ភ្នំពេញ៖ ការចាក់វ៉ាក់សាំង MMR (Measles, Mumps, Rubella) គឺមានសារៈសំខាន់ខ្លាំង ក្នុងការការពារជំងឺឆ្លងបីមុខដែលឆ្លងលឿនតាមផ្លូវដង្ហើម រួមមាន កញ្ជ្រឹល (Measles) ស្រឡទែន (Mumps) និង ស្អូច (Rubella)។

លោកស្រីវេជ្ជបណ្ឌិត ពឹង ឧស្សាហ៍ ឯកទេសសម្ភព និងរោគស្រ្តី ពីមជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” (MJQ Student Health Center) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបញ្ជាក់ថា ជំងឺទាំងនេះជាជំងឺឆ្លងងាយតាមរយៈ ការក្អក កណ្តាស់ និងអង្គុយក្បែរគ្នាធ្វើឱ្យឆ្លងទៅវិញទៅមក ជាពិសេសកូនសិស្សនៅសាលារៀនងាយឆ្លងខ្លាំង។ លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា ជំងឺ ស្រឡទែន ប្រសិនបើកើតលើក្មេងប្រុស មានប្រហែល ៧ ទៅ ១០ ភាគរយ អាចបណ្តាលឱ្យរលាកក្រពេញពងស្វាស និងមានបញ្ហាក្នុងការមានកូន។ ករណីធ្ងន់អាចបណ្តាលឱ្យមានការរលាកសួត រលាកស្រោមខួរក្បាល ឬរលាកខួរក្បាលផងដែរ។
ចំពោះជំងឺ កញ្ជ្រឹល មានសភាពឆ្លងលឿន និងបង្កឱ្យក្តៅខ្លួនខ្លាំង ក្រហមកន្ទួលលើស្បែក ធ្វើឱ្យកុមារមិនអាចទៅសាលាបាន ហើយត្រូវការពេលសម្រាកយូរ។ ខណៈដែលជំងឺ ស្អូច ក៏អាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ដល់ស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។

ដើម្បីការពារជំងឺទាំងបីនេះ លោកស្រីវេជ្ជបណ្ឌិត ណែនាំឱ្យឪពុកម្តាយនាំកូនៗទៅចាក់វ៉ាក់សាំង MMR ឱ្យបានទៀងទាត់។ កុមារចាប់ពីអាយុ ៩ខែ ឬ១ឆ្នាំឡើងអាចចាក់វ៉ាក់សាំងនេះបាន និងត្រូវចាក់ចំនួន ២ ដូស ដោយគម្លាតយ៉ាងហោចណាស់១ខែ។ វ៉ាក់សាំង MMR ត្រឹមតែការចាក់តែមួយ ប៉ុន្តែអាចការពារបានជំងឺបីប្រភេទក្នុងពេលតែមួយ។
វេជ្ជបណ្ឌិត ពឹង ឧស្សាហ៍ ការចាក់ វ៉ាក់សាំង MMR គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតកុមារ ព្រោះការពារពួកគេពីជំងឺឆ្លងធ្ងន់ធ្ងរ និងផលប៉ះពាល់វែងឆ្ងាយ៕
ហ្វេសប៊ុក: https://www.facebook.com/mjqshc