ភ្នំពេញ៖ ជំងឺអុចស្វាយ គឺជាជំងឺមួយដែលបង្កឡើងដោយមេរោគ និងធ្វើឱ្យកើតមានពងទឹកលើស្បែក និងក្តៅខ្លួនខ្លាំង។ ជាធម្មតា អាការៈនៃជំងឺនេះចាប់ផ្តើមចេញបន្ទាប់ពី៣ទៅ៥ថ្ងៃ ហើយចាំបាច់ប្រើពេល១ទៅ២សប្ដាហ៍ ដើម្បីឱ្យសះស្បើយ។ ទោះយ៉ាងណា មេរោគនៅតែអាចស្ថិតនៅក្នុងប្រសាទ និងមានឱកាសបង្កឱ្យកើតជំងឺរើម នៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ជាពិសេសនៅពេលវ័យចាស់។
លោកស្រីវេជ្ជបណ្ឌិត ពឹង ឧស្សាហ៍ ឯកទេសសម្ភព និងរោគស្ត្រី ពីមជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” (MJQ Student Health Center) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបញ្ជាក់ថា ការព្យាបាលជំងឺអុចស្វាយមិនមានថ្នាំជាក់លាក់ទេ ដូច្នេះការចាក់វ៉ាក់សាំងការពារជំងឺនេះ គឺជាជម្រើសដ៏មានប្រសិទ្ធភាព។ “វ៉ាក់សាំងអុចស្វាយអាចជួយបង្កើតប្រព័ន្ធភាពស៊ាំជាក់លាក់ ធ្វើឱ្យកុមារនាពេលក្រោយមិនប្រឈមនឹងជំងឺរើមទៀតឡើយ” លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់។
តាមការពន្យល់របស់វេជ្ជបណ្ឌិត ការចាក់វ៉ាក់សាំងអុចស្វាយ គឺសម្រាប់កុមារអាយុ១ឆ្នាំដល់១២ឆ្នាំ ជាមួយនឹងការចាក់ចំនួន២ដង។ គម្លាតរវាងដូសនីមួយៗ គួរតែមានពេលយ៉ាងតិច៣ខែ។ បន្ទាប់ពីការចាក់វ៉ាក់សាំង អ្នកអាណាព្យាបាលត្រូវតាមដានសីតុណ្ហភាពកូនប្រសិនបើកើនលើសពី៣៨អង្សាសេ។ ក្នុងករណីនោះ អាចប្រើថ្នាំប៉ារ៉ាសេតាមុល តាមកម្រិតគីឡូរបស់កូនបាន។
ជំងឺអុចស្វាយភាគច្រើនកើតនៅកុមារ ហើយបើមិនការពារទុកមុន អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរនាពេលក្រោយ។ ដូច្នេះ ការចាក់វ៉ាក់សាំងការពារ គឺជាវិធីការពារដ៏មានប្រសិទ្ធភាព និងមានសារៈសំខាន់ក្នុងការពារ សុខភាពរបស់កុមារ និងមនុស្សពេញវ័យ៕
មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ គួច បើករៀងរាល់ថ្ងៃធ្វើការ លើកលែងតែថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពេលព្រឹកចាប់ ពីម៉ោង 7:30 ព្រឹក ដល់ 11:30 និងពេលរសៀលចាប់ពីម៉ោង 01:00 ដល់ម៉ោង 05:30
ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ៖ ០១២ ៩០៦ ២៤៤
ហ្វេសប៊ុក: https://www.facebook.com/mjqshc