នៅក្នុងអំឡុងពេលបម្រែបម្រួលអាកាសធាតុ ដែលកំពុងកើតឡើងជាបន្តបន្ទាប់នោះ សុខភាពរបស់មនុស្សតែងតែប្រឈមនឹងហានិភ័យនៃជំងឺផ្សេងៗ ដូចជា ជំងឺតាមរដូវ ជំងឺប្រតិកម្មអាឡែស៊ី និងជំងឺរ៉ាំរ៉ៃ។ កត្តាដែលបណ្ដាលឱ្យមានបម្រែបម្រួលអាកាសធាតុរួមមាន ទាំងធម្មជាតិ និងសកម្មភាពរបស់មនុស្ស ដែលប៉ះពាល់ដល់សីតុណ្ហភាព ភ្លៀង និងគុណភាពខ្យល់។ ការកើនឡើងសំណើម ឬការប្រែប្រួលរបបខ្យល់អាចធ្វើឱ្យមនុស្សងាយឆ្លងជំងឺដូចជា គ្រុនផ្តាសាយ និងជំងឺតាមផ្លូវដង្ហើម។
ដើម្បីចូលរួមការពារ និងថែរក្សាសុខភាពក្នុងអំឡុងពេលនេះ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានផ្ដល់អនុសាសន៍សុខភាពសំខាន់ៗ ដូចខាងក្រោម៖
1.ពង្រឹងប្រព័ន្ធភាពស៊ាំ ដោយទទួលទានអាហារប្រកបដោយសារធាតុចិញ្ចឹមគ្រប់ប្រភេទ ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ និងអាហារសំបូរសារធាតុរ៉ែ។
2.ផឹកទឹកឱ្យគ្រប់គ្រាន់ ប្រហែល ២ទៅ៣ លីត្រក្នុងមួយថ្ងៃ ដើម្បីរក្សាសមតុល្យរាងកាយ។
3.ទទួលទានដំណេក និងសម្រាកឱ្យគ្រប់គ្រាន់ យ៉ាងតិច ៧ទៅ៨ ម៉ោងក្នុងមួយថ្ងៃ។
4.ធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីបង្កើនសុខភាពរាងកាយ និងផ្លូវចិត្ត។
5.រក្សាអនាម័យផ្ទាល់ខ្លួន ដោយលាងដៃជាមួយសាប៊ូមុនពេលចម្អិនអាហារ ឬបរិភោគ និងក្រោយចេញពីបង្គន់។
6.ពាក់ម៉ាស នៅពេលទៅកន្លែងប្រមូលផ្តុំមនុស្ស ឬពេលជួបមនុស្សដែលកំពុងឈឺ។
7.រក្សាអនាម័យបរិស្ថាន ដោយសម្អាតផ្ទះ បើកបង្អួចឱ្យខ្យល់ និងពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់។
8.សម្រាកក្នុងម៉ុងកុំឱ្យមូសខាំ ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់។
9.ចាក់ថ្នាំបង្ការ ជំងឺគ្រុនផ្តាសាយ និងជំងឺឆ្លងផ្សេងៗ តាមការណែនាំរបស់គ្រូពេទ្យ។
ក្រៅពីនេះ មជ្ឈមណ្ឌលសុខភាពសិស្ស ក៏ណែនាំឱ្យប្រជាពលរដ្ឋចាក់ថ្នាំបង្ការជំងឺផ្តាសាយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺផ្តាសាយធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ការពារកុំឱ្យមូសខាំ ដោយបំបាត់ប្រភពទឹកដក់ និងរក្សាបរិស្ថានស្អាត។ ការទទួលទានអាហារទាំង ៣ក្រុមឱ្យបានគ្រប់គ្រាន់ដើម្បីពង្រឹង ភាពស៊ាំកាន់តែរឹងមាំ ធ្វើលំហាត់ប្រាណ និងថែរក្សាអារម្មណ៍ឱ្យរីករាយ ក៏ជាវិធីសាស្ត្រសំខាន់ក្នុងការរក្សាសុខភាពផងដែរ។
ក្នុងករណីមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ហៀរសំបោរ ឬមានអាការៈមិនធម្មតា ត្រូវប្រញាប់ជួបគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់កុំឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។
ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីរោគសញ្ញា ឬមានចម្ងល់ផ្សេងៗ សូមធ្វើការទាក់ទងមកកាន់មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ដោយផ្ទាល់ ឬតាមរយៈ ទូរសព្ទលេខ ០១២ ៥០៦ ២៤៤/០៦១ ៧០០ ២៤៥៕
ហ្វេសប៊ុក: https://www.facebook.com/mjqshc