ្លាមៗ តាមរយៈការប៉ះលើដងវ៉ែនតា ដែលសមស្របនឹងរបៀបរស់នៅសម័យទំនើប។
 (5).png)
ប៉ុន្តែភាពងាយស្រួលនេះក៏នាំមកនូវបញ្ហាប្រឈមផងដែរ ជាពិសេសការរំលោភសិទ្ធិឯកជនភាព ដោយសារកាមេរ៉ាដែលបង្កប់មានទំហំតូច និងពិបាកសង្កេតឃើញ វាអាចត្រូវបានមនុស្សមួយចំនួនយកទៅប្រើប្រាស់ខុសគោលបំណង ដូចជា លួចថតមនុស្សនៅទីសាធារណៈដោយគ្មានការយល់ព្រម ហើយបង្ហោះលើបណ្តាញសង្គម ដែលអាចបង្កឱ្យជនរងគ្រោះរងការអាម៉ាស់ និងប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន
បញ្ហានេះកាន់តែស្មុគស្មាញ ខណៈច្បាប់នៅក្នុងប្រទេសជាច្រើននៅមិនទាន់អាចតាមទាន់ល្បឿននៃបច្ចេកវិទ្យា ព្រោះការថតរូបនៅទីសាធារណៈជាទូទៅមិនត្រូវបានចាត់ទុកថាជាបទល្មើសឡើយ ខណៈក្រុមហ៊ុនផលិតដូចជា Meta Platforms បានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ឱ្យមានសីលធម៌ គឺជាការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់ម្នាក់ៗ។
ជាមួយគ្នានេះ អ្នកជំនាញព្រមានថា បើនិន្នាការនេះបន្ត វ៉ែនតាវៃឆ្លាតអាចនឹងក្លាយជាឧបករណ៍ទូទៅមួយនៅថ្ងៃអនាគត ដែលនឹងធ្វើឱ្យការគ្រប់គ្រងសុវត្ថិភាពនៅតាមទីកន្លែងសំខាន់ៗ ដូចជា តុលាការ មន្ទីរពេទ្យ ឬកន្លែងឯកជនផ្សេងៗ កាន់តែពិបាក ជាពិសេសបើមានការបន្ថែមបច្ចេកវិទ្យាថ្មីៗ ដូចជា ការសម្គាល់ទម្រង់មុខ ដែលកំពុងបង្កើនការព្រួយបារម្ភពីសាធារណជន។
ក្នុងបរិបទនេះ វ៉ែនតាវៃឆ្លាតកំពុងឈរនៅចំណុចកណ្ដាលរវាង “ភាពងាយស្រួល” និង “ហានិភ័យសង្គម” ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ទាំងក្រុមហ៊ុនបច្ចេកវិទ្យា អាជ្ញាធរ និងអ្នកប្រើប្រាស់ ដើម្បីធានាថា ការរីកចម្រើនបច្ចេកវិទ្យានឹងមិនលើសលប់លើសិទ្ធិឯកជនភាពរបស់មនុស្សឡើយ៕
ប្រភព៖ BBC News