សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ការិយាល័យកណ្តាល សាខាចោមចៅ ច្បារអំពៅ និងចំការដូង បានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV) ដល់កុមារីអាយុ9ឆ្នាំ កាលពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមកិច្ចសហការពីកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល។
.jpg)
លោកស្រីវេជ្ជបណ្ឌិត ពឹង ឧស្សាហ៍ ឯកទេសសម្ភព និងរោគស្ត្រី ពីមជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” (MJQ Student Health Center) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានពន្យល់ឱ្យដឹងថា មហារីកមាត់ស្បូនគឺជាមហារីកមួយប្រភេទ ដែលកើតនៅលើកោសិកាមាត់ស្បូន (cervix) របស់ស្ត្រី។ វាស្ថិតនៅផ្នែកខាងក្រោមនៃស្បូន និងភ្ជាប់ទៅនឹងទ្វារមាស។ មូលហេតុសំខាន់បំផុតដែលបណ្តាលឱ្យកើតជំងឺនេះ គឺដោយសារការឆ្លងមេរោគ HPV (Human Papillomavirus) ជាពិសេសប្រភេទ HPV-16 និង HPV-18 ដែលជាមេរោគមានហានិភ័យខ្ពស់។
ក្នុងការពន្យល់អំពីវិធីការពារ លោកស្រីវេជ្ជបណ្ឌិត បានបង្ហាញអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងជាមុន ដើម្បីបង្ការជំងឺនេះ។ កុមារីអាយុ ៩ ដល់ ១៤ ឆ្នាំអាចទទួលបានវ៉ាក់សាំងចំនួន ២ ដូស ខណៈអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ត្រូវចាក់ ៣ ដូស។
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិតថា កុមារា ក៏អាចទទួលវ៉ាក់សាំងនេះផងដែរ ប្រសិនបើមានលទ្ធភាព។
សូមរំឭកផងដែរថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន។
ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា "ឃាតកលាក់មុខ" ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។
យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក នាពេលបច្ចុប្បន្នបានបង្ហាញថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ទៅ ៩០ភាគរយ ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន៕
.png)
មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ គួច បើករៀងរាល់ថ្ងៃធ្វើការ លើកលែងតែថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពេលព្រឹកចាប់ ពីម៉ោង 7:30 ព្រឹក ដល់ 11:30 យប់ និងពេលរសៀលចាប់ពីម៉ោង 01:00 ដល់ 05:30
ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ៖ ០១២ ៩០៦ ២៤៤
ហ្វេសប៊ុក: https://www.facebook.com/mjqshc