ក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាគ្រឹះស្ថានអប់រំ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់នៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្តល់នូវកម្មវិធីឥណទានសិក្សា សម្រាប់សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)។ កម្មវិធីនេះមានគោលបំណងជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់មាតាបិតា និងអ្នកអាណាព្យាបាល ដោយផ្តល់នូវជម្រើសកម្ចីសិក្សាដែលមានលក្ខណៈបត់បែន ងាយស្រួល និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងថវិកាគ្រួសារ។
លោក ឃុន ដាវុធ អគ្គនាយកស្តីទីនៃគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានមានប្រសាសន៍ឱ្យដឹងថា “ជម្រើសហិរញ្ញវត្ថុនេះ អាចផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុរបស់មាតាបិតា ឬអ្នកអាណាព្យាបាលពីការបង់ថ្លៃសិក្សាប្រចាំឆ្នាំ ទៅជាប្រចាំខែ ដែលងាយស្រួល និងប្រសើរជាងមុន។”
កម្មវិធីនេះមិនត្រឹមតែគាំទ្រការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកជួយសង្គម និងប្រទេសជាតិក្នុងការជួយកសាងធនធានមនុស្សដែលមានគុណភាព ដើម្បីក្លាយជាសសរទ្រូង ដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត ព្រោះ AIS និង Aii គឺជាសាលាដែលមានកម្រិតសិក្សាអប់រំប្រកបគុណភាពខ្ពស់ និងមានស្តង់ដាល្អ។
លើសពីនេះ គ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ក៏ផ្តល់ឥណទានសិក្សាដល់សិស្សដែលមានបំណងបន្តការសិក្សានៅក្រៅប្រទេស តាមរយៈកម្មវិធី SOGO របស់ក្រុមហ៊ុន MJQE ផងដែរ។
លោក ឃុន ដាវុធ បន្ថែមថា “ឥណទានសិក្សាមិនបានកំណត់ត្រឹមតែបុត្រធីតាម្នាក់ប៉ុណ្ណោះទេ តែ មាតាបិតា ឬអ្នកអាណាព្យាបាលអាចស្នើសុំសម្រាប់កូនៗទាំងអស់របស់ខ្លួនបាន។ ហើយថែមទាំងរួមបញ្ចូល ថ្លៃសម្ភារសិក្សា ថ្លៃសេវាដឹកជញ្ជូន ថ្លៃអាហារ និងសេវាផ្សេងៗទៀតផង»។ ទំហំឥណទានអាចស្នើបានរហូតដល់ ១០,០០០ ដុល្លារ ពិសេសជាងនេះ លោកអ្នកអាចស្នើឥណទានបានរហូតដល់ ១០០% នៃតម្លៃសិក្សា ដោយមិនត្រូវការទ្រព្យធានា ឬអ្នកធានានោះឡើយ។
ក្រៅពីឥណទានសិក្សា ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ក៏មានផលិតផលឥណទានបន្ថែមជាច្រើន ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាជនទូទៅ មិនថាជាអ្នកមានជំនួញ ឬបុគ្គលធ្វើការងាររដ្ឋ ឬឯកជននោះទេ។ លក្ខណៈផលិតផលរួមមាន កម្ចីកសិកម្ម អាជីវកម្ម យានយន្ត អចលនទ្រព្យ សម្ភារប្រើប្រាស់ និងកម្ចីសិក្សា ដែលមានទំហំចាប់ពី ៥០ ដុល្លារ រហូតដល់ ៥០,០០០ ដុល្លារ និងរយៈពេលកម្ចីរហូតដល់១០ឆ្នាំ៕

